បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅទីស្នាក់ការប៉ូលិសចំនួនពីរកន្លែង នៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី១១ មិថុនា, ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក បើតាមគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា មនុស្ស៦នាក់ត្រូវបានចាប់ខ្លួនផងដែរ ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅ ខេត្ត Dak Lak។

ការវាយប្រហារទៅលើទីស្នាក់ការប៉ូលិសឃុំចំនួនពីរ គឺឃុំ អេទឺ (Ea Tieu) និង អេ កាទើ (Ea Ktur) នៃស្រុក គូ កូអ៊ីន (Cu Kuin) បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ, ហើយត្រូវបានមន្ត្រីអាជ្ញាធរបញ្ជាក់ថា មនុស្សជាច្រើននាក់រួមទាំងប៉ូលិស មន្ត្រីមូលដ្ឋាន និងជនស៊ីវិល ត្រូវបានសម្លាប់ និងរងរបួស ប៉ុន្តែមិនបានផ្តល់ចំនួនពិតប្រាកដនោះទេ, ហើយមូលហេតុដោយសារអ្វីនោះ ក៏មិនទាន់ត្រូវបានបកស្រាយផងដែរ។
តំបន់ខ្ពង់រាបភាគកណ្តាល នៃប្រទេសវៀតណាម គឺជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើន ត្រូវបានចាត់ទុកថា ជាតំបន់ដ៏រសើបរបស់រដ្ឋាភិបាលវៀតណាម ហើយបានក្លាយជាកន្លែងក្តៅគគុកនៃការមិនសប្បាយចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើនរួមទាំងបញ្ហាសិទ្ធិដីធ្លីជាដើម។

ក្រុមមន្ត្រីវៀតណាមនិយាយថា អំពើហឹង្សាដោយកាំភ្លើងគឺជារឿងកម្របំផុតនៅក្នុងប្រទេសវៀតណាម ហើយការកាន់កាប់អាវុធវាជាការខុសច្បាប់សម្រាប់ពលរដ្ឋវៀតណាម, ចំណែកទីផ្សារងងឹតសម្រាប់កាំភ្លើងក៏មានកម្រិតផងដែរ។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២០ មានមនុស្ស ៤នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងសង្វៀនភ្នាល់ ឌុក (Duke) ខុសច្បាប់នៅជាយក្រុងហូជីមិញ, ហើយនៅក្នុងហេតុការណ៍បាញ់ប្រហារដ៏កម្រមួយផ្សេងទៀត កាលពីឆ្នាំ ២០១៦ មន្ត្រីជាន់ខ្ពស់ពីរនាក់នៅក្នុងខេត្ត យេន បៃ (Yen Bai) ភាគខាងជើងត្រូវបានសម្លាប់ដោយសហសេវិក នៅក្នុងការិយាល័យរបស់ពួកគេ ហើយបន្ទាប់មកខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN









