រដ្ឋធានីខាទុម(Khartoum)៖ ក្រោយការពិភាក្សាជាមួយនឹងប្រទេសអារ៉ាប់ អាហ្វ្រិក និង បណ្ដាប្រទេសជាដៃគូផ្សេងៗទៀតនោះមក សហរដ្ឋអាមេរិក មានសង្ឃឹម ថា នឹងប្រកាស អំពីមាគ៌ាថ្មី ឆ្ពោះទៅមុខ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត សម្រាប់ជំរុញឲ្យភាគីជម្លោះដែលកំពុងតែវាយប្រយុទ្ធគ្នាដណ្ដើមអំណាច នៅក្នុងប្រទេសស៊ូដង់ បញ្ឈប់នូវសកម្មភាពអរិភាពទាំងនេះ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ថា ក្រុមមន្រ្ដីជាន់ខ្ពស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានរិះគន់ ដល់កងទ័ពស៊ូដង់ ហៅកាត់ SAF និង ក្រុមទាហានប៉ារ៉ា ឬ កម្លាំងគាំទ្ររហ័ស ហៅកាត់ RSF ដែលកំពុងតែវាយគ្នាដណ្ដើមអំណាច នៅក្នុងប្រទេសស៊ូដង់។ ភាគីជម្លោះទាំង២ នៅក្នុងការដណ្ដើមគ្រប់គ្រងរដ្ឋាភិបាលយោធាស៊ូដង់ មិនទាញយកប្រយោជន៍ ពីកិច្ចចរចា ដែលគាំទ្រដោយសហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូឌីត នៅទីក្រុងជេដដា (Jeddah) នោះឡើយ។
មន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ភាគីជម្លោះទាំង២នេះ ច្បាស់ជាមិនព្រមទាញយកប្រយោជន៍ ចេញពីទម្រង់ដែលយើងបានផ្តល់ឲ្យពួកគេទេ។ នេះមិនមែនជាជោគជ័យ តាមវិធីដែលពួកគេបានព្រមព្រៀងគ្នា ពីដំបូង នៅក្នុងលក្ខខណ្ឌ នៃដំណើរការជាជំហានៗ សម្រាប់ការឈានដល់ការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ នៅក្នុងប្រទេសស៊ូដង់»។

មន្រ្ដីដដែល បានបន្ដ ថា «យើងគិត ថា យើងបានផ្តល់ឱ្យពួកគេនូវកន្លែងនេះ ដើម្បីព្យាយាមមកជួបជុំគ្នា ហើយព្យាយាមស្វែងរកវិធីដោះស្រាយឆ្ពោះទៅមុខ ដោយមិនពាក់ព័ន្ធនឹងការសម្រេចបាននូវលទ្ធផល ដែលផ្អែកទៅលើអំពើហិង្សា ឬ ការត្រួតត្រារបស់យោធា»។
កងទ័ពស៊ូដង់ (SAF) ក្រោមការដឹកនាំរបស់នាយអគ្គសេនាធិការ លោកឧត្ដមសេនីយ៍ អាប់ឌូល ហ្វាតតាស អាល់-ប៊ឺរហាន (Abdul Fattah al-Burhan) ប្រធានក្រុមប្រឹក្សាយោធាបណ្ដោះអាសន្នស៊ូដង់ ហៅកាត់ TMC និង កម្លាំងគាំទ្ររហ័ស ហៅកាត់ RSF ដឹកនាំដោយលោកឧត្ដមសេនីយ៍ ម៉ូហាមេដ ហាមដាន ដាហ្កាឡូ (Mohamed Hamdan Dagalo) ដែលគេស្គាល់ ថា លោក ហេមេតទី (Hemetti) អនុប្រធាន TMC បានប៉ះទង្គិចគ្នា អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកហើយ ដោយសារតែភាគីទាំង២ ប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងរដ្ឋាភិបាល។

ថ្លែងទៅកាន់កិច្ចចរចា នៅក្នុងទីក្រុងជេដដា ប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមមន្រ្ដីជាន់ខ្ពស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញឲ្យភាគីជម្លោះទាំង២ គឺកងទ័ពស៊ូដង់ និង កម្លាំងគាំទ្ររហ័ស បញ្ឈប់នូវការវាយប្រយុទ្ធគ្នា សូម្បីតែមានរយៈពេលខ្លីក៏ដោយ។ ក្រោយការពិគ្រោះយោបល់ជាមួយដៃគូអារ៉ាប់ អាហ្រ្វិក និង បណ្ដាប្រទេសជាដៃគូផ្សេងៗទៀត ពួកគេរំពឹង ថា នឹងប្រកាស អំពីមាគ៌ាថ្មីមួយ ឆ្ពោះទៅមុខ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

ភ្លាមៗបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើង សហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូឌីត បានស្នើសុំធ្វើជាម្ចាស់ផ្ទះ សម្រាប់ភាគីជម្លោះ នៅទីក្រុងជេដដា ដើម្បីបើកកិច្ចពិភាក្សា ស្តីអំពីការបញ្ឈប់នូវអរិភាព ដោយមានគោលបំណងអនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ ដោយសេរី ដែលជាតម្រូវការចាំបាច់ សម្រាប់ជនស៊ីវិល។ ប៉ុន្តែបទឈប់បាញ់ដ៏ផុយស្រួយមួយចំនួន មានលើសពីនេះទៅទៀត ហើយភាគីជម្លោះទាំងពីរ នៅតែបន្តបំពារបំពាន លើលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះ។ ករណីនេះបាននាំឱ្យមានការផ្អាកនូវកិច្ចចរចា នៅទីក្រុងជេដដា បើទោះជារដ្ឋាភិបាលក្រុងរីយ៉ាដ និង ក្រុងវ៉ាស៊ីនតោន បង្ហាញពីសុច្ឆន្ទៈ និង ការត្រៀមខ្លួនរបស់ពួកគេ សម្រាប់បន្តកិច្ចចរចា ខណៈកម្លាំង SAF និង RSF បានបំពេញលក្ខខណ្ឌមួយចំនួន។

មន្ត្រីក្រសួងការបរទេស នៃសហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូឌីត បានសង្កត់ធ្ងន់ ថា សំណួរដ៏សំខាន់ អំពីការចរចាស្វែងរកផ្លូវ ចេញពីជម្លោះ នាបច្ចុប្បន្ននេះ គឺអាស្រ័យលើភាគីជម្លោះទាំងពីរ។ នេះជាការពិតណាស់ ភាគីបានចូលរួមពាក់នៅក្នុងរឿងនេះ មិនមែនមានតែដំណោះស្រាយយោធា អាចទទួលយកបាន សម្រាប់ការដោះស្រាយជម្លោះនេះឡើយ។ ពួកគេនឹងត្រូវតែស្វះស្វែងរកវិធីសាស្រ្ដចរចា ដើម្បីចាកចេញពីជម្លោះនេះ»៕ រក្សាសិទ្ធដោយ ៖ សារាយSN





















