Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់កម្ពុជា លើកឡើងថា អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងពេលអនាគត

spot_img

ភ្នំពេញ៖ បន្ទាប់ពីបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាស នៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦ ៧២៧,៧០ (ប្រាំមួយពាន់ ប្រាំពីររយម្ភៃប្រាំពីរ ក្បៀសចិតសិប) គីឡូក្រាម។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក ហើយត្រូវបានបញ្ចប់ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ឧស្សា​ហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជា គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនារយៈពេលកន្លងមក ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគសមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គម តាមស្តង់ដារអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជាអាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងពេលអនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនកិច្ចការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបានថ្លែងថា សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។ ទន្ទឹមនឹងការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏បាននឹងកំពុងបង្កើតបានផងដែរ នូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

spot_img
×