រដ្ឋធានីវ៉ាស៊ីនតោន៖ រុស្ស៊ី កំពុងតែបន្ដព្យាយាម អូសទាញសហរដ្ឋអាមេរិក ឲ្យហក់ចូលទៅក្នុងការសមរភូមិប្រយុទ្ធ លើលំហអាកាសរបស់ស៊ីរី ទើបរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចបញ្ជូនកងយន្ដហោះចម្បាំងដ៏ទំនើបគ្មានគូប្រៀបនៅលើពិភពលោករបស់ខ្លួន ទៅកាន់តំបន់មជ្ឈិមបូព៌ា។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ថា ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM (សែនខម) បានថ្លែង ក់ កាលពីថ្ងៃពុធ ថា កងទ័ពសហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់ពិភពលោក ប្រភេទ F-22 Raptor ជាច្រើនគ្រឿង ចេញពីមូលដ្ឋានកងទ័ពអាកាស ឡែនហ្គ្លេ (Langley) ស្ថិតក្នុងរដ្ឋវីជីនៀ (Virginia) សហរដ្ឋអាមេរិក ទៅដាក់ពង្រាយ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការសម្រេចចិត្តដាក់ពង្រាយយន្ដហោះចម្បាំងដ៏ទំនើបរបស់ក្រុងវ៉ាស៊ីនតោន បានកើតឡើង ក្រោយពេលកងទ័ពអាកាសរបស់រុស្ស៊ី បាន និង កំពុងតែបង្កើននូវអាកប្បកិរិយាគ្មានសុវត្ថិភាព និង គ្មានវិជ្ជាជីវៈកាន់តែខ្លាំងឡើង នៅក្នុងតំបន់នោះ។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ថា «យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប ប្រភេទ F-22 Raptor ជាច្រើនគ្រឿង នៃកងអង្គភាពប្រតិបត្ដិការកងទ័ពអាកាសទី៩៤របស់សហរដ្ឋអាមេរិក កំពុងតែបង្ហាញសមត្ថភាពរបស់ខ្លួន នៅក្នុងការដាក់ពង្រាយកងកម្លាំងយន្ដហោះចម្បាំងឡើងវិញ និង ផ្តល់ឧត្ដមភាពដែនអាកាសដ៏លើសលប់ នៅតំបន់មជ្ឈិមបូព៌ា»។
លោកឧត្ដមសេនីយ៍ អេរីក គូរីលឡា (Erik Kurilla) មេបញ្ជាការទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានរិះគន់ដល់អាកប្បកិរិយាគ្មានសុវត្ថិភាព និង មិនមានវិជ្ជាជីវៈរបស់កងទ័ពអាកាសរុស្ស៊ី។ ការបំពារបំពានជាប្រចាំរបស់រុស្ស៊ី ចំពោះវិធានការនាំឲ្យមានការបំផ្លិចបំផ្លាញ នៅលើដែនអាកាស ដែលបានព្រមព្រៀងគ្នា កំពុងតែបង្កើននូវហានិភ័យខ្លាំងឡើង ឬ អាចនាំឲ្យមានការគណនាខុស ដោយប្រការណាមួយ រហូតបង្កឲ្យកើតមានជាជម្លោះ។ ចំណែកកងកម្លាំងយោធារបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី បានបញ្ឈប់នូវការប្រកាន់ខ្ជាប់ អំពីពិធីការ ដែលបានព្រមព្រៀងគ្នា នៅក្នុងការរំសាយជម្លោះ ជាមួយនឹងទាហានអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន។

លោកឧត្ដមសេនីយ៍ អាឡិចស៊ី ហ្គ្រីនខេវិច (Alexus Grynkewich) មេបញ្ជាការទទួលបន្ទុកប្រតិបត្ដិការ នៅក្នុងតំបន់មជ្ឈិមបូព៌ា បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងសារព័ត៌មាន Defense One កាលពីថ្ងៃពុធ ថា «ខ្ញុំនឹងប្រាប់អ្នក ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយអ្វីៗដែលកំពុងតែកើនមានឡើងដ៏ថ្មីបំផុត នៅព្រឹកនេះ គឺកងទ័ពអាកាសរបស់រុស្ស៊ី កំពុងតែបន្តធ្វើសកម្មភាព ព្យាយាមអូសទាញសហរដ្ឋអាមេរិក ឲ្យហក់ចូលទៅក្នុងការប្រយុទ្ធគ្នា នៅលើលំហអាកាសរបស់ប្រទេសស៊ីរី»។
បន្ថែមពីលើនេះ លោកឧត្ដមសេនីយ៍ ក៏បានព្រមានទៅដល់រុស្ស៊ី ប្រឆាំងនឹងការប៉ះទង្គិចគ្នា ដោយផ្ទាល់ណាមួយ ខណៈមានការកត់សម្គាល់ឃើញ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិនចាប់អារម្មណ៍ ជាមួយនឹងជម្លោះបែបនេះឡើយ។ ប៉ុន្ដែកាលពីខែមីនា យន្តហោះចម្បាំងរបស់រុស្ស៊ី បានហោះរំលោភបំពារបំពាន មកលើដែនអាកាស នៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ចំនួន២៥ដង។

លោកឧត្ដមសេនីយ៍ ហ្គ្រីនខេវិច បានបន្ថែម ថា «ខ្ញុំគិត ថា អ្វីដែលពួកគេមិនយល់នោះ ត្រង់ថា ពួកគេមានជម្រើស នៅតែមានកម្រិតនៅឡើយ ខណៈសហរដ្ឋអាមេរិក មានជម្រើសយ៉ាងច្រើនបំផុត។ យើងមានជម្រើសជាច្រើនផ្សេងទៀត ទាក់ទងនឹងកងទ័ព ដែលយើងអាចនាំមកកាន់ទីនេះ»។
ក្រុមមន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន នៅតែបន្ដដាក់ពង្រាយកងទ័ពរបស់សហរដ្ឋអាមេរិក ចំនួន ១ ០០០នាក់ ឈរជើង ប្រចាំការនៅលើទឹកដីរបស់ស៊ីរី។ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសដែលខ្ទេចខ្ទាំ ដោយសារសង្គ្រាមស៊ីវិលនោះ ក៏ជាផ្នែកមួយ នៃយុទ្ធនាការជ័យជម្នះ លើក្រុមរដ្ឋអ៊ិស្លាម (ISIS)។ ប៉ុន្ដែកងទ័ពសហរដ្ឋអាមេរិក ឈរជើងនៅទីនោះ តែងតែរងនូវការវាយប្រហារ ពីក្រុមជីវពល គាំទ្រ ដោយប្រទេសអ៊ីរ៉ង់ ផងដែរ៕រក្សាសិទ្ធដោយ ៖ សារាយSN
















