រដ្ឋធានីកៀវ៖ ក្រោយការសាកល្បង វាយបកទៅលើកម្លាំងទាហានរុស្ស៊ី អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋាភិបាលក្រុងកៀវ ទំនងជានឹងផ្អាកនូវប្រតិបត្ដិការយោធារបស់ខ្លួន ជាបណ្ដោះអាសន្នរយៈពេលខ្លី ដោយដកឃ្លាមកធ្វើការវាយតម្លៃឡើងវិញ អំពីយុទ្ធសាស្រ្ដរបស់ខ្លួន បន្ទាប់មកនឹងបើកការវាយបកទ្រង់ទ្រាយធំឡើង វិញ ហើយខណៈនេះដែរ លោកស្រី អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានវាយតម្លៃថា ប្រតិបត្តិការយោធាវាយបកមុននេះរបស់អ៊ុយក្រែន គឺពិតជាបានប្រយុទ្ធដ៏ស្វិតស្វាញបំផុតនៅលើសមរភូមិរវាងភាគីជម្លោះទាំង២ ដែលនោះវាគ្រាន់តែជាការធ្វើតេស្ដប៉ុណ្ណោះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ថា លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ការវាយលុកទ្រង់ទ្រាយធំបំផុត នៅក្នុងយុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី នៅមិនទាន់ចាប់ផ្ដើមនៅឡើយ។ ប៉ុន្ដែលោកស្រី បានទទួលស្គាល់ ថា ប្រតិបត្ដិការយោធា នៅក្នុងការសាកល្បង វាយបក រយៈពេលប៉ុន្មានថ្ងៃនេះ ពិតជាមានការលំបាកខ្លាំងណាស់ ព្រោះរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែធ្វើអ្វីៗគ្រប់យ៉ាង នៅលើសមរភូមិ សម្រាប់ការរារាំងដល់កងទ័ពអ៊ុយក្រែន វាយរុលទៅមុខ។

កងទ័ពអ៊ុយក្រែន កាលពីពីរសប្តាហ៍មុន បានចាប់ផ្តើមសាកល្បងវាយបកដំណាក់កាលដំបូង តាមពាក្យចចាមអារ៉ាម អស់រយៈពេលជាយូរមកហើយ។ រហូតមកដល់ពេលនេះ ក្រុងកៀវ នៅតែរក្សាភាពស្ងៀមស្ងាត់បំផុត ហើយមិនបានបង្ហាញ អំពីកម្លាំងកងទ័ពដ៏ធំរបស់ខ្លួន សម្រាប់ការវាយបកទ្រង់ទ្រាយធំ រំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ី។ ប៉ុន្តែការធ្វើតេស្ដវាយបក នៅក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះ ក៏មានមានសេចក្តីរាយការណ៍ អំពីកងទ័ពអ៊ុយក្រែន បានវាយបក រុលទៅមុខយឺតៗ ហើយប្រឈមនឹងការវាយសន្ធាប់យ៉ាងខ្លាំងក្លា ទប់ទល់ពីទាហានរុស្ស៊ី ទើបធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាលក្រុងម៉ូស្គូ បានចេញមុខ មកអះអាងថា ការវាយបករបស់ក្រុងកៀវ កំពុងតែរងនូវបរាជ័យ។

រដ្ឋាភិបាលក្រុងកៀវ តែងតែរក្សានូវភាពស្ងៀមស្ងាត់បំផុត ហើយហាមប្រាមដល់កងទ័ពរបស់ខ្លួន មិនឲ្យទម្លាយចេញនូវផែនការ នៃយុទ្ធនាការវាយបករបស់ខ្លួន។ ប៉ុន្ដែអ៊ុយក្រែន កាលពីថ្ងៃចន្ទ បានប្រកាស ថា កងទ័ពរបស់ខ្លួន បានទទួលជ័យជម្នះដ៏តិចតួច ជាមួយនឹងការរំដោះបានភូមិចំនួន៨ មានផ្ទៃដីទំហំ១១៣គីឡូម៉ែត្រការ៉េ។
លោកស្រី ហានណា ម៉ាលីយ៉ា អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ប្រតិបត្ដិការយោធា កំពុងតែបន្ដ នៅតាមទិសដៅផ្សេងៗគ្នា ហើយកងទ័ពរបស់យើង កំពុងតែបំពេញភារកិច្ចទាំងនេះ។ ប៉ុន្ដែកម្លាំងទាហានរុស្ស៊ី នឹងមិនងាយបោះបង់ចោលនូវទីតាំងឈរជើងរបស់ពួកគេនោះឡើយ។ ដូច្នេះ យើងត្រូវតែរៀបចំយុទ្ធសាស្រ្ដថ្មី សម្រាប់ការវាយលុកដ៏ស្វិតស្វាញ ប្រឆាំងនឹងទាហានរុស្ស៊ី។ នេះជាអ្វីៗដែលកំពុងតែកើតមានឡើង នាពេលនេះ»។

លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង កាលពីសប្ដាហ៍មុន ថា ការវាយបករបស់អ៊ុយក្រែន នឹងមិនជោគជ័យនោះឡើយ។ ប៉ុន្តែអ្នកសរសេរប្លុកយោធារុស្ស៊ីខ្លះ បានរាយការណ៍ថា រដ្ឋាភិបាលក្រុងកៀវ បានទទួលជោគជ័យតិចតួចបំផុត ប៉ុន្តែពួកគេ បានខាតបង់ដ៏ធំសម្បើមណាស់ លើកម្លាំងទ័ព និង គ្រឿងយុទ្ធោបករណ៍ ខណៈពេលនេះសហរដ្ឋអាមេរិក និងប្រទេសជាមិត្តសំខាន់ៗមួយចំនួន ហាក់ដកឃ្លាចេញបន្តិចក្នុងការផ្ដល់ជំនួយ៕ រក្សាសិទ្ធដោយ ៖ សារាយSN















