ព្រៃវែង ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានផ្ញើសារជូនបងប្អូនកសិករ សហគមន៍ផលិតស្រូវ និងនៅ ទូទាំងប្រទេសថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងស្តីពី ការជំរុញផលិតកម្មស្បៀង (Boosting Food Production) ក្នុងគោលបំណងផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពដើម្បីកាត់បន្ថយការនាំចូល ធានា និរន្តរភាពនៃប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម។
ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ លោករដ្ឋមន្ត្រី តាមរយៈអគ្គនាយកដ្ឋានកសិកម្ម បានណែនាំមន្ត្រីអនុវត្តន៍គម្រោង ផលិតករ និងសហគមន៍ផលិត ត្រូវអនុវត្តតាមគោលនយោបាយ របស់ក្រសួង ដូចជា ទី១.ធ្វើការបង្វែ ទិសដៅផលិតពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម កែប្រែសួនបន្លែទៅជាចំការបន្លែ ទី២.បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើស ពូជ ការប្រើ ប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានីភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល ទី៣. កែលម្អខ្សែសង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ត្រូវអនុវត្តតាមគោលការណ៍អនុវត្តកសិកម្មល្អ(GAP)ហើយត្រូវធ្វើកសិ កម្មតាមកិច្ចសន្យា ទី៤.ត្រូវគិតគូពី ការកែច្នៃ វិចខ្ចប់ដើម្បីបង្កើនតម្លៃបន្ថែម ថែរក្សា ទុកដាក់ និងមធ្យោបាយដឹកជញ្ជូនផលិតផល ទៅកាន់ទីផ្សារដើម្បីផ្តល់សេវាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោករដ្ឋមន្ត្រី បានបន្ថែមថា ទាំងយន្តការ និងបច្ចេកទេសផលិត បាននិងកំពុងចូលរួមចំណែកយ៉ាងពេញលេញ ក្នុងការកសាងគោលនយោបាយ ស្តីពី ការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-ឆ្នាំ២០៣០ ដែលត្រូវប្រែក្លាយវិស័យកម្ពុជាទៅកសិកម្មទំនើបកម្ម មានការ ប្រកួតប្រជែង ការបម្រែបម្រួលអាកាសធាតុ និងពិសេសឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លោករដ្ឋមន្ត្រី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ខិតខំឲ្យអស់លទ្ធភាព ក្នុងការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដើម្បីធានា បាននូវតម្លាភាពទីផ្សារ សច្ចភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែង។
នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រៃវែង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រីកសិកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ័ផ្សារណាត់បន្លែនិងផលិតផល សុវត្ថិភាពដែលរៀបចំ ដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ គម្រោងពិសេសផ្សារណាត់ពិព័រណ៍ផលិតផលបន្លែសុវត្ថិភាពនេះ ជួយជំរុញផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការ នាំចូល និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបាន រាយការណ៍ពីគម្រោងស្តីពី ការជំរុញផលិតកម្មស្បៀង (Boosting Food Production) ដែលបានការឧបត្ថម្ភពី រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវថវិកាក់២០,២៥ លានដុល្លារ យកទៅអនុវត្តក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ក្នុងបំណងផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុង ទិសដៅកាត់បន្ថយការនាំចូល៕ ដោយ៖កូឡាប