ខិតចូលគ្នាបន្តិចវិញហើយរវាងសហរដ្ឋអាមេរិក និងចិន ដោយថ្នាក់ដឹកនាំនៃស្ថាប័នធំៗ បានប្តេជ្ញារក្សាស្ថិរភាពទំនាក់ទំនងរបស់ពួកគេ ដែលកំពុងធ្លាក់ចូលក្នុងសភាពតានតឹងខ្លាំង ហើយក៏ត្រឡប់មកធូរស្រាលបន្តិចវិញក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏សំខាន់ទៅកាន់ទីក្រុងប៉េកាំង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានតូនី ប៊្លីនខិន (Anthony Blinken) បានជួបពិភក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទម្សិលមិញនេះ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រៅពីឆន្ទៈក្នុងការពិភាក្សា មានសញ្ញាតិចតួច ដែលថាពួកគេកំពុងរៀបចំផ្លាស់ប្តូរជំហររឹងរូសរបស់ខ្លួន លើបញ្ហាជាច្រើនចាប់ពីពាណិជ្ជកម្មរហូតដល់បញ្ហាតៃវ៉ាន់ និងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងហុងកុង និងបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាដើម។ វាគ្រាន់តែធូរស្រាលបន្តិចប៉ុណ្ណោះ មិនទាន់ឈានទៅល្អប្រសើរនោះទេ គេនៅតាមដានមើលថា តើប្រទេសទាំងពីរអាចដោះស្រាយភាពខុសគ្នាដ៏ចម្រូងចម្រាសរបស់ពួកគេ ដែលភាគច្រើនមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុអន្តរជាតិ សន្តិសុខ និងស្ថិរភាពដែរឬយ៉ាងណា?!

ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយ លោក អានតូនី ប៊្លីនខិន (Anthony Blinken) ដែលមានមន្ត្រីការទូតរបស់ប្រទេសទាំងពីរចូលរួមយ៉ាងយកចិត្តទុកដាក់នោះ លោក ស៊ី ជីនពីង (Xi Jinping) បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំមុននេះ ដោយលោកប្រធានាធិបតីចិនរូបនេះ បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រមបន្តកម្មវិធីនៃការយោគយល់ ដែលរូបលោក និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីចុងឆ្នាំមុន។
មុននឹងឈានចូលមកដល់សភាពការណ៍ថ្មីនេះ គឺកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសចិន បានបើកកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈស្ថាបនាលើការខ្វែងគំនិតគ្នារវាងប្រទេសទាំង២ រាប់ចាប់ពីបញ្ហាតៃវ៉ាន់ រហូតដល់ការធ្វើពាណិជ្ជកម្ម។

ងាកមកកាលពីថ្ងៃចន្ទម្សិលមិញនេះ ដែរ មុននឹងជួបជាមួយ លោក Xi Jinping អ្នកកាទូតកំពូលអាមេរិករូបនេះ ក៏ជួបពិភាក្សាជាមួយ មន្រ្តីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) ផងដែរ ស្ដីពីការកែប្រែស្ថានភាពចម្រូងចម្រាសនេះ។
ស្ថានភាពថ្មីនេះ បើតាមក្រុមអ្នកវិភាគ ដំណើរទស្សនកិច្ចរបស់លោក ប៊្លីនខិន ប្រហែលនឹងអាចជួយត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំទ្វេភាគី រវាងមន្រ្តីជាន់ខ្ពស់ដទៃទៀត របស់ប្រទេសទាំងពីរ ដូចជាលទ្ធភាពនៃការបំពេញទស្សនកិច្ចដោយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណិត យេលែន (Janet Yellen) និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo) ជាដើម, ហើយវាអាចនឹងដោះស្រាយបញ្ហាជាប់គាំងផ្នែកសេដ្ឋកិច្ចមួយចំនួនរវាងអាមេរិក-ចិន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN








