Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកភាពណាតូសំខាន់ៗ មិនផ្ដល់លក្ខណៈសម្បត្តិជាពិសេសដល់អ៊ុយក្រែន ចូលណាតូនោះឡើយ

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ទោះបីជាមានសង្រ្គាមឈ្លានពានរបស់រុស្ស៉ីក្តី សហរដ្ឋអាមេរិកនឹងមិនផ្តល់ការរៀបចំពិសេសលើសគេ សម្រាប់អ៊ុយក្រែនឡើយ ពាក់ព័ន្ធនឹងការក្លាយជាសមាជិករបស់អង្គការណាតូ (NATO)។

លោកប្រធានាធីបតីអាមេរិក ថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯមូលដ្ឋានយោធាមួយកន្លែងក្បែររដ្ឋធានីវ៉ាស៉ីនតោន, ដោយលោកបាននិយាយថា «ពួកគេ (សំដៅលើអ៊ុយក្រែន) ត្រូវតែបំពេញតាមលក្ខខណ្ឌ និងស្តង់ដារដូចគេដូចឯង ព្រោះពួកយើងនឹងមិនធ្វើឱ្យមានភាពងាយស្រួលពិសេសអ្វីនោះទេសម្រាប់ការចូលណាតូ»។ ការអត្ថាធិប្បាយរបស់ លោក ចូ បៃដិន ធ្វើឡើង មុនពេលក្រុមមេដឹកនាំប្រទេស NATO ត្រូវជួបប្រជុំគ្នាក្នុងប្រទេសលីទុយអានី នាខែកក្កដាខាងមុខនេះ។

អគ្គលេខាធិការ NATO លោក ជែន ស្តូលថិនបឺគ ធ្លាប់បាននិយាយថា ស្របពេលដែលបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ នឹងរឹតបន្តឹងទំនាក់ទំនងនយោបាយជាមួយ អ៊ុយក្រែន កំលុងកិច្ចប្រជុំនាខែក្រោយក៏ដោយ វានឹងមិនមានការពិភាក្សាអំពីសមាជិកភាព NATO សម្រាប់ទីក្រុងកៀវនោះទេ ដូច្នេះ ផ្លូវសម្រាប់ចូលជាសមាជិកណាតូរបស់អ៊ុយក្រែន នៅវែងឆ្ងាយតទៅទៀត។

រយ:ពេលកន្លងមក ក្រុមប្រទេសជាសមាជិក NATO នៅភាគខាងកើតអឺរ៉ុប បាននាំគ្នាជំរុញឱ្យមានការផ្តល់ផែនការប្រសើរជាងមុន សម្រាប់ឱ្យអ៊ុយក្រែន អាចក្លាយ ជាសមាជិក ប៉ុន្តែសម្ព័ន្ធមិត្តសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានស្ទាក់ស្ទើរក្នុងការបោះជំហានឱ្យហួសពីពាក្យសន្យាត្រឹមថា អ៊ុយក្រែននឹងអាចចូលរួមក្នុង NATO នៅថ្ងៃណាមួយនាពេលអនាគត។

ទោះជាយ៉ាងណាក្ដី ក្រុមប្រទេស NATO បានផ្គត់ផ្គង់សព្វាវុធគិតជាទំហំទឹកប្រាក់ ស្មើនឹងរាប់សិបពាន់លានដុល្លាររួចស្រេចទៅហើយ ឱ្យទៅអ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើប្រទេសជិតខាងខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២, ហើយជាមួយគ្នានេះដែរ មេដឹកនាំមួយចំនួននៅ NATO មានក្តីបារម្ភថា ការទទួលយកអ៊ុយក្រែនជាសមាជិក មុខជានឹងបង្កើនលទ្ធភាពដែល NATO ត្រូវប្រឈមមុខជាមួយរុស្ស៉ីដោយផ្ទាល់ ក្នុងសង្រ្គាម មិនខានឡើយ, មានន័យថា ការទទួលយកអ៊ុយក្រែន ស្មើនឹងទទួលយកភ្លើងសង្គ្រាមចំពោះមុខជាមួយរុស្ស៊ី។

ដោយឡែក កាលពី ខែមេសា កន្លងទៅ NATO ទើបតែទទួលបានសមាជិកទី៣១ នោះគឺ ហ្វាំងឡង់ ខណៈពាក្យសុំចូលជាសមាជិករបស់ស៊ុយអែត កំពុងតែបន្ត ជាប់គាំងដោយសារ ប្រទេសតួកគី នៅតែចោទ ស៊ុយអែត ថា ផ្តល់កន្លែងជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធឃើដ ដែលខ្លួនចាត់ទុកជា ពួកភេរវករ ហើយបង្កអសន្តិសុខដល់បណ្ដាប្រទេសផ្សេងៗ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×