Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រឆាំងឈ្នះឆ្នោត នៅក្នុងប្រទេសថៃ រួចផុតពីញត្ដិទាមទារឲ្យរំលាយចោល

រាជធានីបាងកក៖ គណបក្សឆ្ពោះទៅមុខ (Move Forward Party ) ហៅកាត់ MFP បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ប៉ុន្ដែគណបក្សប្រឆាំងមួយនេះ បានប្រឈមនឹងឧបសគ្គជាច្រើន រហូតមានការអំពាវនាវឲ្យរំលោភចោលថែមទៀតផង ក្រោយពេលបានចងសម្ពន្ធភាពជាមួយនឹងគណបក្ស៧ផ្សេងទៀត នៅក្នុងការប្រមែប្រមូលសំឡេង សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ថា បើតាមប្រភព បានឲ្យដឹង ថា ញត្ដិកាលពីពេលថ្មីៗនេះ មានចំនួន៤ ទាមទារឲ្យរំលាយចោលគណបក្សឆ្ពោះទៅមុខ ដែលឈ្នះអាសនៈច្រើន នៅក្នុងការបោះឆ្នោត កាលពីខែមុន។ ប៉ុន្ដែសំណើទាំងនេះ ត្រូវបានគណៈកម្មាធិការរៀបចំបោះឆ្នោតថៃ ច្រានចោល ហើយមិនមានហេតុផលត្រឹមត្រូវ សម្រាប់ការរំលាយគណបក្សឆ្ពោះទៅមុខ នោះឡើយ។

ការច្រានចោលញត្តិ សម្រាប់សំណើសុំរំលាយគណបក្សឆ្ពោះទៅមុខ នេះ ត្រូវបានធ្វើឡើង ខណៈគណបក្សសម្ពន្ធភាពចំនួន៨គណបក្ស ដឹកនាំដោយ MFP កំពុងតែរៀបចំបង្កើតរដ្ឋាភិបាលថ្មី។

លោក សាវ៉ាង ប៊ុនម៉ី (Sawaeng Boonmee) អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ក្នុងតួនាទីជាមន្ត្រីចុះឈ្មោះគណបក្សនយោបាយ មិនយល់ស្រប ត្រង់ថា កាលពីថ្ងៃទី៥ ខែមីនា លោក ផាឌីផា ស៊ុនទីផាដា (Padipat Suntiphada) ជាបេក្ខជនរបស់គណបក្ស MFP នៃមណ្ឌលបោះឆ្នោតទី១របស់ខេត្តភីតសានូលោក (Phitsanulok) បានបំពារបំពាន លើបទប្បញ្ញត្តិទី១៧ នៃគណៈកម្មាធិការរៀបចំបោះឆ្នោតថៃ ដោយបានលើកឡើង ពីស្ថាប័នព្រះមហាក្សត្រ។

ប្រភពដដែលនោះ បានបន្ដ ថា ញត្ដិទាំងនោះ ក៏បានដោះស្រាយជាមួយនឹងគោលបំណងរបស់គណបក្សឆ្ពោះទៅមុខ សម្រាប់ធ្វើវិសោធនកម្ម ឬ លុបចោលនូវមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់យ៉ាងច្បាស់ អំពីបទប្រមាថព្រះមហាក្សត្រ។ ចំណែកការចោទប្រកាន់ពីឧបាយកល ដោយលោក ថាណាថន ជួងហ្គ្រូនហ្គ្រួងខីត (Thanathorn Juangroongruangkit) និង លោក ផាននីកា វ៉ានិច (Pannikar Wanich) ជាមេដឹកនាំ និង ជាអ្នកនាំពាក្យ នៃវឌ្ឍនភាពឆ្ពោះទៅមុខ ដែលផ្តល់ប្រឹក្សាដល់គណបក្ស ប៉ុន្តែត្រូវបានគេចាត់ទុក ថា ជាអ្នកនៅខាងក្រៅ ក៏ត្រូវបានគេលើកឡើង ថា ជាការរំលោភបំពាន មកលើច្បាប់ ស្ដីពីគណបក្សនយោបាយផងដែរ។

ថ្វីបើការសម្រេចចិត្តចុងក្រោយរបស់គណៈកម្មាធិការរៀបចំបោះឆ្នោត ហាក់បីដូចជាដំណឹងដ៏ល្អបំផុតមួយ សម្រាប់គណបក្សឆ្ពោះទៅមុខ យ៉ាងណាក៏ដោយ ប៉ុន្ដែក្រុមអ្នកវិភាគ និង អ្នកជំនាញផ្នែកច្បាប់ នៅតែអះអាង ថា ករណីបែបនេះ មិនមែនជាទីបញ្ចប់ សម្រាប់បញ្ហារបស់គណបក្សឆ្ពោះទៅមុខ នោះទេ។

លោក ចាដេ ដូវ៉ាណាវ៉ានីក (Jade Donavanik) ជាអ្នកប្រាជ្ញផ្នែកច្បាប់ និង ជាអតីតទីប្រឹក្សា នៃគណៈកម្មាធិការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ បានបញ្ជាក់ ថា ការស៊ើបអង្កេតដែលបានគ្រោងទុករបស់គណៈកម្មាធិការបោះឆ្នោត ប្រឆាំងនឹងមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ដែលបានរំលោភបំពាន មកលើមាត្រាទី១៥១ នៃច្បាប់ ស្តីពីការបោះឆ្នោតសមាជិកសភា ជាឧទាហរណ៍ ទំនងជានឹងនាំមក ទាំងគុណសម្បត្តិ និង គុណវិបត្តិ ផងដែរ។ ដោយសារតែមាត្រា១៥១ នឹងត្រូវបញ្ជូនទៅតុលាការ ព្រោះវាជាសំណុំរឿងព្រហ្មទណ្ឌ ហើយគណៈកម្មាធិការរៀបចំបោះឆ្នោត នឹងមានបន្ទុក នៅក្នុងការបង្ហាញ ថា លោក ភីថា បានបំពារបំពានលើច្បាប់ ខណៈគាត់នឹងត្រូវការពារ អំពីភាពគ្មានទោសកំហុសរបស់គាត់។

ជាមួយនឹងការសាកសួរ ដើម្បីវាយតម្លៃលើភស្តុតាង បានបង្ហាញដោយលោក ភីថា ជាប់ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនរបស់គាត់ នៅទូរទស្សន៍ iTV Plc ក៏ដូចជា មានសេចក្ដីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយនោះ លោក ចាដេ បានបន្ថែម ថា ឱកាសដែលលោក ភីថា ឈ្នះរឿងក្តីនេះ នៅតែមានភាគរយហាសិបហាសិប។

លោក ភីថា បានបញ្ជាក់ នៅលើហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ ថា «ខ្ញុំបានព្យាយាម អស់ពីសមត្ថភាពហើយ… ចុះអ្នកវិញ? » ការបង្ហោះថ្មីនេះត្រូវបានអម ដោយសារចាស់របស់គាត់ដែលបានបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយគាត់បានពណ៌នា ពីប្រទេសថៃ ថា កំពុងតែស្ថិតក្នុងសង្រ្គាមតាមផ្លូវច្បាប់។

លោក សេរី ស៊ូវ៉ាន់ផាណុន (Seree Suwanpanont) សមាជិកព្រឹទ្ធសភា ក្នុងតួនាទីជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នយោបាយ និង ការចូលរួមសាធារណៈរបស់ព្រឹទ្ធសភា បានបញ្ជាក់ ថា គណៈកម្មាធិការរៀបចំបោះឆ្នោត បានទទួលបរាជ័យ នៅក្នុងការបញ្ជាក់ឲ្យបានច្បាស់ ថា នឹងមានអ្វីកើតឡើងបន្ទាប់ ប្រសិនបើរកឃើញ ថា លោក ភីថា មានពិរុទ្ធភាព។

ច្បាប់បោះឆ្នោត ក្រោមការតាក់តែងឡើង ដោយពួកយោធា រារាំងដល់បុគ្គលណាមួយ មានភាគហ៊ុន នៅក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយ ក្លាយជាសមាជិកសភា និង នាយករដ្ឋមន្រ្ដី។ ប៉ុន្ដែករណីនេះ លោក ភីថា បានបញ្ជាក់ កាលពីពេលថ្មីៗនេះ ថា ភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុន iTV ត្រូវបានប្រគល់ទៅសាច់ញាតិគ្រប់គ្រង ហើយបញ្ហានេះ មិនមែនជាឧបសគ្គ អាចរារាំងដល់គាត់ ក្លាយជាសមាជិកសភា និង ជាឧបសគ្គ នៅក្នុងការបង្កើតរដ្ឋាភិបាលនោះទេ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×