Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតសហរដ្ឋអាមេរិក-ចិន ជួបចរចាស្វែងរកទំនុកចិត្តគ្នាទៅវិញទៅមក

រដ្ឋធានីប៉េកាំង៖ ស្របពេលទំនាក់ទំនងការទូត រវាងក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន កាន់តែធ្លាក់ចុះខ្លាំងនោះ ប្រមុខការទូតសហរដ្ឋអាមេរិក និង ចិន បានជួបពិភាក្សាគ្នាដ៏សំខាន់មួយ សម្រាប់ការស្វែងរកនូវការចរចាគ្នាប្រកបដោយភាពស្មោះត្រង់ ស្ថាបនា និង បញ្ចៀសនូវការយល់ច្រឡំគ្នាទៅវិញទៅមក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា លោក អេនតូនី ប៊ីលនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា ដោយស្មោះត្រង់ ដ៏មានសារៈសំខាន់ ហើយប្រកបដោយស្ថាបនា ជាមួយនឹងសមភាគីចិន លោក គីន កាង (Qin Gang) នៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

កិច្ចពិភាក្សា រវាងប្រមុខការទូតរបស់មហាអំណាចលោកខាងលិច និង មហាយក្សអាស៊ី កាលពីថ្ងៃអាទិត្យ បានកត់សម្គាល់ អំពីការចាប់ផ្តើម នៃការធ្វើទស្សនកិច្ចកម្រិតខ្ពស់បំផុត ដោយមន្ត្រីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន នៅក្នុងរយៈពេលជិត៥ឆ្នាំមកនេះ ខណៈប្រទេសមហាអំណាច ជាគូប្រជែងទាំង២នេះ មានគោលបំណង ធ្វើឱ្យទំនាក់ទំនងដែលមានភាពតានតឹងនោះ បានធូរស្រាលឡើងវិញ។

លោក ម៉ាតធូ មីលល័រ (Matthew Miller) អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «លោករដ្ឋមន្រ្ដី ប៊ីលនខេន បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការទូត និង ការរក្សាបណ្ដាញទំនាក់ទំនង ជាចំហយ៉ាងពេញលេញ សម្រាប់ការកាត់បន្ថយនូវហានិភ័យ លើការយល់ខុស និង ការគិតខុស»។

បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋចិន បានរាយការណ៍ ថា លោក គិន ប្រមុខការទូតចិន បានប្រាប់ដល់សមភាគីសហរដ្ឋអាមេរិក ថា «ប្រទេសចិន ប្តេជ្ញាកសាងនូវទំនាក់ទំនងស្ថិរភាព អាចព្យាករបាន និង ការស្ថាបនា ជាមួយសហរដ្ឋអាមេរិក»។

លោកប្រមុខការទូត គិន ក៏បានបញ្ជាក់យ៉ាងច្បាស់ អំពីការព្រួយបារម្ភរបស់ចិន «ទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន រួមទាំងបញ្ហាតៃវ៉ាន់ ដោយពណ៌នា ថា វាជាហានិភ័យលេចធ្លោបំផុត នៅក្នុងទំនាក់ទំនង រវាងចិន-សហរដ្ឋអាមេរិក»។

នៅមុនពេលកិច្ចពិភាក្សានេះ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានមើលឃើញឱកាសតិចតួច សម្រាប់ការទម្លុះទម្លាយណាមួយ នៅក្នុងជម្លោះដ៏យូរ រវាងប្រទេសមហាសេដ្ឋកិច្ចទាំង២របស់ពិភពលោក ដោយការចាប់ផ្ដើមពីពាណិជ្ជកម្ម និង កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ទប់ទល់នឹងឧស្សាហកម្មបន្ទះឈីប (Semiconductor) របស់ចិន ចំពោះឋានៈគ្រប់គ្រង ដោយខ្លួនឯងរបស់តៃវ៉ាន់ និង កំណត់ត្រាសិទ្ធិមនុស្សរបស់ក្រុងប៉េកាំង។

លោក ប្រែនដុន អូ ខន់ន័រ (Brendon O’Connor) សាស្រ្ដាចារ្យប្រវត្ដិសាស្រ្ដនយោបាយ នៃសាកលវិទ្យាល័យស៊ីដនី (Sydney) បានបញ្ជាក់ ថា «សហរដ្ឋអាមេរិក មានកិច្ចការជាច្រើនត្រូវធ្វើ សម្រាប់ការជួសជុលនូវទំនាក់ទំនង ជាមួយនឹងប្រទេសចិន នៅក្នុងនោះរួមមាន ខ្សែទំនាក់ទំនងជាច្រើនទៀត នឹងត្រូវបើកឡើងវិញ។ ចំណែកការទូត ពិតមានតម្រូវការយ៉ាងខ្លាំង នៅពេលនេះ ហើយដំណើរទស្សនកិច្ចរបស់លោក អេនតូនី ប៊ីលនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន គឺជារឿងល្អមួយ៕រក្សាសិទ្ធដោយ ៖ សារាយSN

×