Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ៃខ៍ផេនស៍ អះអាងថា អ្នកប្រើគេជាន់ឈ្លីរដ្ឋធម្មនុញ្ញ មិនគួរវិលមកឈរឈ្មោះជាប្រធានាធិបតីអាមេរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ លោក ម៉ៃខ៍ ផេនស៍ (Mike Pence) ធ្លាប់ធ្វើជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ ហើយឥឡូវនេះ គាត់បានអះអាង នៅក្នុងការចាប់ផ្ដើមយុទ្ធនាការស្វែងរកការគាំទ្រជាបេក្ខភាពប្រធានាធិបតី ឆ្នាំ២០២៤ ថា គាត់បានប្រឆាំងនឹងមេកោយ ដោយសុខចិត្ដគោរពរដ្ឋធម្មនុញ្ញ និង មិនគាំទ្រដល់សកម្មរបស់ហ្វូងមនុស្ស សម្រុកចូលទៅក្នុងវិមានកាពីតូល ដែលជាស្ថាប័នសភាទាំង២របស់សហរដ្ឋអាមេរិក។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៩ ខែមិថុនា ថា លោក ម៉ៃខ៍ ផេនស៍ (Mike Pence) ជាអតីតអភិបាលរដ្ឋ Indiana និង សមាជិកសភាបានចាប់ផ្តើមយុទ្ធនាការរបស់គាត់ សម្រាប់ការប្រជែងកាន់កាប់សេតវិមានជាផ្លូវការ កាលពីនៅថ្ងៃពុធ។ សកម្មភាពរបស់អតីតអនុប្រធានាធិបតីរូបនេះ បានប្រឆាំងនឹងមិត្តរួមការងាររបស់គាត់ ចំនួន២ដង ខណៈគាត់ធ្វើជាអនុប្រធានាធិបតី នៃសេតវិមាន ចន្លោះពីពីឆ្នាំ២០១៧-២០២១ ក្រោមរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក ម៉ៃខ៍ ផេនស៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើង ថា «លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកទឹកចិត្ត ដល់ហ្វូងបាតុករ ឲ្យសម្រុកចូលលុកលុយ ទៅក្នុងវិមានកាពីតូល (Capitol) ដែលជាទីតាំងស្ថាប័ន នៃសភាទាំង២របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ខណៈមានអះអាងមិនត្រឹមត្រូវ ថា ខ្ញុំមានអំណាច អាចរំលាយលទ្ធផលបោះឆ្នោតនោះបាន។ ប៉ុន្តែប្រជាជនអាមេរិក សមនឹងដឹង ថា នៅថ្ងៃនោះ លោកប្រធានាធិបតី ត្រាំ ក៏បានទាមទារឱ្យខ្ញុំជ្រើសរើសយក រវាងគាត់ និង រដ្ឋធម្មនុញ្ញ។ ឥឡូវ  អ្នកបោះឆ្នោត នឹងត្រូវប្រឈមមុខនឹងជម្រើសដូចគ្នានេះដែរ ពោលគឺខ្ញុំបានជ្រើសរើស យករដ្ឋធម្មនុញ្ញ ហើយជានិច្ចកាល ខ្ញុំតែងតែធ្វើដូច្នេះ»។

អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះ បានបន្ថែម ថា «សកម្មភាពរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី៦ ខេមករា ឆ្នាំ២០២១ សមតែធ្វើឲ្យគាត់ មិនមានសិទ្ធិ វិលត្រឡប់ មកកាន់អំណាចឡើងវិញ។ ខ្ញុំជឿ ថា អ្នកណាយករដ្ឋធម្មនុញ្ញ មកជាន់ មិនគួរក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក នោះឡើយ ហើយអ្នកណាម្នាក់ ស្នើសុំអ្នកផ្សេងទៀត ឲ្យជាន់ឈ្លីរដ្ឋធម្មនុញ្ញ ក៏មិនគួរវិល មកធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ម្តងទៀតនោះដែរ»។

លោក ម៉ៃខ៍ ផេនស៍ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក វ័យ៦៤ឆ្នាំ បានធ្វើឲ្យលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ភ្ញាក់ផ្អើល ចំពោះការលើកហេតុផល ថា គាត់មិនដូចលោក ដូណាល់ ត្រាំ ត្រង់មានលក្ខណៈស្រដៀងនឹងប្រជាជនអាមេរិកសាមញ្ញ ចេះប្រព្រឹត្ត ចំពោះគ្នាទៅវិញទៅមក ដោយក្តីមេត្តា និង ការគោរព បើទោះជាយើងមានទស្សនៈផ្សេងៗគ្នាយ៉ាងណាក៏ដោយ»។

សុន្ទរកថារបស់អតីតអនុប្រធានាធិបតីសហរដ្ឋ លោក ម៉ៃខ៍ ផេនស៍ ភាគច្រើន បានផ្តោត លើការខ្វែងគំនិតរបស់គាត់ ជាមួយលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ ប៉ុន្តែគាត់ក៏បាននិយាយទៅកាន់គូប្រកួតប្រជែងរបស់គាត់ផ្សេងទៀត សម្រាប់ការប្រជែងតំណាងបេក្ខភាពប្រធានាធិបតី នៅក្នុងគណបក្សសាធារណរដ្ឋ នាឆ្នាំ២០២៤ គឺលោក រ៉ូន ដេសានធីស (Ron DeSantis) អភិបាលរដ្ឋផ្លរីដា (Florida) ។

អនុប្រធានាធិបតីរូបនេះ បានបញ្ជាក់ ថា «លោក ដូណាល់ ត្រាំ និង អ្នកផ្សេងទៀត ដែលនឹងស្វែងរកបេក្ខភាពជាប្រធានាធិបតី នឹងដើរចេញពីតួនាទីតាមប្រពៃណីរបស់យើង នៅលើឆាកអន្ដរជាតិ។ ជាមួយគ្នានេះ គាត់ក៏បានវាយបកទៅកាន់លោក DeSantis ចំពោះការធ្វើអត្ថាធិប្បាយរបស់គាត់ កាលពីពេលថ្មីៗនេះ ជុំវិញសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងតាមកញ្ចក់ទូរទស្សន៍ CNN លោក ម៉ៃខ៍ ផេនស៍ បានបន្ដវាយប្រហារ ទៅលើគូប្រជែងរបស់គាត់ ដោយរិះគន់ ដល់លោក ត្រាំ ចំពោះការហៅលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ជាអ្នកមានទេពកោសល្យ។លោកអនុប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ ថា «ខ្ញុំស្គាល់ច្បាស់ អំពីភាពផ្សេងគ្នា រវាងអ្នកមានទេពកោសល្យ និង ឧក្រិដ្ឋជនសង្គ្រាម ហើយខ្ញុំដឹងច្បាស់ ពីអ្នកចង់ឈ្នះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×