Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ បង្កើនការរុករកការបាត់ខ្លួនរបស់មហាសេដ្ឋីជាច្រើននាក់ ទៅលេងខ្មោចកប៉ាល់ទីតានិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមទេសចរ ជាមហាសេដ្ឋី បានធ្វើដំណើរតាមនាវាមុជទឹក ទៅលេងខ្មោចកប៉ាល់ទីតានិក (Titanic) ហើយរហូតមកដល់ពេលនេះ កំពុងតែបាត់ខ្លួន ប៉ុន្ដែអាជ្ញាធរកំពុងតែពង្រីកនូវការរុករករបស់ខ្លួន ចូលនៅក្នុងទឹកជ្រៅ នៅឆ្នេរសមុទ្ររបស់កាណាដា។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ នៅថ្ងៃពុធ ទី២១ ខែមិថុនា ថា មន្រ្ដីឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីល្ងាច ថ្ងៃអង្គារ ថា អាជ្ញាធរកំពុងតែពង្រីកនូវការរុករករបស់ខ្លួន នៅក្នុងសមុទ្រទឹកជ្រៅ ដើម្បីស្វែងរកនាវាមុជទឹកដែលបានបាត់ ខណៈកំពុងតែដឹកអ្នកទេសចរ ជាអ្នកមានទ្រព្យសម្បតិ្ដច្រើន ទៅទស្សនាខ្មោចកប៉ាល់ទីតានិក នៅឆ្នេរសមុទ្ររបស់កាណាដា។

លោកឧត្ដមនាវី ចន មោហ្គើរ (John Mauger) មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានផ្ដល់បទសម្ភាសន៍មួយ ដល់បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN ថា«យើងកំពុងតែបន្ដស្វែងរកនាវាមុជទឹក ដែលបានបាត់នោះ… ហើយយើងបានធ្វើការពេញមួយយប់ ជាមួយដៃគូរបស់យើង ស្វែងរកមើលនៅលើផ្ទៃទឹក។ ប៉ុន្ដែឥឡូវនេះ យើងកំពុងតែពង្រីកនូវការរុករក នៅក្រោមផ្ទៃទឹក នៅក្នុងតំបន់នោះ»។

ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ ថា មនុស្សនៅក្នុងនាវាមុជទឹកនោះ មានអ្នកបើកម្នាក់ និង អ្នកដំណើរ ចំនួន៤នាក់។ ចំណែកនាវាមុជទឹកដែលបានបាត់នោះ មានសមត្ថភាពអាចមុជទឹក នៅក្នុងរយៈពេល៩៦ម៉ោង។ ប៉ុន្តែគេនៅតែមិនច្បាស់ ថាតើនាវានោះនៅតែនៅក្រោមទឹក ឬ បានងើបឡើងមកលើផ្ទៃទឹក ហើយរហូតមកដល់ពេលនេះ គេនៅតែមិនអាចទំនាក់ទំនងបានដដែល។

សហរដ្ឋអាមរិក និង កាណាដា បានបញ្ចេញនូវនាវា និង យន្ដហោះជាច្រើនគ្រឿង សម្រាប់ស្វែងរកនាវាមុជទឹក ដែលបានបាត់ អស់រយៈពេលជាង១ថ្ងៃកន្លងមកនេះ។ ចំណែកកងយន្ដហោះ និង នាវារបស់សហរដ្ឋអាមរិក និង កាណាដា ក៏កំពុងតែពង្រីកនូវការរុករក នៅក្នុងចម្ងាយ ប្រហែល ១ ៤៥០គីឡូម៉ែត្រ ហើយស្វែងរក នៅក្នុងជម្រៅទឹក រហូតដល់ ៣ ៩៦២ម៉ែត្រ។

លោកឧត្ដមនាវី ចន មោហ្គើរ មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងកំពុងតែដាក់ពង្រាយទ្រព្យសម្បត្តិទាំងអស់របស់យើង ដើម្បីធ្វើឲ្យប្រាកដ ថា យើងអាចកំណត់ទីតាំងនាវានោះបាន ហើយជួយសង្គ្រោះមនុស្ស នៅក្នុងនាវានោះ។ ប៉ុន្ដែរហូតមកដល់ល្ងាចអង្គារ យើងនៅតែបន្តហោះហើរយន្តហោះ និង ផ្លាស់ទីនាវាបន្ថែមទៀត។ ជាមួយគ្នានេះក្រុមមន្រ្ដីរបស់យើង ក៏កំពុងតែទាក់ទងទៅកាន់នាវាពាណិជ្ជកម្ម ដើម្បីសុំឲ្យពួកគេជួយផងដែរ។

ស្របគ្នានេះ ក្រុមហ៊ុនឯកជន ធ្វើប្រតិបត្ដិការលើនាវាមុជទឹក ក៏បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា ក្រុមហ៊ុន កំពុងតែប្រមែប្រមូលជម្រើសទាំងអស់ សម្រាប់ជួយសង្គ្រោះ ដល់មនុស្ស នៅក្នុងនាវាមុជទឹកនោះ។

បើតាមបណ្ដាញផ្សព្វផ្សាយសង្គម បង្ហោះដោយសាច់ញាតិ បានឲ្យដឹង ថា លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីអង់គ្លេស ក៏ស្ថិតក្នុងចំណោមអ្នកទេសចរ នៅក្នុងនាវាមុជទឹកនោះដែរ។

បើតាមក្រុមគ្រួសារ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «លោក សាហ្សាដា ដាវូដ (Shahzada Dawood) ជាមហាសេដ្ឋីជនជាតិប៉ាគីស្ថាន និង កូនប្រុសរបស់គាត់ ឈ្មោះ ស៊ូឡេម៉ាន់ (Suleman) ក៏ស្ថិតនៅក្នុងនាវាមុជទឹកនោះដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការព្រួយបារម្ភ ត្រូវបានបង្ហាញ ដោយសហការី និង មិត្តភក្តិរបស់យើង ហើយយើងចង់ស្នើសុំឱ្យអស់លោកទាំងអស់គ្នា អធិស្ឋាន និង បួងសួង សុំឲ្យពួកគេមានសុវត្ថិភាព»។

ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា នាវាមុជទឹកមួយគ្រឿង នៅលើផ្ទៃទឹក Polar Prince (ប៉ូឡាប្រាំងស៍) ហើយបានបាត់ ទំនាក់ទំនងជាមួយនាវាមុជទឹក ឈ្មោះ Titan (ទីតាន) ប្រហែលមួយម៉ោង និង ៤៥នាទី ក្រោយពេលនាវានោះ បានចាប់ផ្តើមមុជទឹក កាលពីព្រឹកថ្ងៃអាទិត្យ ឆ្ពោះទៅរកកន្លែងលិចរបស់កប៉ាល់ទីតានិក (Titanic) ។

ស្របគ្នានេះដែរ កូនប្រសាប្រុសរបស់លោក ហាឌីង មហាសេដ្ឋីអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ឪពុកក្មេករបស់គាត់ បានបាត់ខ្លួន នៅក្នុងនាវាមុជទឹក ហើយគាត់សូមបួងសួង និង អធិស្ឋាន ឲ្យគាត់មានសុវត្ថិភាព»។

បើតាមគេហទំព័ររបស់ OceanGate (អូសៀនហ្គេត) បានឲ្យដឹងថា បេសកកម្ម ទៅកាន់កប៉ាល់ទីតានិក គឺមនុស្សម្នាក់ ត្រូវចំណាយលុយ ចំនួន ២៥០ ០០០ដុល្លារ ដោយចាប់ផ្ដើមចេញដំណើរពី St. John (សេនស៍ ចន) កោះញូវហ្វោនឡែនដ៍ (Newfoundland ) ដោយធ្វើដំណើរ នៅក្នុងចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់កន្លែងដែលកប៉ាល់ទីតានិកនោះលិច។

កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស បានលិច នៅក្នុងឆ្នាំ១៩១២ ក្នុងការធ្វើដំណើរ ជាលើកដំបូងរបស់ខ្លួន ក្រោយពេលវាបានបុកជាមួយនឹងផ្ទាំងទឹកកកដ៏ក្រាស់ ហើយបានសម្លាប់មនុស្ស ជាង ១ ៥០០នាក់ នៅក្នុងនាវានោះ។ រឿងនេះ ត្រូវបានអ្នកនិពន្ធយកមកប្រឌិត ធ្វើជាខ្សែភាពយន្តភាគ រឿង «Titanic» នៅឆ្នាំ១៩៩៧៕ រក្សាសិទ្ធដោយ ៖ សារាយSN

×