ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានប្រារព្ធបុណ្យរក្ខទិវារ៩កក្កដាឆ្នាំ២០១៨ នៅវត្តឧត្តមព្រឹក្សាក្នុងស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៨។
ពិធីនេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ មានខណ្ឌរដ្ឋបាលព្រៃឈើជាសេនាធិការ ក្រោមកិច្ចសហការគាំទ្រពីអាជ្ញាធរខេត្ត និងរួមសហការជាមួយ អាជ្ញាធរមូលដ្ឋានអង្គការជាតិ និងអន្តរជាតិ បានរៀបចំប្រារព្វបុណ្យទិវា៩ កក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តឧត្ដមព្រឹក្សា ហៅវត្តព្រែកក្រាញ់នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាទិវាដ៏សំខាន់ ក្នុងការចលនាជំរុញអោយមានការថែរក្សា និងដាំដើមឈើឡើងវិញនៅគ្រប់ទីកន្លែង។
លោក ជុំ ច័ន្ទថុល ប្រធានមន្ទីរស្ដីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ មានប្រសាសន៍ថា ចលនាលើកកំពស់ស្មារតីជំរុញ និងអនុវត្តន៍ការដាំដើមឈើឡើងវិញ ព្រមទាំងចលនាដល់វិស័យឯកជន និងប្រជាពលរដ្ឋដាំដើមឈើនៅគ្រប់ទីកន្លែង។
លោកបន្តថា សម្រាប់ឆ្នាំនេះ ខេត្តព្រះសីហនុ បានបណ្ដុះកូនឈើចំរុះគ្រប់ប្រភេទចំនួន ១៥៩.៤០០ដើម ក្នុងនៅឈើហូបផ្លែចំនួន១.៩០០ដើម ឈើរយៈពេល វែង១៥៧.៥០០ដើម សម្រាប់ធ្វើការចែកចាយ ជូនប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នអង្គភាពផ្សេងៗយកទៅដាំតាមកន្លែងរបស់ខ្លួន និងដាំជាចំការចំនួន៨៧ហិតានៅក្នុងស្រុកស្ទឹងហាវ។ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានបន្តថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំនេះ ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ បាននាំយកកូនឈើចម្រុះសំរាប់ពិធីដាំដើមឈើរួមមានឈើគគីរ ឈើក្រញូង និងឈើទាល សរុបចំនួន២.២០០ដើម ដោយដាំលើផ្ទៃដី២ហិតា ក្នុងបរិវេនវត្តឧត្ដមព្រឹក្សា សមដៅជំរុញអោយមានការថែរក្សានិងដាំដើមឈើឡើងវិញគ្រប់ទីកន្លែង។
នាឱកាសនោះដែរ ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងនាមតំណាងអោយរដ្ឋបាលខេត្ត បានសំដែង នូវមោទនៈ ភាពបំផុត ចំពោះការប្រារព្វពិធីបុណ្យរុក្ខទិវា៩កក្កដា នៅស្រុកព្រៃនប់ឆ្នាំនេះ ដោយចាត់ទុកថា ការដាំដើមឈើគឺជាគោលការណ៍ ចំពោះមុខ សំដៅអភិវត្តន៍ សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ខ ក្នុងខេត្តព្រះសីហនុ នៅក្នុងដំណើការស្ដារឡើងវិញ នូវប្រភពធនធានធម្មជាតិព្រៃឈើ ដែលជាកត្តាចាំបាច់បំផុត។
ព្រមជាមួយគ្នានេះ ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានណែនាំអោយគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធរួមសហការជាមួយនិងអាជ្ញាធរ អង្គការជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានារួម និងប្រជាពលរដ្ឋទាំងអស់អោយរួមគ្នាការពារកុំអោយកើតមាន មានការបំផ្លាញព្រៃឈើដោយខុសច្បាប់ និងបង្កើនចលនាការពារ និងដាំដើមឈើឡើងវិញគ្រប់ទីកន្លែង ដើម្បីអោយព្រៃឈើ នៅខេត្តព្រះសីហនុ មាននិរន្តរភាពប្រសើរឡើងវិញ៕ ដោយ ៖ ដែនសីមា