រដ្ឋធានីកៀវ៖ កម្លាំងក្រុមហ៊ុនទាហានឯកជនរុស្ស៊ី Wagner Group បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងនាមជាកម្លាំងយោធារបស់រដ្ឋាភិបាល ចូលរួមប្រយុទ្ធ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន ហើយយុទ្ធជនមួយចំនួនធំរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ ភាគច្រើន ត្រូវបានជ្រើសរើស ចេញពីអ្នកទោស ប៉ុន្ដែឥឡូវនេះ សភាឌូម៉ារបស់រុស្ស៊ី បានគាំទ្រដល់សំណើថ្មីមួយ សម្រាប់ការនាំឧក្រិដ្ឋជន ទៅចូលរួមប្រយុទ្ធ នៅក្នុងសង្គ្រាម ប្រឆាំងនឹងក្រុងកៀវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃពុធ ទី១៤ ខែមិថុនា ថា សភាជាន់ទាបឌូម៉ា (Duma) របស់រុស្ស៊ី បានបោះឆ្នោត អនុម័តផ្តល់នូវការគាំទ្រ ជាលើកដំបូងរបស់ខ្លួន ដើម្បីអនុញ្ញាត ដល់ក្រសួងការពារជាតិរុស្ស៊ី ឲ្យចុះហត្ថលេខា លើកិច្ចសន្យា ជាមួយនឹងឧក្រិដ្ឋជន ដែលជាប់សង្ស័យ ឬ ត្រូវបានកាត់ទោស សម្រាប់នាំទៅធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។
បើតាមផ្អែកលើមូលដ្ឋានទិន្នន័យរបស់រដ្ឋឌូម៉ា បានឲ្យដឹង ថា ក្រោមសំណើច្បាប់ ត្រូវបានស្នើឡើងនេះ គឺកិច្ចសន្យាណាមួយ អាចត្រូវបានចុះហត្ថលេខា ជាមួយនឹងអ្នកណាម្នាក់ កំពុងតែស្ថិតក្នុងការស៊ើបអង្កេត ពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម និង កំពុងតែកសាងសំណុំរឿងរបស់ពួកគេ រុញបញ្ចូលនៅក្នុងដៃរបស់តុលាការ ឬ ក្រោយពេលពួកគេ ត្រូវបានកាត់ទោស ប៉ុន្តែនៅមុនពេលសាលក្រមចូលជាធរមាន។

ដោយឡែក អ្នកចុះឈ្មោះទាំងនោះ នឹងត្រូវទទួលបានលើកលែងទោស ហើយមិនទទួលខុសត្រូវ នឹងបទល្មើសព្រហ្មទណ្ឌ ក្រោយពេលបញ្ចប់នូវកិច្ចសន្យារបស់ពួកគេ ឬ ប្រសិនបើពួកគេឈ្នះ សម្រាប់ទេពកោសល្យរបស់ពួកគេ នៅលើសមរភូមិ។
ការអនុម័តរបស់សភាជាន់ទាបរបស់រុស្ស៊ី សម្រាប់ការអនុញ្ញាតឲ្យក្រសួងការពារជាតិរបស់ខ្លួន មានសិទ្ធិចុះកិច្ចព្រមព្រៀង សម្រាប់នាំឧក្រិដ្ឋជន ទៅធ្វើសង្គ្រាមនោះ បានកើតឡើង ក្រោយពេលកងទ័ពអ៊ុយក្រែន បានចាប់ផ្ដើមវាយបក បណ្ដេញទាហានរបស់ក្រុងមូស្គូ ចាប់ពីថ្ងៃទី៤ ខែមិថុនា រហូតមក។
លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃពុធ ថា កងទ័ពរបស់លោកស្រី បានវាយបក ទៅលើកម្លាំងទាហានរុស្ស៊ី ដោយបានរំដោះទឹកដី មានទំហំ១០០គីឡូម៉ែត្រការ៉េ ត្រឡប់មកវិញ៕ រក្សាសិទ្ធដោយ ៖ សារាយSN


























