នេះគឺជាខណៈពេលដ៏គួរឲ្យស្លុតរន្ធត់មួយ ដែលអណ្តូងទឹកវ័យចំណាស់មួយ ស្រាប់តែបានស្រុតចូលក្នុងដីទាំងស្រុង មិនដល់ ១ នាទីផង ។
មនុស្សម្នាមួយហ្វូងដែលមានការភ័យរន្ធត់ជាខ្លាំង បាននាំគ្នាចោមរោមមើលបរិវេនអណ្តូងទឹកមួយ បានស្រុតចុះមួយផ្នែកដំបូង ។ ប៉ុន្តែ ប៉ុន្មានវីនាទីក្រោយមក អណ្តូងទឹកនេះ ក៏បានបាក់ស្រុតទៅក្នុងដី និងបាត់ស្រមោលទៅក្នុងនោះ ដែលប្រែក្លាយជារណ្តៅទឹកមួយថ្មីគួរឲ្យខ្លាចតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិ Ambukuthi ស្ថិតក្នុងស្រុក Wayanad ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃទី៩ កក្កដា ។
អណ្តូងទឹកនេះ ត្រូវបានគេដឹងថា ជាអណ្តូងដែលមានវ័យចំណាស់ ត្រូវបានប្រើប្រាស់ ២, ៣ ជំនាន់មនុស្សទៅហើយ ។ ហើយវាជាអណ្តូងទឹកដ៏ពេញនិយមមួយ ដែលបម្រើដល់អ្នកកភូមិនៅទីនោះប្រើប្រាស់ និងត្រូវបានដាក់ឈ្មោះថា ‘Muthassi Kinar’ (Granny’s well) ។
ទោះយ៉ាងណា ពលរដ្ឋក្នុងតំបន់និយាយថា អណ្តូងទឹកនេះបានបាក់ស្រុតដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ គឺដោយសាររងទទួលការចាក់ស្រោចពីភ្លៀងរដូវវស្សាដ៏ធ្ងន់ធ្ងរ ដែលបានបំផ្លិចបំផ្លាញមកលើស្រុកនេះកាលពី ៣ សប្តាហ៍មុន ។
អ្នកភូមិម្នាក់ឈ្មោះ N Karthikeyan អាយុ ៦៣ ឆ្នាំ មកពីភូមិ Kalpetta និយាយថា៖ «វាមិនមែនជារឿងដ៏កម្រទេ សម្រាប់អណ្តូងចាស់បាក់ស្រុត នៅពេលភ្លៀងធ្លាក់ធ្ងន់ធ្ងរ ។ កាលពីឆ្នាំមុន អណ្តូងទឹកមួយក៏បានស្រុតចូលក្នុងដីស្រដៀងគ្នានេះផងដែរ ស្ថិតនៅ Kannur ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីទីនេះ» ៕ ឧត្តម