Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ចង់បានរថក្រោះលីអូផាដភ្លាម អាល្លឺម៉ង់រៀបចំផ្ដល់ឲ្យរាប់សិបគ្រឿងភ្លែត

រដ្ឋធានីប៊ែរឡាំង៖ ជាមួយនឹងការអំពាវនាវស្នើសុំរថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច ពីរដ្ឋាភិបាលក្រុងកៀវ សម្រាប់បង្កើនសមត្ថភាព ដល់កងទ័ពថ្មើរជើងរបស់អ៊ុយក្រែន នៅក្នុងការវាយបក ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ចំពេលក្រុងមូស្គូ បានអួតអាង អំពីការកម្ទេចរថក្រោះផលិតដោយលោកខាងលិច ជាច្រើនគ្រឿងនោះមក អាល្លឺម៉ង់ ក៏កំពុងតែរៀបចំរថក្រោះឡេអូផាដ (Leopard) ជាង១០០គ្រឿង សម្រាប់បញ្ជូនទៅកាន់ប្រទេសអឺរ៉ុប ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី១៣ ខែមិថុនា ដោយបានដកស្រង់ប្រភពពីសារព័ត៌មានរបស់អាល្លឺម៉ង់ Daily Die Welt (ដេលី ឌី វ៉ែលត៍) បានរាយការណ៍ ថា លោក បូរីស ភីស្ដូរៀស (Boris Pistorius) រដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ ថា ក្រុងប៊ែរឡាំង កំពុងតែរៀបចំរថក្រោះ ប្រភេទ Leopard 1A5 ផលិតដោយអាល្លឺម៉ង់ ជាង១០០គ្រឿង សម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅចុងឆ្នាំ២០២៣នេះ។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិអាល្លឺម៉ង់ បានបន្ថែម ថា «យើងនឹងមិនអាចជំនួសរថក្រោះខូចខាតទាំងអស់បាន នៅក្នុងពេលនេះឡើយ។ ប៉ុន្ដែយើងនឹងបន្តផ្គត់ផ្គង់រថក្រោះ Leopard 1A5 ដែលត្រូវបានជួសជុលកែលម្អឡើងវិញ ហើយនឹងមានរថក្រោះ ជាង១០០ គ្រឿង នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅចុងឆ្នាំនេះ»។

លោក អេនឌ្រីយ ម៉ែលនីក (Andriy Melnyk) អនុរដ្ឋមន្រ្ដី ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ ថា «កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ពិតជាមានតម្រូវការរថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិចជាច្រើនគ្រឿង រថចម្បាំងថ្មើរជើង និង រថពាសដែកដ៏ខ្លាំងក្លាផ្សេងៗទៀត សម្រាប់ពង្រឹងសមត្ថភាពប្រយុទ្ធ ដល់កងទ័ពថ្មើរជើង ដើម្បីវាយបក បណ្ដេញទាហានរុស្ស៊ី រំដោះទឹកដីរបស់ខ្លួន ត្រឡប់មកវិញ។ រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ គឺមួយគ្រឿងៗ មានតម្លៃប្រៀបបីដូចជាមាស សម្រាប់ការវាយលុកដ៏ខ្លាំងក្លា នៅលើសមរភូមិ»។

លោក អេនឌ្រីយ ម៉ែលនីក (Andriy Melnyk) អតីតឯកអគ្គរដ្ឋទូតរបស់អ៊ុយក្រែន ប្រចាំនៅទីក្រុងប៊ែរឡាំង រូបនេះ បានសង្កត់ធ្ងន់ ថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ អាចនឹងផ្តល់រថក្រោះចំនួន១៨គ្រឿង ដោយបានចែកចាយរួចហើយ ចេញពីឃ្លាំងស្តុករបស់ខ្លួន ជាង៣០០គ្រឿង។ អាល្លឺម៉ង់ បានសន្យាផ្ដល់រថក្រោះ Leopard 2 ចំនួន១៨គ្រឿង មកដល់ប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងពេលមានការជម្លោះជាមួយនឹងរុស្ស៊ី។

អ្នកការទូតអ៊ុយក្រែន រូបនេះ ក៏បានស្នើសុំផ្ដល់រថចម្បាំង មកដល់ឱ្យអ៊ុយក្រែន រួមមាន រថក្រោះប្រយុទ្ធថ្មើរជើង ប្រភេទ Marder (ម៉ាដឺរ) ចំនួន៦០គ្រឿង។ បន្ថែមពីលើនេះ គាត់បានស្នើសុំដល់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ផ្ទេររថពាសដែក Puma (ភូម៉ា), រថពាសដែក Boxer (បក់ស៊ើរ), រថពាសដែក Fuchs (ហ៊្វូច) ឬ រថពាសដែកស៊ើបការណ៍ ប្រភេទ Fennek (ហ្វែនណេក) មកឲ្យអ៊ុយក្រែន។

ការស្នើសុំជំនួយគ្រឿងចម្បាំងធុនធ្ងន់របស់ក្រុងកៀវ បានកើតឡើង ត្រឹមតែរយៈពេល១ថ្ងៃ ក្រោយពេលក្រុងមូស្គូ បានអួតអាង ពីទាហានរុស្ស៊ី បានវាយប្រហារកម្ទេចរថក្រោះ Leopard 2 រាប់សិបគ្រឿងរបស់កងទ័ពអ៊ុយក្រែន ខណៈកងកម្លាំងសត្រូវ បានវាយប្រហារ ឆ្លងកាត់សមរភូមិជាច្រើនកន្លែង៕រក្សាសិទ្ធដោយ ៖ សារាយSN

×