Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានបក្សប្រឆាំង មានក្ដីសង្ឃឹមយ៉ាងមុតមាំ  នឹងក្លាយជានាយករដ្ឋមន្រ្ដីថៃ

spot_img

រាជធានីបាងកក៖ ក្រោយពេលរបាំងពាក់ព័ន្ធនឹងភាគហ៊ុន នៅក្នុងបណ្ដាញទូរទស្សន៍ iTV ក្លាយជាឧបសគ្គដ៏ធំមួយ រារាំងដល់ដំណើរការឆ្ពោះទៅកាន់តំណែង ជានាយករដ្ឋមន្រ្ដីបន្ទាប់របស់ប្រទេសថៃ ហើយឥឡូវនេះ មេគណបក្សប្រឆាំងឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា បានប្រកាសផ្ទេរភាគហ៊ុនទាំងនោះ ទៅឲ្យសាច់ញាតិគ្រប់គ្រងវិញ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ថា លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលបានឈ្នះ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ភាគហ៊ុន នៃបណ្ដាញទូរទស្សន៍ iTV របស់គាត់ ត្រូវបានផ្ទេរឈ្មោះទៅឲ្យសាច់ញាតិ ដើម្បីធានា ថា គាត់អាចនឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ស្របពេលមានការប៉ុនប៉ង រារាំងរូបគាត់ មិនឱ្យបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃ។ លោកប្រធានគណបក្សប្រឆាំង ឈ្នះឆ្នោត រូបនេះ មានទំនុកចិត្ត ថា នឹងគ្មានអ្វីមួយ មករារាំងគាត់ ពីការធ្វើជាសមាជិកសភា ឬ ក្លាយជានាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋាភិបាលចម្រុះថ្មី នាពេលខាងមុខនោះទេ។

លោក ភីថា លីមចារឿនរ៉ាត បានបញ្ជាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីព្រឹក ថ្ងៃអង្គារ ថា ការិយាល័យរបស់នាយករដ្ឋមន្ត្រី បានបញ្ឈប់នូវកិច្ចសន្យាជាមួយទូរទស្សន៍ iTV កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០០៧ ហើយទូរទស្សន៍ iTV មិនមែនជាស្ថាប័នផ្សព្វផ្សាយ តាំងពីពេលនោះរហូតមក។

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានបន្ថែម ថា «ក្រោយការបញ្ចប់នូវកិច្ចសន្យានោះមករួចមក ប្រេកង់របស់ ទូរទស្សន៍ iTV ត្រូវបានបែងចែកឡើងវិញ ទៅឱ្យសេវាកម្មផ្សព្វផ្សាយសាធារណៈរបស់ប្រទេសថៃ Thai PBS ហើយ iTV ក៏មិនមែនជាប្រេកង់ សម្រាប់តួនាទីប្រព័ន្ធផ្សព្វផ្សាយណាមួយនោះឡើយ។ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៧រហូតមក គាត់បានគ្រប់គ្រងភាគហ៊ុន iTV នៅក្នុងនាមជាសាច់ញាតិ នៅក្នុងតួនាទីរបស់គាត់ ជាអ្នកគ្រប់គ្រងអចលនទ្រព្យរបស់ឪពុកគាត់។ ប៉ុន្តែឥឡូវ មានការប៉ុនប៉ង ធ្វើឲ្យទូរទស្សន៍ iTV រស់ឡើងវិញ នៅក្នុងនាមជាស្ថាប័នសារព័ត៌មាន សម្រាប់ការវាយប្រហារ មកលើខ្ញុំតែប៉ុណ្ណោះ»។

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានសង្កត់ធ្ងន់ ថា «នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៨-២០១៩របស់ខ្លួន iTV ត្រូវបានកំណត់ ថា វាជាក្រុមហ៊ុនគ្រប់គ្រង ប៉ុន្តែនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចំនួនពីរក្រោមមកទៀត ត្រូវបានកំណត់ ថា វាជាអង្គការទូរទស្សន៍។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងបន្តរៀបចំការផ្លាស់ប្តូរ ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាល ឆ្ពោះទៅមុខប្រកប ដោយជោគជ័យ ហើយគ្មានអ្នកណាម្នាក់ និង គ្មានអំណាចណាមួយ អាចរារាំងដល់ការសម្ដែងមតិស្របច្បាប់របស់ប្រជាជន នៅក្នុងការបោះឆ្នោតសកលរបស់ថៃ កាលពីថ្ងៃទី១៤ ខែឧសភា តាមរយៈសំឡេងឆ្នោត ជាង១៤លាននាក់។

ដោយឡែក ក្រុមអ្នកកាសែត កាលពីព្រឹក ថ្ងៃអង្គារ បានរង់ចាំ នៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សភឿថៃ (Pheu Thai Party) ដើម្បីសាកសួរសំណួរជាច្រើន ដល់លោក ភីថា ខណៈគាត់ចូលរួមកិច្ចប្រជុំ ជាមួយនឹងសម្ពន្ធភាពគណបក្សចម្រុះរបស់គាតផ។ ប៉ុន្ដែលោកប្រធានគណបក្សរួបនេះ បានដើរគេច ពីក្រុមអ្នកកាសែត ហើយបានចូលតាមទ្វារក្រោយ៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×