Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន បង្កើតកម្មវិធីមីស៊ីលបាញ់ជាង១០០០គីឡូម៉ែត្រ ចំពេលយុទ្ធនាការវាយបកលើទាហានរុស្ស៊ី

រដ្ឋធានីកៀវ៖ ស្របពេលកងទ័ពអ៊ុយក្រែន កំពុងតែបើកយុទ្ធនាការ វាយបករំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់ទាហានរុស្ស៊ី នោះ ក្រុងកៀវ ក៏បានប្រកាសនូវកម្មវិធីមីស៊ីលមួយ សម្រាប់ជាទស្សនវិស័យដ៏ល្អ ដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ត្រូវតែមានមីស៊ីលផ្ទាល់ខ្លួន មានសមត្ថភាព អាចវាយប្រហារ រហូតដល់ចម្ងាយ ជាង១០០០គីឡូម៉ែត្រ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ ថា លោក អូឡែកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីប៉ុន្មានថ្ងៃមុនេះ ថា កម្មវិធីមីស៊ីលមួយ ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន ហើយវាជាចក្ខុវិស័យដ៏ល្អ សម្រាប់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។ ដូច្នេះ អ៊ុយក្រែន ត្រូវតែមានកម្មវិធីមីស៊ីលផ្ទាល់ខ្លួន ហើយមីស៊ីលទាំងនោះ នឹងអាចបាញ់ប្រហារ ទៅលើគោលដៅនានា នៅក្នុងចម្ងាយដី ជាង១០០០គីឡូម៉ែត្រ។

លោក អូឡែកស៊ី រេស្នីកូវ រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែងបែបនេះ នៅក្នុងវេទិកាក្រុងកៀវ ស្ដីអំពីការស្ដារប្រទេសអ៊ុយក្រែនឡើងវិញ។ ប៉ុន្ដែលោករដ្ឋមន្រ្ដី មិនបានបញ្ជាក់ ពីប្រភេទមីស៊ីលនោះទេ៕

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «យើងមានទស្សនវិស័យល្អ សម្រាប់ការបង្កើតមីស៊ីលផ្ទាល់ខ្លួនរបស់អ៊ុយក្រែន ហើយវាអាចវាយប្រហារទៅលើគោលដៅ នៅក្នុងចម្ងាយឆ្ងាយ រហូតដល់ជាង ១ ០០០គីឡូម៉ែត្រ»។

បើតាមលោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹង ថា កម្មវិធីមីស៊ីលនេះ បានអនុម័តជាផ្លូវការរួចរាល់ហើយ ហើយមូលនិធិ សម្រាប់ទ្រទ្រង់ ក៏ត្រូវបានបែងចែក ចេញពីថវិកាទាំងនេះ រហូតដល់ទីបញ្ចប់នេះ។ រីឯតួអង្គចូលរួម នៅក្នុងកម្មវិធីមីស៊ីលនេះ គឺអ្នកផលិត ជាជនជាតិអ៊ុយក្រែន។ ចំណែកគម្រោងកាំជ្រួច Neptune (ណេបទូន) ធ្លាប់ទទួលបានជោគជ័យរួចមកហើយ ដោយការវាយប្រហារពន្លិចនាវាចម្បាំងដ៏ទំនើបបំផុតរបស់កងទ័ពជើងទឹក នៃសហព័ន្ធន៍រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ កាលពីឆ្នាំ២០២២។

បើតាមសេចក្ដីរាយការណ៍ ស្ដីពីសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន បានឲ្យដឹង ថា នាវាចម្បាំងដ៏ទំនើបបំផុតរបស់កងទ័ពជើងទឹក នៃសហព័ន្ធន៍រុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ ប្រភេទ Moskva (មូសខ្វា) បានរងការបាញ់ពន្លិច ពីមីស៊ីលប្រឆាំងនឹងនាវារបស់អ៊ុយក្រែន ប្រភេទ Neptune កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ កងទ័ពជើងទឹករបស់រុស្ស៊ី មាននាវាចម្បាំងដ៏ទំនើបធុនធំបែបនេះ ត្រឹមតែចំនួន៣គ្រឿងប៉ុណ្ណោះ ខណៈនាវាដ៏ទំនើបរបស់ខ្លួន ចំនួនមួយគ្រឿង ត្រូវបានកងទ័ពអ៊ុយក្រែន បាញ់ពន្លិចធ្លាក់ទៅដល់បាតសមុទ្ររួចហើយ។ ចំណែកការបាញ់ពន្លិចនាវាដ៏ទំនើប ពីកងទ័ពអ៊ុយក្រែន បានធ្វើឲ្យកងទ័ពជើងទឹករបស់ក្រុងមូស្គូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្ដិសាស្រ្ដ នៃប្រទេសមហាអំណាចយោធាមួយនេះ។

បើទោះជាយ៉ាងណាក្ដី រុស្ស៊ី បានអះអាង ថា នាវា Moskva បានលិច ដោយសារគ្រោះអគ្គិភ័យឆាបឆេះឡើង។ លុះក្រោយៗមកទៀត ក៏មានសេចក្ដីរាយការណ៍ជាហូរហែ អំពីការវាយប្រហារ ទៅលើមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ទាំងនៅលើឧបទ្វីបគ្រីមៀ (Crimea) ក៏ដូចជា ការវាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសផ្សេងៗទៀត នៅកណ្ដាលប្រទេសរុស្ស៊ី ទើបក្រុងមូស្គូ បានចេញមុខ ចោទប្រកាន់ចំៗ ទៅលើក្រុងកៀវ ជាអ្នកនៅពីក្រោយសកម្មភាពទាំងនោះ។ ដោយឡែក អ៊ុយក្រែន តែងតែរក្សានូវភាពស្ងៀមស្ងាត់ មិនព្រមចេញមុខ មកទទួលខុសត្រូវ ចំពោះសកម្មភាពវាយប្រហារទាំងនោះឡើយ។

សូមបញ្ជាក់ ថា មីស៊ីល Neptune នេះ បានផលិតឡើង ដោយអ៊ុយក្រែន ហើយវាជាប្រភេទមីស៊ីលប្រឆាំងនឹងនាវា ដោយមានទម្ងន់ ៨៧០គីឡូក្រាម និង មានប្រវែង ៥,០៥ម៉ែត្រ ព្រមទាំងអាចវាយប្រហារ នៅក្នុងចម្ងាយ ២៨០គីឡូម៉ែត្រ។ ដោយឡែក នាវាចម្បាំង Moskva របស់កងទ័ពជើងទឹករបស់រុស្ស៊ី វិញ មានប្រវែង ១៨៦,៤ម៉ែត្រ និង មានល្បឿង៥៩គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយវាអាចផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿង និង អាចធ្វើនាវាចរណ៍ រហូតដល់ចម្ងាយ ១៩ ០០០គីឡូម៉ែត្រ ទើបចូលចាក់ប្រេងឥន្ធនៈម្ដង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×