រដ្ឋធានីកៀវ៖ ជោគជ័យនៅលើសមរភូមិមួយចំនួន នៅក្នុងការវាយបករបស់កងទ័ពរំដោះទឹកដីរបស់អ៊ុយក្រែន រឹតតែធ្វើឲ្យបណ្ដាប្រទេសបស្ចិមលោក មានកម្លាំងទឹកចិត្ដ កាន់តែខ្លាំងឡើងបន្ថែមទៀត ផ្ដល់ជំនួយគ្រឿងយុទ្ធោបករណ៍ទំនើបៗកាន់តែច្រើនឡើង ជួយដល់ក្រុងកៀវ ខណៈប្រមុខអង្គការណាតូ បានផ្ដល់តម្រុយ អំពីការបញ្ជូនយន្ដហោះចម្បាំង ផលិតដោយសហរដ្ឋអាមេរិកផងដែរ។

សារព័ត៌មាន The New Voice of Ukraine បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានបញ្ជាក់ ថា បណ្ដាប្រទេសជាច្រើន នៃសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មានគោលបំណង បង្ហាត់បង្រៀនដល់អាកាសយានិកអ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ F-16 និង យន្ដហោះចម្បាំងរបស់លោកខាងលិច។ បញ្ហានេះ នឹងផ្ដល់ភាពងាយស្រួលដល់ជម្រើសរបស់យើង សម្រាប់បញ្ជូនយន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។
លោកប្រមុខអង្គការណាតូ រូបនេះ បានបន្ថែម ថា ប្រទេសដាណាម៉ាក កំពុងតែដើរតួនាំមុខគេនៅក្នុងសម្ពន្ធភាពយន្តហោះចម្បាំងអ៊ុយក្រែន រួមជាមួយនឹងប្រទេសហូឡង់ដ៍។

សហរដ្ឋអាមេរិក បានបញ្ជាក់ ថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នឹងធ្វើការរួមគ្នា សម្រាប់កំណត់ ថា តើនៅពេលណា ប្រទេសណា និង ចំនួនយន្តហោះប៉ុន្មានគ្រឿង នឹងត្រូវផ្ទេរទៅកាន់អ៊ុយក្រែន។ ប៉ុន្ដែអង្គការណាតូ បានបញ្ជាក់ ថា ការផ្តល់យន្តហោះចម្បាំងដ៏ទំនើប F-16 ជាប់ទាក់ទងនឹងអ៊ុយក្រែន មិនត្រូវប្រើប្រាស់វា សម្រាប់ការវាយប្រហារ ទៅលើទឹកដីរបស់រុស្ស៊ី នោះឡើយ។
បើតាមវិទ្យាស្ថានសិក្សា ពីសង្គ្រាម (ISW) បានឲ្យដឹង ថា ប្រមុខអង្គការណាតូ បានផ្តល់តម្រុយ ថា សម្ពន្ធមិត្តលោកខាងលិច អាចនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ដោយឡែក សភាជាន់ទាបរបស់ស្វីស កាលពីថ្ងៃទី១៤ ខែមិថុនា បានបោះឆ្នោត បញ្ឈប់នូវការប្រើរថក្រោះ Leopard-2 ចំនួន២៥ គ្រឿង ហើយបញ្ជូនរថក្រោះទាំងនោះ ត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញ ដើម្បីផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។

ស្របគ្នានេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូល្លង់ដ៍ និង ដាណឺម៉ាក បានប្រកាសរួមគ្នា កាលពីថ្ងៃព្រហស្បតិ៍ ថា ពួកគេនឹងផ្តល់ទ្រព្យសម្បត្ដិការពារដែនអាកាស ជា«អាទិភាពខ្ពស់» ជួយដល់ប្រទេសអ៊ុយក្រែន។ រីឯការដឹកជញ្ជូនគ្រឿងយុទ្ធោការណ៍ទាំងនោះ ក៏បានចាប់ផ្តើមហើយដែរ។
លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់ ថា «រដ្ឋាភិបាលក្រុងកៀវ មានលទ្ធភាពកែលម្អ ឬ ជួសជុលប្រព័ន្ធការពារដែនអាកាសដែលខូចខាត ហើយអាចយកវាទៅប្រើប្រាស់ នៅក្នុងសមរភូមិវិញ»៕ រក្សាសិទ្ធដោយ ៖ សារាយSN





















