ភ្នំពេញ ៖ ប្រធានអង្គការចតុទឹសសង្គហៈនិងជាប្រធានអេអាយអឹម(AIM) លោក ស៊ឹង គា បានអះអាងថា រូបគាត់ត្រូវបានមន្ត្រីយោធាម្នាក់ បាញ់គំរាមកំហែងអាយុជីវិតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុច ភូមិជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកបន្តថា រហូតមកដល់ពេលនេះ មន្ត្រីយោធារូបនោះ នៅមិនទាន់ត្រូវបាន សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ចាប់ខ្លួនបាននៅឡើយទេ។
យោងតាមពាក្យបណ្តឹង របស់លោក ស៊ឹង គា ដាក់ប្តឹងទៅមន្ត្រីកងរាជអាវុធហត្ថ ខណ្ឌដង្កោ កាលពីថ្ងៃទី១២ ខែកកក្កដា ឆ្នាំ២០១៨ បានប្តឹងពីឈ្មោះ រ៉ូម ដែលជាមន្ត្រីយោធា បានបាញ់គំរាមកំហែងរូបលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ នៅចំថ្ងៃយុទ្ធនាការឃោនាបោះឆ្នោតថ្ងៃទីពីរ។
ពាក្យបណ្តឹងដដែល បានរៀបរាប់ថា កាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ រូបលោកបានឃើញមនុស្សប្រុសស្រីមួយក្រុមបានអង្គុយផឹកស្រា នៅមុខផ្ទះ លោក សុខ សំអុល និងអ្នកស្រី ឥន ផាន្នី។ នៅពេលនោះលោកបានទៅលេងផ្ទះប្អូនស្រី របស់លោករហូតម៉ោង ២រសៀល ទើបវិញមកផ្ទះវិញ ប៉ុន្តែពេលលោកចេញឡាន ក៏ស្រាប់តែមានបុរសម្នាក់ បានមកសួររូបលោកថា “បង ! បងប្រុសម្ចាស់ផ្ទះអាងហែលទឹកនោះមែន !”។ ដោយបុរសនោះបានប្រាប់លោកថា ប្អូនស្រី របស់លោកឈ្លោះគ្នាជាមួយប្អូនស្រីគាត់ឈ្មោះ ឥន ផាន្នី។ គ្រានោះ លោក ស៊ឹង គា ក៏បានឆ្លើយតបថា លោកអត់ដឹងរឿងអ្វីទទៅសួរសាម៉ីខ្លួនគេទៅ ឬសួរទៅអាជ្ញាធរមូលដ្ឋាន..? ពេលនោះលោកក៏បានបើកឡានចេញប្រហែលប្រាំម៉ែត្រ ក៏ស្រាប់តែប្អូនស្រីលោក ទូរស័ព្ទប្រាប់ថា បុរសម្នាក់នោះបានបាញ់មួយគ្រាប់ពេល រូបលោកចេញឡានវិលមកផ្ទះវិញ។
ក្រោយឮដំណឹងនេះភ្លាម លោក ស៊ឹង គា ថ្លែងថា លោកមានការភ័យតក់ស្លុតយ៉ាង ខ្លាំង ក៏ដូចជាប្រជាពលរដ្ឋរស់នៅមូលដ្ឋានកើតហេតុនោះដែរ។
ផ្តើមពីបញ្ហានេះ លោក ស៊ឹង គា បានស្នើឲ្យសមត្ថកិច្ចជួយស្វែងរកឈ្មោះ រ៉ូម ដែលជាមន្ត្រីយោធា បានប្រើកាំភ្លើងបាញ់បោះសេរី គំរាមមកលើរូបលោក ដើម្បីសាកសួរអំពីករណីបាញ់ផ្ទុះអាវុធគំរាមកំហែង ឈានដល់ ចាត់វិធានការតាមផ្លូវច្បាប់នេះ។
ទាក់ទិនបញ្ហានេះ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង របស់ជនរងគ្រោះរួចហើយ និងបានរាយការណ៍ជូនទៅថ្នាក់លើរួចរាល់ហើយដែរ។
លោកបន្តថា ករណីនេះ បើកម្លាំងរាជអាវុធហត្ថរកឃើញអ្នកដែលបាញ់គំរាមនោះ នឹងឃាត់ខ្លួនចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ គឺមិនអនុញ្ញាតឲ្យមានការបាញ់បោះសេរីបែបនេះទេ៕ ដោយ ៖ បញ្ញាស័ក្តិ