រដ្ឋធានីហាណូយ៖ ដោយសារពិភពលោក កំពុងតែដើរដល់សម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើបនោះ វៀតណាម ក៏កំពុងតែអភិវឌ្ឍប្រទេសឲ្យយ៉ាងលឿនបំផុតមួយ នៅក្នុងតំបន់អាស៊ាន រហូតធ្វើឲ្យការទូទាត់ ដោយគ្មានសាច់ប្រាក់ តាមរយៈធនាគារ គិតជាមធ្យម កើនដល់៤០ពាន់លានដុល្លារ ក្នុង១ថ្ងៃ។
សារព័ត៌មានរបស់វៀតណាម Vietnam Net បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ថា លោក ផាម អាញ ទួន (Pham Anh Tuan) ប្រធាននាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម (SBV) បានឱ្យដឹងថា ការទូទាត់ដោយគ្មានសាច់ប្រាក់ កំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសវៀតណាម ជាពិសេស ក្រោយវិបត្ដិជំងឺរាតត្បាត បង្កឡើងដោយកូវីដ-១៩ ជាមួយនឹងប្រតិបត្តិការ តាមរយៈធនាគារ គិតជាមធ្យម ចំនួន៤០ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេលមួយថ្ងៃ។

លោកប្រធាននាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម បានថ្លែងនៅក្នុងសិក្ខាសាលាមួយ ដែលជាផ្នែកមួយ នៃទិវាគ្មានសាច់ប្រាក់ ២០២៣ (Cashless Day 2023) កាលពីពេលថ្មីៗនេះ ថា ធនាគារកណ្តាលវៀតណាម បានកំណត់គោលដៅ បង្កើតគណនីទូទាត់ ដោយគ្មានសាច់ប្រាក់ សម្រាប់ពាក់កណ្តាល នៃប្រតិបត្ដិការទាំងអស់ នៅឆ្នាំ២០២៥។ សកម្មភាពបែបនេះ នឹងផ្តល់អាទិភាព ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ លើការទូទាត់ប្រាក់ កាន់តែទូលំទូលាយ ដោយអាចចូលទៅប្រើប្រាស់បាន និង មានសុវត្ថិភាព នៅទូទាំងប្រទេស សម្រាប់ការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល។ នេះជាទម្រង់ប្រតិបត្តិការដ៏ពេញនិយម សម្រាប់មនុស្សទាំងអស់គ្នា។
លោកប្រធាននាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម បានបន្ថែម ថា ធនាគារកណ្តាលវៀតណាម កំពុងតែធ្វើសេចក្តីព្រាងក្រឹត្យថ្មីមួយ សម្រាប់បង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីលើកកម្ពស់ ដល់ការទូទាត់ មិនមែនជាសាច់ប្រាក់។

បើនាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម ហៅកាត់ SBV បានឲ្យដឹង ថា បច្ចុប្បន្ន មនុស្សពេញវ័យ នៅទូទាំងប្រទេសវៀតណាម ច្រើនជាង៧០ភាគរយ សុទ្ធតែមានគណនីធនាគារ។ ចំណែកប្រតិបត្តិការទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារអន្តរធនាគារ បានកើនឡើង ៥២,៨ភាគរយ ធៀបនឹងឆ្នាំមុន បើគិតជាបរិមាណ នៅក្នុងរយៈពេល៤ខែដំបូង។
ជាមួយគ្នានេះដែរ ការទូទាត់ប្រាក់ តាមរយៈលេខកូដ QR មានកំណើនគួរឱ្យចាប់អារម្មណ៍បំផុត ជាមួយនឹងការកើនឡើង ច្រើនជាង១៦១ភាគរយ នៅក្នុងបរិមាណ និង ៣៦ភាគរយ នៅក្នុងតម្លៃ។ ចំណែក ការដកសាច់ប្រាក់ តាមម៉ាស៊ីន ATM បានបន្តធ្លាក់ចុះ ពី៣,៥ភាគរយ នៅក្នុងបរិមាណ និង ៥,៥ភាគរយជាតម្លៃ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

















