Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងការរបស់ថាក់ស៊ីន ធ្វើមាតុភូមិនិវត្ដន៍មកកាន់ប្រទេសថៃ បង្កការព្រួយបារម្ភដល់ត្រកូលស៊ីណាវ៉ាត្រា

រាជធានីបាងកក៖ ក្រោយការរស់នៅនិរទេសខ្លួន នៅក្រៅប្រទេសដោយខ្លួនឯង អស់រយៈពេល១៧ឆ្នាំកន្លងមក អតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានគម្រោងចង់វិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ នៅមុនថ្ងៃខួបកំណើតរបស់គាត់ ហើយផែនការនេះ ធ្វើឲ្យគ្រួសារត្រកូនស៊ីណាវ៉ាត្ររបស់គាត់ មានការព្រួយបារម្ភយ៉ាងខ្លាំង។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ថា បើតាមប្រភពមួយ អះអាង ថា គ្រួសារត្រកូលស៊ីណាវ៉ាត្រា (Shinawatra) ចង់ឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រី ពន្យារពេលការវិលត្រឡប់របស់គាត់ មកកាន់ប្រទេសថៃ។

អតីតនាយករដ្ឋមន្រ្ដីថៃ រូបនេះ បានរត់គេចខ្លួន ពីការប្រឈមមុខនឹងការជាប់ពន្ធនាគារ ហើយបានបង្ហោះសារ នៅលើបណ្ដាញសង្គម នៅមុនការបោះឆ្នោតសកលរបស់ប្រទេសថៃ នាថ្ងៃទី១៤ ខែឧសភា ថា  គាត់ចង់វិលត្រឡប់ ទៅកាន់ប្រទេសកំណើតរបស់គាត់វិញ នៅមុនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតរបស់គាត់ គម្រប់អាយុ៧៤ឆ្នាំ ដើម្បីមើលថែចៅៗរបស់គាត់។

ការប្រកាស អំពីការវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់លោក ថាក់ស៊ីន ត្រូវបានគេលើកយកមកពិភាក្សាគ្នា កាលពីថ្ងៃពុធ នៅក្នុងពិធីជួបជុំគ្រួសារមួយ ដោយមានការចូលរួម ពីលោកស្រី ឃុនយីង ផូតចាម៉ាន ណាភូមបេច្រា (Khunying Potjaman Na Pombejra) អតីតភរិយារបស់លោក ថាក់ស៊ីន, លោកស្រី ភីនថុងថា (Pintongta) កូនស្រីរបស់គាត់ និង ប្តីរបស់លោកស្រី ហើយលោកស្រី ផេថុងថាន (Paetongtarn) កូនស្រីពៅរបស់លោក ថាក់ស៊ីន។

ការជួបជុំគ្នា នៅក្នុងសណ្ឋាគារបាងកកនោះ បានធ្វើឡើង ក្រោយពេលលោកស្រី ផេថុងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប នៃគណបក្សភឿថៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ ថា ឪពុករបស់លោកស្រី លោក ថាក់ស៊ីន ចង់វិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ នៅខែក្រោយ ហើយគាត់បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការប្រឈមមុខនឹងតុលាការ។ បើតាមប្រភពដដែលនោះ បានបន្ដ ថា លោក ថាក់ស៊ីន មិនអាចរង់ចាំការវិលត្រឡប់នេះយូរបន្ដទៀតនោះទេ ប៉ុន្តែក្រុមគ្រួសាររបស់គាត់ មិនទាន់ដឹងច្បាស់ អំពីពេលវេលា ហើយពួកគេចង់ឱ្យគាត់ ពន្យារផែនការរបស់គាត់ រហូតដល់ការបង្កើតរដ្ឋាភិបាលចម្រុះរួចរាល់ជាមុនសិន។

ប្រភពដដែល បានបន្ថែម ថា គ្រួសារស៊ីណាវ៉ាត្រា តែងតែគិត ថា វាជាពេលវេលាឆាប់ពេកណាស់ សម្រាប់លោកស្រី  ផាថុងថាន ព្យាយាមធ្វើ ជានាយករដ្ឋមន្ត្រី ហើយថែមទាំងលើកឡើង ថា វាជាការប្រសើរណាស់ សម្រាប់លោកស្រី ប្រសិនបើរង់ចាំ រយៈពេល៥ឆ្នាំបន្ដទៀត។ ស្ថិតក្នុងវ័យ៣៧ឆ្នាំនេះ  គ្រួសារត្រកូលស៊ីណាវ៉ាត្រា មានអារម្មណ៍ ថា លោកស្រី ផេថុងថាន នៅក្មេងពេកណាស់ សម្រាប់ការដោះស្រាយស្ថានការណ៍នយោបាយ ហើយមានបេក្ខជនដ៏ស័ក្តិសមមួយចំនួនទៀត មានដូចជា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) និង ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward) លោក  ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat)។

ប្រភពដដែលនោះ បានបន្ដ ថា «លោកស្រី ផេថុងថាន នៅក្មេង មិនមានបទពិសោធន៍ច្រើននោះទេ ខណៈលោកស្រី ទើបនឹងចូលប្រឡូក នៅក្នុងឆាកនយោបាយ ដោយសារតែលោកស្រី ចង់ពង្រឹងកម្លាំងគណបក្សភឿថៃ។ នេះជាការល្អប្រសើរខ្លាំងណាស់ សម្រាប់លោកស្រី នៅក្នុងការបោះជំហានម្តងមួយៗឆ្ពោះទៅមុខ»។

លោកស្រី ផេថុងថាន កាលពីព្រឹក ថ្ងៃពុធ បាននិយាយទៅកាន់បណ្ដាញផ្សព្វផ្សាយ ថា ឪពុកបង្កើតរបស់លោកស្រី បានដាក់ផែនការវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ នៅក្នុងខែកក្កដា ខាងមុខនេះ។ ប៉ុន្តែលោកឪពុក ទំនងជានឹងពិនិត្យមើលកត្តាជាច្រើន មុននឹងសម្រេចចិត្ត លើកាលបរិច្ឆេទពិតប្រាកដណាមួយ។ ឪពុករបស់លោកស្រី មិនមានការសម្របសម្រួលណាមួយ តាមរយៈលោកស្រី នោះឡើយ ប៉ុន្តែគាត់ត្រូវបានគេជឿ ថា គាត់កំពុងតែទាក់ទង ជាមួយនឹងភ្នាក់ងាររបស់រដ្ឋាភិបាលមួយចំនួន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×