រដ្ឋធានីកៀវ៖ ក្រោយពេលរុស្ស៊ី បានអះអាង អំពីមេទ័ពកំពូលរបស់អ៊ុយក្រែន អាចនឹងនៅក្រៅប្រទេស ដោយសារតែរងរបួសក្បាល ពីមីស៊ីលរបស់ទាហានរបស់ក្រុងមូស្គូ នោះមក អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ក្រុងកៀវ ក៏បានអះអាង អំពីការប្រឌិតព័ត៌មានមិនពិតរបស់វិមានក្រឹមឡាំង ជុំវិញការបាត់វត្ដមានរបស់លោកនាយអគ្គសេនាធិការ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhny)។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ថា ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង ថា លោក វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhny) នាយអគ្គសេនាធិការ នៃកងទ័ពអ៊ុយក្រែន អាចនឹងនៅក្រៅប្រទេស អ៊ុយក្រែន។

នៅពេលសួរ អំពីកន្លែងស្នាក់នៅរបស់លោកមេទ័ពកំពូលរបស់អ៊ុយក្រែន រូបនេះ លោកប្រធានាធិបតី ពូទីន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា «ខ្ញុំដឹង ហើយខ្ញុំគិតថា ខ្ញុំដឹង។ ខ្ញុំគិតថា គាត់នឹងនៅក្រៅប្រទេស។ ខ្ញុំអាចថា គិតខុស»។
បណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី បានអះអាង កាលពីខែឧសភាកន្លងទៅនេះ ថា លោកនាយអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានរងរបួសក្បាល និង រងរបួសជាច្រើនកន្លែង ដោយសារតែការវាយប្រហារពីកាំជ្រួចផ្លោងរបស់រុស្ស៊ី ដោយបានតម្រង់ ទៅលើគោលដៅ នៃទីបញ្ជាការរបស់អ៊ុយក្រែន នៅជិតទីក្រុងខឺរសុន (Kherson)។ នៅពេលនោះដែរ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានអះអាងទៀត ថា លោកមេទ័ពកំពូលរូបនេះ បានទទួលការវះកាត់វះកាត់ នៅក្នុងមន្ទីរពេទ្យយោធា ស្ថិតនៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ រីឯស្ថានភាពរបួសរបស់គាត់ មានសភាពស្មុគស្មាញ ដោយសារតែគាត់កើតជំងឺទឹកនោមផ្អែម ប្រភេទទី២។

លោក វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhny) នាយអគ្គសេនាធិការ នៃកងទ័ពអ៊ុយក្រែន ត្រូវបានគេរំពឹង ទៅចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការយោធារបស់អង្គការណាតូ កាលពីថ្ងៃទី១០ ខែឧសភា ប៉ុន្តែគាត់បានខកខាតទៅចូលរួម។
លោកឧត្តមនាវីឯក រ៉ូប បាវអើ (Rob Bauer) ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ (NATO) បានបញ្ជាក់ ថា គាត់បានទទួលសំបុត្រ ពីលោក ហ្សាលូស្នី (Zaluzhny) ដោយបានពន្យល់ ថា គាត់មិនអាចទៅចូលរួមកិច្ចប្រជុំនេះបានទេ ដោយសារតែស្ថានភាពដ៏លំបាក នៅក្នុងសមរភូមិ។ ប៉ុន្ដែផ្ទុយទៅវិញ លោក ស៊ើអ៊ី សាលគូតសាន់ (Serhii Salkutsan) តំណាងយោធាអ៊ុយក្រែន ប្រចាំនៅអង្គការណាតូ ជាអ្នកផ្តល់ព័ត៌មានដ៏ចាំបាច់មួយនេះ ដល់គណៈកម្មាធិការយោធារបស់អង្គការណាតូ។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋអ៊ុយក្រែន Ukrinform បានរាយការណ៍ ថា លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Malyar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា រុស្ស៊ី បានចាប់ផ្ដើមប្រឌិតរឿងក្លែងក្លាយ ជុំវិញអវត្ដមានរបស់លោកនាយឧត្ដមសេនីយ៍ ហ្សាលូស្នី ដើម្បីបំបាក់ទឹកចិត្តដល់អ្នកប្រយុទ្ធ នៅលើសមរភូមិទីក្រុងបាកមូត៕រក្សាសិទ្ធដោយ ៖ សារាយSN
















