Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បញ្ជាក់ថា យន្តហោះចម្បាំង F-16 របស់អាមេរិក មានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរ វានឹងបង្កសង្គ្រាមរីកធំ

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក មានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ហើយលោកបានព្រមានថា ការផ្គត់ផ្គង់យន្តហោះប្រភេទនេះឱ្យទៅ ទីក្រុងកៀវ មុខជានឹងធ្វើឱ្យជម្លោះកាន់តែកើនកម្តៅខ្លាំងឡើងមិនខានទេ។

លោក ឡាវរ៉ូវ បានលើកឡើងដូចខាងលើ នេះនៅក្នុងសុន្ទរកថាមួយ នៅមូលដ្ឋានយោធាក្នុងទីក្រុងឌូស្ហាន់បេ (Dushanbe) នៃប្រទេសតាហ្ស៉ីគីស្ថាន។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី រូបនេះ បាននិយាយយ៉ាងដូច្នេះថា «យើងត្រូវចាំទុកថា ការកែច្នៃមួយ នៃយន្តហោះចម្បាំង F-16 គឺអាចធ្វើឱ្យវាមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរបាន។ បើពួកគេពុំយល់ពីរឿងនេះទេនោះ ពួកគេគ្មានតម្លៃក្នុងនាមជាអ្នកយុទ្ធសាស្រ្ត និងអ្នករៀបចំផែនការយោធាឡើយ ។

ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសុំយន្តហោះចម្បាំង F-16 នេះជាយូរមកហើយ, ដោយលោកថា វត្តមាន F-16 ជាមួយពីឡុតអ៊ុយក្រែន នឹងធ្វើឱ្យពិភពលោកមើលឃើញថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនឹងត្រូវទទួលបរាជ័យដោយចៀសមិនផុត ពីការវាយបករបស់អ៊ុយក្រែន។

កាលពីខែឧសភា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់បណ្តាមេដឹកនាំក្រុមប្រទេស G7 ថា ទីក្រុងវ៉ាស៉ីនតោនគាំទ្រចំពោះ កម្មវិធីរបស់ក្រុមប្រទេសលោកខាងលិច ស្តីពីការផ្តល់ការបណ្តុះបណ្តាលឱ្យក្រុមពីឡុតអ៊ុយក្រែន ចេះបើកយន្តហោះចម្បាំង F-16។ រីឯ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា មិនទាន់មានការសម្រេចចិត្តចុងក្រោយនៅ ឡើយទេ ជុំវិញលទ្ធភាពទីក្រុងវ៉ាស៉ីនតោនបញ្ជូនយន្តហោះចម្បាំងនេះឱ្យអ៊ុយក្រែន ដើម្បីការពារខ្លួន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×