រាជធានីភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម និង សារព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវរកឃើញថា រថយន្ត Lexus ដែលពាក់ស្លាកលេខ នគរបាល ជារបស់មន្ត្រី នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយបានចាត់ វិធានការបកស្លាកគណបក្សចេញ និង បានដាក់ពិន័យដល់មន្ត្រី ដែលបានប្រព្រឹត្តកំហុស។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា ក្រោយពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម និង សារព័ត៌មានខ្លះ នាពេល ថ្មីៗនេះអំពីករណីរថយន្តពាក់ស្លាកលេខ នគរបាល មានបិទស្លាកគណបក្សប្រជាជនកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចង្អុលណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្ប ស្រាវ ជ្រាវ និងចាត់វិធានការសម្រេចបានលទ្ធផលដូចខាងក្រោម៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានស្រាវជ្រាវរកឃើញថា រថយន្ត Lexus ដែលពាក់ស្លាកលេខ នគរបាល 2-0996 គឺជារបស់មន្ត្រី នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ។ ក្នុងករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយបានចាត់ វិធានការយករថយន្តនោះ មកបកស្លាកគណបក្សចេញ និង បានដាក់ពិន័យដល់មន្ត្រី ដែលបានប្រព្រឹត្តកំហុស ។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានបញ្ជូនសំណុំរឿងករណីនេះ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចាត់វិធានការតាមនីតិវិធី និង ច្បាប់បោះឆ្នោត ផងដែរ៕ ដោយ៖កូឡាប