ភ្នំពេញ ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលរាល់ការបង្ហោះតាម បណ្តាញសង្គមហ្វេសប៊ុក បំភាន់ថា មានពលករខ្មែរនៅថៃកំពុងត្រូវបានសមត្ថកិច្ចថៃដេញចាប់។
ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចេញសេចក្ដីប្រកាសប្រាប់ដល់បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ ឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានក្រុមឱកាសនិយមមួយចំនួន បានយកឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេស ពីសំណាក់អាជ្ញាធរថៃ មកផ្សព្វផ្សាយឡើងវិញតាមបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងបំពុលសង្គម បង្កការភ្ញាក់ផ្អើល និងកេងចំណេញផ្នែកនយោបាយ ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏បានអំពាវនាវដល់ពលករខ្មែរដែលមានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមរក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារតាមធម្មតា។
ស្ថានទូត សូមបញ្ជាក់ថា ចំពោះបងប្អូនពលករដែលមានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការ នៅក្នុងប្រទេសថៃ សូមរក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា ដោយឡែកបងប្អូនពលករដែលមិនមានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ត្រូវប្រញាប់រួសរាន់ទំនាក់ទំនងជាមួយស្ថានទូតខ្មែរនៅថៃ ដើម្បីដាក់ពាក្យស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន មុនធ្វើដំណើរត្រឡប់មកកម្ពុជា ដើម្បីរៀបចំឯកសារស្របច្បាប់ និងត្រឡប់ទៅធ្វើការក្នុងប្រទេសវិញ តាមរយៈប្រព័ន្ធ MoU។
ការពិត បច្ចុប្បន្នបងប្អូនពលករខ្មែរ កំពុងស្នាក់នៅនិងធ្វើការយ៉ាងរលូនល្អ ក្នុងបរិយាកាសស្ងប់សុខ ពុំមានហេតុការណ៍អាក្រក់ ដូចការបំភាន់របស់ក្រុមជនខិលខូចឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ