បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣ ដោយដកស្រង់សេចក្តីជូនដំណឹងទៅកាន់អតិថិជនរបស់ក្រុមហ៊ុន ហ្គោលមេន សាចស៍ (Goldman Sachs) បានឱ្យដឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសចិនត្រូវបានរំពឹងថា នឹងប្រឈម «ភាពទន់ខ្សោយដ៏រ៉ាំរ៉ៃ» រយៈពេលច្រើនឆ្នាំ ដែលនឹងបន្តដាក់បន្ទុកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន ហ្គោលមេន សាចស៍ (Goldman Sachs) បានឱ្យដឹងថា អ្នកបង្កើតគោលនយោបាយអចលនទ្រព្យដែលបានប្តេជ្ញាថានឹងមិនប្រើប្រាស់វិស័យនេះធ្វើជាកត្តាជំរុញរយៈពេលខ្លីដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើងនោះ ប៉ុន្តែពេលនេះ ភាពទន់ខ្សោយនានាត្រូវបានប្រកាសជាពិសេសនៅក្នុងទីក្រុងថ្នាក់ទាប និងការផ្តល់ហិរញ្ញប្បទានក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ត្រូវបានបន្តធ្លាក់ចុះ។
ទោះជាយ៉ាងណា បើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន ហ្គោលមេន សាចស៍ (Goldman Sachs) បានឱ្យដឹងទៀតថា យើងសន្មត់ថា នឹងមានការស្ទុះងើបឡើងវិញ រាងអក្សរ L (ស្ទុះងើបឡើងវិញយឺត) លើវិស័យអចលនទ្រព្យនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

គួរបញ្ជាក់ថា វិស័យអចលនៈទ្រព្យរបស់ប្រទេសចិនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ត្រូវបានរុញច្រានចូលទៅក្នុងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ ដែលដំបូងឡើយត្រូវបានបង្កឡើងដោយវិធានការរបស់រដ្ឋាភិបាលដើម្បីទប់ទល់នឹងបំណុលដែលកំពុងតែកើនឡើង ដែលបង្កឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានខកខានក្នុងការសងបំណុលដោយសារក្រុមហ៊ុនទាំងនោះពិបាកក្នុងការលក់អាផាតមិន និងប្រមូលមូលនិធិមកចំណាយទុន និងសងបំណុល។

ដើម្បីស្រោចស្រង់លើវិស័យអចលនទ្រព្យនេះ រដ្ឋាភិបាលថ្នាក់មូលដ្ឋានបានដាក់ចេញនូវវិធានការរាប់រយ ដើម្បីគាំទ្រវិស័យអចលនទ្រព្យ និងលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏អាក្រក់នៅក្នុងខែធ្នូ ដែលវាបានជួយខ្លះៗដែរ ក៏ប៉ុន្តែអារម្មណ៍វិនិយោគិនដែលមានភាពវិជ្ជមានចំពោះវិស័យនេះ មានរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះហើយពួកគេមិនអាចប្រមូលមូលនិធិដើម្បីបន្តបណ្ដាក់ទុន និងសងបំណុលឱ្យបានទាន់ពេលវេលានោះទេ ដែលស្ថានភាពនេះបានធ្វើឱ្យវិស័យអចលនទ្រព្យនៅប្រទេសចិនបន្តធ្លាក់ចុះជាបន្តបន្ទាប់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




















