Sunday, October 1, 2023

ក្រុមមេធាវីមីយ៉ាន់ម៉ា ប្រឈមការយាយី និងគំរាមកំហែងពីតុលាការរបស់របបសឹក

spot_img

រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកឧត្ដមសេនីយ៍ បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយសកម្មភាពរបស់ពួកយោធា បានរុញច្រានប្រទេសអាស៊ានមួយនេះ ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល វាយប្រយុទ្ធគ្នាស្ទើរពាសពេញប្រទេស ខណៈឥឡូវនេះ ក្រុមមេធាវីការពារក្ដីឲ្យអ្នកជាប់ឃុំឃាំងខាងនយោបាយ កំពុងតែប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតផងដែរ។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ដោយព្រមាន ថា ការបំភិតបំភ័យ កំពុងតែបង្ខំមនុស្សជាច្រើន បញ្ឈប់ទទួលយកសំណុំរឿង។ រីឯក្រុមមេធាវីរបស់មីយ៉ាន់ម៉ា កំពុងតែការពារដល់កូនក្ដី ជាអ្នកជាប់ឃុំឃាំងផ្នែកនយោបាយ នៅក្នុងតុលាការ គ្រប់គ្រងដោយរបបយោធា ក៏កំពុងតែរងការយាយី ហើយថែមទាំងត្រូវបានចាប់ដាក់គុក ដោយអាជ្ញាធររបបសឹកមួយនេះ។

ក្រុមអង្គការសិទ្ធិមនុស្ស បានបញ្ជាក់ ថា ពួកយោធាមីយ៉ាន់ម៉ា បានប្រើប្រាស់ប្រព័ន្ធតុលាការ សម្រាប់ផ្ដួលគូបដិបក្ខ រួមទាំងមេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) និង អតីតប្រធានាធិបតី លោក វីន មីយីន (Win Myint) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេលវែង ដោយតុលាការបានបិទទ្វារតវ៉ា។

ក្រុមអង្គការសិទ្ធិមនុស្ស បានសរសេរ នៅក្នុងរបាយការណ៍មួយ ដោយផ្អែកលើបទសម្ភាសន៍ជាមួយនឹងមេធាវី ចំនួន១៩នាក់ ថា ក្រុមមេធាវីការពារក្តី ធ្វើការ នៅក្នុងតុលាការពិសេស ត្រូវបានបង្កើតឡើង ដោយរបបយោធា សម្រាប់កាត់ទោសបទឧក្រិដ្ឋកម្មផ្នែកនយោបាយ ត្រូវ ប្រឈមមុខនឹងការយាយី ការបំភិតបំភ័យ និង ការគំរាមកំហែង ពីអាជ្ញាធររបបយោធាមីយ៉ាន់ម៉ា។

មេធាវីម្នាក់ រស់នៅនៅទីក្រុងយ៉ាំងហ្គោន (Yangon) បានប្រាប់ដល់អង្គការ Watchdog ថា «នៅក្នុងបន្ទប់សវនាការ ឥឡូវនេះខ្ញុំមានការព្រួយបារម្ភ អំពីការឃុំខ្លួនខ្លួនឯង ជាជាងនិយាយការពិត។ មេធាវីគ្រប់គ្នា នៅក្នុងតុលាការ ដឹងច្បាស់ថា ខ្ញុំជានរណា… របបយោធាអាចឃុំខ្លួនខ្ញុំ នៅពេលណាក៏បាន ហើយពួកគេ អាចនឹងបង្កើតហេតុផលណាមួយ ដែលពួកគេចង់បាន»។

ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើង អំពីករណីរបស់មេធាវី លោកស្រី អ៊ីវែត នូ អ៊ោង (Ywet Nu Aung) ត្រូវបានគេរាយការណ៍មក ថា ត្រូវបានចាប់ឃុំឃាំង ខណៈលោកស្រី បានចាកចេញពីសវនាការមួយ។  លោកស្រី កំពុងតែធ្វើជាតំណាងឱ្យអតីតប្រធានរដ្ឋ និង ជាសមាជិកគណបក្សរបស់លោកស្រី សានស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ លោកស្រី មេធាវីរូបនេះ ត្រូវបានរបបយោធា ចោទប្រកាន់ ថា បានជួយផ្តល់ជំនួយហិរញ្ញវត្ថុ ដល់កងជីវពល ប្រឆាំងនឹងរបបយោធា ហើយក្រោយមក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ។

បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងស្រុក បានឲ្យដឹង ថា មនុស្ស ជាង ២៣ ០០០នាក់ ត្រូវបានចាប់ខ្លួន ដោយរបបសឹកមីយ៉ាន់ម៉ា ហើយជនរងគ្រោះ ចំនួន ៣ ៦២២នាក់ផ្សេងទៀត ត្រូវបានសម្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក៕ រក្សាសិទ្ធដោយ ៖សារាយSN

spot_img