បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបាញ់ផ្លោងដាក់គ្នានៅស៊ូដង់ បានកើតឡើងវិញយ៉ាងសកម្ម បន្ទាប់ពីបទឈប់បាញ់ត្រូវបានភាគីជម្លោះគោរពរយៈពេលខ្លីប៉ុណ្ណោះ ដែលការគោរពនោះពួកគេគ្រាន់តែចង់បង្ហាញពីដែនកំណត់ នៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ក៏ដូចជាមហាអំណាចបរទេសផ្សេងទៀត ក្នុងការបញ្ចប់ជម្លោះរយៈពេល ២ខែ ដែលកំពុងតែជំរុញប្រទេសមួយនេះ ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ បើទោះបីភាគីជាច្រើនបានប្រើប្រាស់លទ្ធភាពការទូតរបស់ខ្លួនយ៉ាងណា ក៏មិនទាន់មានប្រសិទ្ធភាពនោះដែរ។

មន្ត្រីអាមេរិកម្នាក់ បាននិយាយថា ការរួមចំណែកពីប្រទេសដែលជាតួអង្គដ៏សំខាន់ក្នុងតំបន់ ដូចជា អេហ្ស៉ីប ដែលមើលឃើញកងទ័ពស៊ូដង់ជាដៃគូដ៏មានស្ថិរភាពរបស់ពួកគេ និងប្រទេសអារ៉ាប់រួមដែលបានគាំទ្រកម្លាំងប៉ារ៉ា (RSF) នាពេលកន្លងមកនោះ វាអាចជាគន្លឹះនៃការរីកចម្រើនចំពោះកិច្ចចរចា ដូច្នេះហើយ ការប្រើប្រាស់ការទូតនៅតែព្យាយាម បើទោះជាមិនទាន់មានដំណោះស្រាយល្អក៏ដោយ។
គួរបញ្ជាក់ថា បន្ទាប់ពីបទឈប់បាញ់បានបិទបញ្ចប់ត្រឹមតែរយៈពេល ២៤ម៉ោងចុងក្រោយ អ្នកស្រុកនៅទីក្រុងខាទុំ នៃប្រទេសស៊ូដង់ បានរាយការណ៍ពីការបាញ់កាំភ្លើងធំ និងការប៉ះទង្គិចគ្នាជាថ្មីភ្លាមៗ។ ទាំងខាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) ហាក់បីដូចជានៅឆ្ងាយពីការឈានឆ្ពោះទៅរកកិច្ចពិភាក្សាបទឈប់បាញ់នៅឡើយទេ ព្រោះថា ស្នូរកាំភ្លើងធំនៅតែបន្លឺឡើងឥតដាច់។

សូមរំលឹកថា សង្គ្រាមនៅស៊ូដង់នេះ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅចន្លោះសមុទ្រក្រហមពីប្រទេសស៊ូដង់ បានលូកដៃចូលគាំទ្រដល់កិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងកំពង់ផែជេដដា របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីរកកិច្ចចរចាសន្តិភាព។ ប៉ុន្តែរាល់បទឈប់បាញ់បណ្តោះអាសន្ន ត្រូវបានរំលោភបំពានរហូតមកដល់ពេលនេះ ទោះបីជាភាគីទាំងពីរនិយាយថា ពួកគេប្តេជ្ញាចិត្តក្នុងការចរចា និងបើទោះបីជាមានទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។
ក្រុមអ្នកការទូតបាននិយាយថា វាអាចមកពីការដណ្ដើមឥទ្ធិពលពីប្រទេសមហាអំណាចក្នុងតំបន់ ដែលនៅពីក្រោយចាំគាំទ្រដល់ភាគីជម្លោះនីមួយៗ ធ្វើឱ្យភ្លើងសង្គ្រាមនៅតែឆាបឆេះរកដំណោះស្រាយមិនបាន បើទោះបីមានការខិតខំប្រើប្រាស់ការទូតក៏ដោយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN










