រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងក្រុងកៀវ បានអូសបន្លាយ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ បានបំផ្លិចបំផ្លាញ អស់រាប់រយពាន់លានដុល្លារ និង បានសម្លាប់ជនស៊ីវិល ហើយទាហានទាំងសងខាង អស់រាប់សែននាក់ ប៉ុន្ដែឥឡូវនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានចាប់ផ្ដើមវាយបក រំដោះទឹកដីបានមួយចំនួនត្រឡប់មកវិញ នៅក្នុងចំណោមដែនដី ចំនួន១ភាគ៥ នៃទឹកដីរបស់ខ្លួន បានធ្លាក់ទៅក្រោមការកាន់កាប់របស់រុស្ស៊ី ខណៈលោកប្រធានាធិបតី ពូទីន សារភាពជាពេលវេលាដ៏លំបាកខ្លាំង ផ្ទុយពីពេលមុន គាត់បានវាយតម្លៃ ថា នឹងដណ្ដើមកាន់កាប់អ៊ុយក្រែន ត្រឹមតែរយៈពេលយ៉ាងយូរ៤៨ម៉ោង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ថា មន្រ្ដីក្រុងកៀវ បានបញ្ជាក់ ថា កងទ័ពអ៊ុយក្រែន កំពុងតែបន្ដវាយរុលទៅមុខ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ដែលកាន់កាប់ទឹកដីរបស់ខ្លួន នៅតំបន់ភាគខាងត្បូង និង ភាគខាងកើត។ នេះជាការវាយបកដ៏ស្រួចស្រាល់លើកដំបូងរបស់អ៊ុយក្រែន បានចេញជារូបរាងហើយ។
រដ្ឋាភិបាលក្រុងកៀវ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានរំដោះភូមិចំនួន៧ គិតចាប់តាំងពីចុងសប្ដាហ៍មុនរហូតមក ខណៈបានវាយរុលទៅមុខតិចតួច នៅជិតទីក្រុងបាកមូត (Bakhmut) នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ភូមិចំនួន៧ ត្រូវបានរំដោះ រួមមាន ភូមិឡូបកូវ៉ូ (Lobkovo), ភូមិឡេវ៉ាដណេ (Levadne) និង ភូមិណូវ៉ូដារីវកា ស្ថិតនៅភាគខាងត្បូងតំបន់ហ្សាប៉ូរីសហ្សា ហើយភូមិស្ដូរ៉ូហ្សេវេ (Storozheve) ស្ថិតនៅភាគខាងកើតតំបន់ដូណែតស្ក៍ ដែលនៅជិតភូមិចំនួន៣ផ្សេងទៀត ត្រូវបានរំដោះ កាលពីថ្ងៃអាទិត្យ។ កងទ័ពអ៊ុយក្រែន បានបង្ហូតទង់ជាតិរបស់ខ្លួន នៅភូមិស្ដូរ៉ូហ្សេវេ នៅតាមដងទន្លេម៉ូគ្រីយ៉ាលី (Mokri Yaly)។
មន្រ្ដីយោធាអ៊ុយក្រែន មួយរូប បានបញ្ជាក់ នៅក្នុងឃ្លីបវីដេអូ ថា «ដំបូងឡើយ រុស្ស៊ី បានទប់ទល់ ដោយព្យាយាមវាយប្រហារ មកលើយើង ដោយការប្រើប្រាស់កាំភ្លើងធំ។ ពួកយើងអាចទទួលបានគំនិតផ្តួចផ្តើមឡើងវិញ ហើយវាយប្រហាររុលទៅមុខយឺតៗ ចេញពីផ្ទះមួយទៅផ្ទះមួយ រហូតចាប់ផ្តើមរំដោះភូមិនេះបានត្រឡប់វិញ»។

លោកស្រី ម៉ាលីយ៉ា អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ផ្ទៃដីសរុប៩០ គីឡូម៉ែត្រការ៉េ នៅតាមបណ្តោយសមរភូមិជួរមុខ ត្រូវបានកងទ័ពអ៊ុយក្រែន រំដោះត្រឡប់យកមកវិញ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។ ប៉ុន្តែការទទួលបានជោគជ័យនេះ គ្រាន់តែរំដោះទឹកដីមួយចំនួនដ៏តិចតួចប៉ុណ្ណោះ ហើយការងារនេះ បានគូសបញ្ជាក់ អំពីការលំបាក នៅក្នុងការប្រយុទ្ធ នាពេលខាងមុខ សម្រាប់កងទ័ពអ៊ុយក្រែន ដែលនឹងត្រូវប្រយុទ្ធ ពីមួយម៉ែត្រទៅមួយម៉ែត្រ សម្រាប់ការរំដោះដែនដីប្រហែល១ភាគ៥ នៃទឹកដីរបស់ពួកគេ ស្ថិតក្រោមការកាន់កាប់របស់ទាហានរុស្ស៊ី»។
ស្របគ្នានេះដែរ ក្រុងមូស្គូ កាលពីថ្ងៃចន្ទ បានអះអាង ថា កម្លាំងទាហានរុស្ស៊ី បានវាយប្រហារទៅលើកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ជាច្រើន ដោយការប្រើប្រាស់កាំភ្លើងផ្លោង។

ដោយឡែក លោក អាឡិចសាន់ដឺរ ខូតស៍ (Alexander Kots) អ្នកឆ្លើយឆ្លងព័ត៌មានយោធារបស់សារព័ត៌មានប្រចាំថ្ងៃរបស់រុស្ស៊ី Komsomolskaya Pravda (កូមសូម៉ូលស្កាយ៉ា ប៉្រាវដា) បានអះអាង ថា កងទ័ពអ៊ុយក្រែន កំពុងតែប៉ុនប៉ងវាយរុលទៅមុខ ថ្វីបើមានការបាត់បង់ច្រើន សម្រាប់ការដណ្ដើម កាន់កាប់ទីក្រុងស្ដារ៉ូមលីណូវកា (Staromlinovka) ព្រោះវាជាផ្លូវជាតិយុទ្ធសាស្រ្ដ ឆ្ពោះទៅរំដោះទីក្រុងកំពង់ផែម៉ារីយ៉ូប៉ូល (Mariupol) ស្ថិតនៅតាមសមុទ្រអាហ្ស៊ូវ (Azov)។ កងទ័ពរុស្ស៊ី បានកាន់កាប់ទីក្រុងកំពង់ផែមួយនេះ អស់រយៈពេល១ឆ្នាំកន្លងមកហើយ ក្រោយពេលកងទ័ពអ៊ុយក្រែន បានតស៊ូយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនខែ នៅក្នុងការការពារដ៏ខ្លាំងក្លា រហូតដល់ដំណាក់កាលចុងក្រោយ។
ភារកិច្ចនៃការបញ្ចប់នូវការកាន់កាប់របស់ក្រុងមូស្គូ នៅតំបន់ភាគខាងត្បូង និង ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន គឺគួរឱ្យខ្លាច ដោយផ្តល់ឱ្យរុស្ស៊ីនូវឧត្តមភាព ខាងកម្លាំងយោធា គ្រាប់រំសេវ និង អំណាចដែនអាកាស ព្រមទាំងរយៈពេលជាច្រើនខែ ខណៈក្រុងមូស្គូ បានសាងសង់បន្ទាយការពារយ៉ាងរឹងមាំ៕ រក្សាសិទ្ធដោយ ៖ សារាយSN














