រដ្ឋធានីកៀវ៖ ដោយសារតែថៅកែ Wagner រីករាយនឹងតួនាទីរបស់គាត់ ដឹកនាំកម្លាំងទាហានឯកជនរបស់គាត់ ចូលរួមប្រយុទ្ធដ៏ខ្លាំងក្លា នៅក្នុងប្រទេសអ៊ុយក្រែន ទើបធ្វើឲ្យគាត់ក្លាយជាឥស្សជនអាចទទួលស្គាល់ជាសាធារណៈ នៅក្នុងប្រទេសរុស្ស៊ី ហើយគាត់អាចនឹងប្រជែង នៅក្នុងចំណោមក្រុមអភិរក្សនិយមផ្សេងៗទៀត រហូតបង្កើតជាសំណួរចោទសួរឡើង ថា តើលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) មានមហិច្ឆតា នៅក្នុងឆាកនយោបាយរបស់រុស្ស៊ី ឬយ៉ាងណា?

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ជាស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group នៅក្នុងប្រទេសរុស្ស៊ី វ័យ៦២ឆ្នាំ មានមុខមាត់អាក្រក់ កំពុងតែមានមហិច្ឆតា ក្លាយជាអ្នកនយោបាយ។ គាត់បានចំណាយពេលស្ទើរតែ១ទសវត្សរ៍ ឆ្នាំ១៩៨០ នៅក្នុងពន្ធនាគារ នាសម័យសហភាពសូវៀត ក្រោយពេលតុលាការ នាសម័យនោះ បានរកឃើញ ថា គាត់មានពិរុទ្ធ ពីបទប្លន់ប្រដាប់អាវុធ ហើយបានជ្រើសរើសកុមារជាច្រើននាក់ ឲ្យចូលទៅក្នុងក្រុមក្មេងទំនើង។ ប៉ុន្ដែរយៈពេលជាង៣០ឆ្នាំក្រោយមក លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានបោះជំហាន ចាកចេញពីស្រមោលដ៏ខ្មៅ ពីអតីតកាលនោះ ដើរចូលទៅក្នុងពន្លឺនយោបាយរបស់រុស្ស៊ី។

ការស្ទង់មតិជាច្រើន បង្ហាញ ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានក្លាយជាបុគ្គល អាចទទួលស្គាល់ពីសាធារណជនរបស់រុស្ស៊ី ហើយគាត់កំពុងតែឈរជើង នៅក្នុងឆាកនយោបាយ នៅក្នុងចំណោមក្រុមអភិរក្សនិយមរបស់រុស្សី ដែលតែងតែគោរពដល់មេដឹកនាំរបស់សហភាពសូវៀត លោក ចូសេហ្វ ស្តាលីន (Josef Stalin)។ គាត់តែងតែចង់ឈ្នះសង្រ្គាម នៅក្នុងប្រទែសអ៊ុយក្រែន ដោយមិនបានគិត ថា នឹងមានរឿងអ្វីកើតឡើងនោះឡើយ។
លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ធ្លាប់លើកឡើង កាលពីអំឡុងខែឧសភា ថា «សមមិត្ត ស្តាលីនពិតជាត្រឹមត្រូវ» ដោយគាត់បាននិយាយ អំពីការកាត់ទោសប្រហារជីវិត សម្រាប់ទាហាន និង ក្រុមមន្ត្រីយោធាណា បានទទួលបរាជ័យ នៅក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្រ្គាម ដែលកំពុងតែធ្លាក់ចុះ។

ថៅកែទាហានស៊ីឈ្នួលរូបនេះ ក៏បានបញ្ជាក់ ថា ក្រោយការបាត់បង់ទាហានស៊ីឈ្នួល រាប់ម៉ឺននាក់ នៅលើសមរភូមិ នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន នោះមក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group របស់គាត់ នឹងជ្រើសរើសទាហានជាច្រើននាក់បន្ថែមទៀត ហើយនឹងបញ្ចូលមនោគមវិជ្ជាយោធា ដល់ពួកគេ។
ចំពោះអ្នកសង្កេតការណ៍នៅខាងក្រៅមួយចំនួន បានយល់ឃើញ ថា ការប្រែប្រួលរបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន អាចជាផ្នែកមួយ នៃផែនការផ្ទេរអំណាចរបស់វិមានក្រឹមឡាំង នៅក្នុងករណីមានការដួលរលំស្រដៀង ទៅនឹងគ្រាវឹកវរ នៃការសោយទិវង្គតរបស់របស់ព្រះអង្គម្ចាស់ ហ្សា អ៊ីវ៉ាន់ (Czar Ivan) និង ការឡើងសោយរាជ្យ នៃរាជវង្សរ៉ូម៉ាណូវ (Romanov) កាលពី៤សតវត្សមុន។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានបញ្ជូនទាហានស៊ីឈ្នួល Wagner ទៅកាន់ប្រទេសស៊ីរី ចូលរួមប្រយុទ្ធ សម្រាប់ជួយដល់កងទ័ពរបស់លោកប្រធានាធិបតីស៊ីរី បាសារ អាល់-អាសសាដ (Bashar al-Assad) ជាមួយនឹងបញ្ជា រឹបអូសយករោងចក្រឧស្ម័នធម្មជាតិមួយ នៅក្នុងតំបន់ គ្រប់គ្រងដោយជនជាតិឃឺដ នៅភាគខាងកើតរបស់ប្រទេសស៊ីរី។ ការបោះជំហានចុងក្រោយរបស់គាត់ បាននាំឲ្យមានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធជាលើកដំបូង ពាក់ព័ន្ធជាមួយនឹងរុស្ស៊ី និង សហរដ្ឋអាមេរិក ចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ មក។
កងកម្លាំងសម្ពន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក បានវាយប្រហារ ទៅលើកងកម្លាំងទាហានទាំងនោះ និង កងទ័ពរបស់ស៊ីរី ដោយមានការគាំទ្រ ពីយន្ដហោះចម្បាំងជាច្រើនគ្រឿង និង កាំភ្លើងផ្លោង រហូតបានសម្លាប់ទាហាន ជាគូជម្លោះ អស់រាប់រយនាក់។

ដោយឡែក អ្នកវិភាគផ្សេងទៀត បានយល់ស្រប ថា ដោយសារតែលោក ព្រីហ្គោហ្ស៊ីន បានបង្កើតសត្រូវជាច្រើន នៅក្នុងចំណោមមេទ័ពកំពូលៗរបស់រុស្ស៊ី ទើបគាត់បានបដិសេធ មិនបង្ខំទាហានស៊ីឈ្នួល Wagner របស់គាត់ ឱ្យចុះកិច្ចសន្យា ជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី។
លោកបណ្ឌិត នីកូឡៃ មីត្រូខិន (Nikolay Mitrokhin) ជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវ សម្រាប់ការសិក្សាតំបន់អឺរ៉ុបខាងកើត នៃសាកលវិទ្យាល័យ Bremen (ប្រ៊េមែន) ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ ថា លោក ព្រីហ្គោហ្ស៊ីន មានជម្រើស២ រួមមាន៖ ទី១-បិទមាត់ និង គោរពតាមការសម្រេចចិត្តរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងការបង្រួបបង្រួមប្រជាជនរុស្ស៊ី និង អ៊ុយក្រែនទាំងអស់ នៅភាគខាងត្បូង ដែលជាសេរីភាពអនាធិបតេយ្យរបស់ក្រុមហ៊ុនទាហាន Wagner នៅក្នុងក្របខ័ណ្ឌ នៃរចនាសម្ព័ន្ធរដ្ឋធម្មតា។ ទី២-ត្រូវដុតសម្លាប់ ក្រោយពេលការបាញ់ប្រហារពីក្រុមពន្លត់ភ្លើង នៅក្នុងរថយន្តរបស់គាត់ ដែលជាអ្វីមួយ នឹងត្រូវកំណត់ នៅពេលក្រោយ ចំពោះក្រុមបង្កភាពចលាចលរបស់អ៊ុយក្រែន។

លោកបណ្ឌិត នីកូឡៃ មីត្រូខិន បានបន្ដ ថា លោក ព្រីហ្គោហ្ស៊ីន កំពុងតែឆ្លងកាត់បន្ទាត់ក្រហមច្រើនណាស់ ហើយបន្ទាត់ក្រហមមួយទៀត អាចនឹងបង្ហាញ អំពីការស្លាប់។ លោកប្រធានាធិបតី ពូទីន បានអត់ឱនដល់អតីតសម្ពន្ធមិត្ត ដែលមានកិត្តិយស ប៉ុន្តែលោក ព្រីហ្គោហ្ស៊ីន (Prigozhin) ត្រូវបានគេប្រាប់ម្តងហើយម្តងទៀត ថា គាត់កំពុងតែនាំទុក្ខដាក់ខ្លួន ហើយនឹងមិនមានតម្លៃខាងនយោបាយនោះឡើយ»។
លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានចាប់ផ្ដើម បង្កើតក្រុមហ៊ុន Wagner Group នៅក្នុងអំឡុងឆ្នាំ២០១៤ ហើយចាប់ផ្ដើមធ្វើប្រតិបត្ដិការ នៅក្នុងប្រទេសស៊ីរី លីបី ស៊ូដង់ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ម៉ាលី មូហ្សាមប៊ីគ (Mozambique) និង តំបន់ភាគអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែន។ លោក ព្រីហ្គោហ្ស៊ី តែងតែព្យាយាមអភិវឌ្ឍធនធានរ៉ែ នៅក្នុងតំបន់កាន់កាប់របស់គាត់ ហើយគាត់ក៏បានធ្វើពាណិជ្ជកម្ម លើត្បូងពេជ្រ ប្រឡាក់ដោយឈាមរបស់ជនជាតិអាហ្រ្វិក ថែមទៀតផង។

នៅក្នុងខែមករា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានដណ្តើមកាន់កាប់ទីក្រុងសូឡេដា (Soledar) ធ្លាប់ផលិតអំបិល៩០ភាគរយ ដែលអាចបរិភោគបាន នៅក្នុងប្រទេសអ៊ុយក្រែន។ បរិស្ថានរបស់តំបន់នោះ សម្បូរទៅដោយថ្មអាល់ប័ (Alabaster) ជាដីឥដ្ឋដ៏មានតម្លៃ សម្រាប់សេរ៉ាមិច (Ceramic ជាប្រភេទពែង ក្រឡ ..ធ្វើពីដីឥដ្ឋ) និង ធ្យូងថ្ម។
នៅក្នុងប្រទេសរុស្ស៊ី លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ក្លាយជាឥស្សរជនទទួលស្គាល់ ពីសាធារណជនលំដាប់លេខ៥ បន្ទាប់ពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន, លោកនាយករដ្ឋមន្រ្ដី មីខាល មីស៊ូស្ទីន (Mikhail Mishustin), លោករដ្ឋមន្រ្ដីក្រសួងការបរទេស ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) និង លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ ស៊ើរហ្គេ សយហ្គូ (Sergei Shoigu)៕ រក្សាសិទ្ធដោយ ៖ សារាយSN


































