រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ប្រមុខការពារជាតិរុស្ស៊ី ទើបនឹងទទួលបានព័ត៌មានពីទីភ្នាក់ងារចារកម្មរបស់ខ្លួន អះអាង អំពីមេទ័ពកំពូលរបស់អ៊ុយក្រែន កំពុងតែដាក់ចេញនូវផែនការវាយប្រហារ ទៅលើទឹកដីរបស់រុស្ស៊ី និង ឧបទ្វីបគ្រីមៀ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះហាយម៉ាស (HIMARS) ផលិតដោយសហរដ្ឋអាមេរិក និង ស្ដមសាដូវ (Storm Shadow) ផលិតដោយចក្រភពអង់គ្លេស។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ នៅថ្ងៃពុធ ទី២១ ខែមិថុនា ថា ប្រមុខការពារជាតិរបស់រដ្ឋាភិបាលក្រុងមូស្គូ កាលថ្ងៃអង្គារ បានអះអាង ថា ទីភ្នាក់ងារចារកម្មរបស់ខ្លួន បានស៊ើបការណ៍ដឹង អំពីផែនការរបស់មេទ័ពកំពូលរបស់អ៊ុយក្រែន កំពុងតែរៀបចំគម្រោង វាយប្រហារដោយមីស៊ីល ដែលត្រូវបានផ្គត់ផ្គង់ដោយលោកខាងលិច ទៅលើគោលដៅនានា ទាំងនៅលើទឹកដីរបស់រុស្ស៊ី និង ឧបទ្វីបគ្រីមៀ។ សកម្មភាពគំរាមកំហែងខាងយោធារបស់រដ្ឋាភិបាលក្រុងកៀវ នឹងនាំឲ្យមានការវាយប្រហារតបត សងសឹកវិញភ្លាមៗ ពីរុស្ស៊ី ប្រសិនបើមានករណីវាយប្រហារណាមួយមកលើទឹកដីរបស់ខ្លួន។

លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងក្រុមមន្រ្ដីយោធារបស់គាត់ ថា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រុងមូស្គូ បានរាយការណ៍ អំពីមេទ័ពកំពូលរបស់អ៊ុយក្រែន កំពុងតែដាក់ចេញនូវផែនការវាយប្រហារ មកលើទឹកដីរបស់រុស្ស៊ី ដោយរាប់បញ្ចូលទាំងឧបទ្វីបគ្រីមៀ (Crimea) ផងដែរ។ រីឯមីស៊ីលរបស់កងទ័ពអ៊ុយក្រែន នឹងត្រូវប្រើប្រាស់ នៅក្នុងការវាយប្រហារ មកលើទឹកដីរបស់រុស្ស៊ី នាពេលខាងមុខនោះ រួមមាន ហាយម៉ាស ផលិត ដោយសហរដ្ឋអាមេរិក និង Storm Shadow ផលិតដោយចក្រភពអង់គ្លេស។
ជាប្រតិកម្មតបតយ៉ាងខ្លាំងនឹងសេចក្ដីរាយការណ៍នេះ លោកប្រមុខការពារជាតិរុស្ស៊ី បានព្រមាន អំពីការវាយប្រហារសងសឹកភ្លាមៗ នៅក្នុងករណីមានការវាយប្រហារណាមួយ មកលើគោលដៅនានា នៅលើទឹកដីរបស់រុស្ស៊ី ឬ នៅតំបន់សមុទ្រខ្មៅ ដែលក្រុងម៉ូស្គូ បានដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី កាលពីអំឡុងឆ្នាំ២០១៤។

លោកប្រមុខការពារជាតិរុស្ស៊ី រូបនេះ បានសង្កត់ធ្ងន់ ថា ការប្រើប្រាស់មីស៊ីលរបស់លោកខាងលិចទាំងនេះ នៅខាងក្រៅរង្វង់តំបន់ប្រតិបត្តិការយោធាពិសេស នឹងមានន័យ ថា សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស កំពុងតែចូលរួមយ៉ាងពេញលេញ នៅក្នុងជម្លោះ ប្រឆាំងនឹងរុស្ស៊ី។ ដូច្នេះក្រុងមូស្គូ នឹងវាយប្រហារសឹកតបតវិញភ្លាមៗ ទៅលើមជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត ស្ថិតក្នុងប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិក ជាអ្នកដឹកនាំ ជំរុញឱ្យមានការគាំទ្រផ្នែកយោធា ជួយដល់ប្រទេសអ៊ុយក្រែន តាមរយៈការបង្កើតសម្ពន្ធភាពអន្តរជាតិយ៉ាងឆាប់រហ័ស ដើម្បីផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ ចាប់តាំងពីរុស្ស៊ី បានបញ្ជូនកម្លាំងទាហានរបស់ខ្លួន ចូលវាយលុក ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ លើសពីនេះទៅទៀត រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែងដើរតួនាទីយ៉ាងសំខាន់ ក្លាយជាអ្នកជួយសម្របសម្រួល សម្រាប់ការផ្ដល់ជំនួយយោធារបស់បណ្ដាប្រទេសនានា ជួយដល់អ៊ុយក្រែន។

សកម្មភាពរបស់រដ្ឋភិបាលក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យក្រុងមូស្គូ ចោទប្រកាន់ ថា ប្រទេសមហាអំណាចលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស កំពុងតែធ្វើសង្គ្រាម ដោយផ្ទាល់ ប្រឆាំងនឹងរុស្ស៊ី តាមរយៈការបំពាក់គ្រឿងសព្វាវុធទំនើបៗ ជួយដល់កងទ័ពអ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ មានយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន បានវាយប្រហារ ទៅលើទីក្រុងជាច្រើន នៅក្នុងប្រទេសរុស្ស៊ី ហើយបានកំណត់លើគោលដៅនានា នៅឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានរឹបអូសយក ដោយមិនមានការបង្ហូរឈាម កាលពីឆ្នាំ២០១៤។ ដោយឡែក រដ្ឋាភិបាលក្រុងកៀវ នៅតែរក្សាភាពស្ងៀមស្ងាត់ មិនបានទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុវាយប្រហារទាំងនោះឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN





















