នាងក្រមុំចិនសុខចិត្តបោះបង់ចោលក្ដីស្រមៃ លះបង់តួនាទីការងារ និងស្នេហា ដើម្បីមកនៅមើលថែទាំឪពុកពិការ ដោយនិយាយថា ប៉ាធ្វើដើម្បីកូនច្រើនមកហើយ អីឡូវដល់ពេលដែលកូនត្រូវមើលថែទាំប៉ាម្ដងហើយ។
កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់ “សៀវឆៅ” ស្ត្រីវ័យ ៤០ឆ្នាំ មកពីមណ្ឌលហ៊ើណាន ប្រទេសចិន បានក្លាយជារឿងល្បីល្បាញនៅក្នុងបណ្ដាញសង្គម ក្រោយពីនាងបានលះបង់គ្រប់យ៉ាង មិនថាតែតួនាទីការងារ ឬស្នេហា ដើម្បីមកនៅមើលថែទាំឪពុកដែលពិការ។
តាមរបាយការណ៍បានឱ្យដឹងថា ឪពុករបស់សៀវឆៅ ជាបុរសពោះម៉ាយ ដោយសារតែម្ដាយរបស់នាងបានស្លាប់តាំងពីនាងទើបនឹងកើតម្ល៉េះ។ ឪពុកលះបង់គ្រប់យ៉ាងដើម្បីនាងជានិច្ច កាលនៅពីក្មេង សុខភាពរបស់នាងមិនសូវជារឹងមាំប៉ុន្មានឡើយ ឪពុកត្រូវរកការងារធ្វើនៅជិតៗផ្ទះ ដើម្បីបាននៅមើលថែទាំនាង។ លុះដល់ពេលនាងចូលរៀនមហាវិទ្យាល័យ លោកក៏ត្រូវផ្លាស់ប្ដូរការងារម្ដងទៀត ដើម្បីឱ្យបានមកនៅជិត ដូច្នេះហើយទើបនាងស្និទ្ធស្នាលជាមួយឪពុកខ្លាំងណាស់។

ក្រោយរៀនចប់បរិញ្ញា សៀវឆៅសម្រេចចិត្តមិនរៀនបន្តទៀត ឬរកការងារធ្វើក្នុងដំណើរអាជីពដែលនាងស្រឡាញ់ឡើយ នាងជ្រើសរើសប្រកបអាជីពជាស៊ែល អ្នកលក់ទំនិញ ដែលទទួលបានប្រាក់ចំណូលល្អជាង ដើម្បីសន្សំលុយ និងយកទៅបង្កើនគុណភាពជីវិតរបស់ឪពុក។
ក្នុងអំឡុងពេលនោះ សៀវឆៅចាប់ផ្ដើមមានស្នេហាជាមួយអតីតមិត្តរួមការងារ។ អ្នកទាំង២ ថែមទាំងរៀបផែនការរៀបការជាមួយគ្នាទៀតផង តែចំណុចផ្លាស់ប្ដូរ បានកើតឡើង នៅពេលដែលលោកឪពុកបានរអិលជើងធ្លាក់ពីអគារជាន់ទី៥ ក្នុងអំឡុងពេលធ្វើការ។ លោកនៅរស់ តែឧប្បត្តិហេតុក្នុងគ្រានោះ បានផ្លាស់ប្ដូរជីវិតរបស់គាត់រហូតទៅ។

សៀវឆៅ ត្រូវប្រើប្រាស់លុយសន្សំទាំងប៉ុន្មាន ដើម្បីចំណាយទៅលើការព្យាបាលឪពុក រួមទាំងប្រមែប្រមូល និងខ្ចីប្រាក់មួយចំនួនធំពីសាច់ញាតិ និងមិត្តភក្តិទៀតផង។ ចំណែកគូស្នេហ៍របស់នាង បានបង្ខំនាង ឱ្យបញ្ជូនឪពុកទៅស្នាក់នៅផ្ទះថែទាំមនុស្សចាស់។
ប្រាកដណាស់ សៀវឆៅបានជ្រើសរើសយកឪពុក ជាជាងយកគូស្នេហ៍។ នាងបញ្ចប់សម្ព័ន្ធភាពស្នេហ៍ និងថែមទាំងសុំឈប់ពីការងារ ដើម្បីបានមកមើលថែទាំឪពុកយ៉ាងពេញទំហឹង។
នាងនិយាយថា “ប៉ាចិញ្ចឹមមើលថែខ្ញុំមកយ៉ាងល្អបំផុត លោកខំព្យាយាមខ្លាំងណាស់ក្នុងការថែទាំខ្ញុំ ដូច្នេះពេលនេះ វាដល់វេនខ្ញុំ ដែលត្រូវមើលថែទាំលោកឱ្យបានល្អបំផុតម្ដងហើយ”៕
