បើងាកមកនិយាយអំពីការនាំចេញ ឬក៏បើកផ្លូវស្ដីពីគ្រាប់ធញ្ញជាតិទៅកាន់តំបន់អឺរ៉ុប ឬក៏តំបន់ផ្សេងទៀត វិមានក្រឹមឡាំងបានរំលឹកឡើងវិញនូវជំហររបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះថា «គ្មានហេតុផល» ក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅនោះទេ ដោយនិយាយថា កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ មិនត្រូវបានអនុវត្តត្រឹមត្រូវឡើយ ដូច្នេះយើងត្រូវបិទត្រឹមហ្នឹងសិន។

បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា UN ត្រូវបានបង្ខំឱ្យទទួលស្គាល់ថា «ជាអកុសល ពួកគេបានបរាជ័យក្នុងការប្រើឥទ្ធិពលចាំបាច់ លើបណ្តាប្រទេសលោកខាងលិច ក្នុងការអនុវត្តផ្នែកខ្លះនៃកិច្ចព្រមព្រៀងជាមួយរុស្ស៊ី»។
លោក ឌីមីទ្រី ប៉េស្កូវ និយាយបែបនេះ សំដៅទៅលើការទាមទារជាបន្តបន្ទាប់ពីរុស្ស៊ី រួមទាំងការដកចេញនូវអ្វីដែលទីក្រុងម៉ូស្គូបាននិយាយថា បង្កជាឧបសគ្គដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន។
គួរបញ្ជាក់ថា បញ្ហាបើកផ្លូវនាំចេញគ្រាប់ធញ្ញជាតិនេះផងដែរ រុស្ស៊ីក៏ធ្លាប់បានធ្វើសម្បទានពេលវេលា និងអនុគ្រោះដល់បណ្ដាប្រទេសលោកខាងលិចរួចមកហើយ គឺមុននេះរុស្ស៊ី ដែលជាភាគីហត្ថលេខីម្នាក់នៃកិច្ចព្រមព្រៀង បានអះអាងថា ខ្លួនយល់ព្រមពន្យារពេលចំនួន ១២០ថ្ងៃ បើបស្ចិមលោកយល់ព្រមទទួលយកលក្ខខណ្ឌមួយចំនួនរបស់ រុស្ស៊ី។

កិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ អ៊ុយក្រែន តាមច្រកសមុទ្រខ្មៅ ជាកិច្ចព្រមព្រៀង ចតុភាគីចុះហត្ថលេខា ដោយអង្គការសហប្រជាជាតិ តួកគី រុស្ស៊ី និង អ៊ុយក្រែន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ សម្រាប់សុពលភាពរយៈពេល ៤ខែ។ កិច្ចព្រមព្រៀងនេះ ត្រូវបានពន្យារពេលម្តងនា ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់រយៈពេល ១២០ថ្ងៃ និងត្រូវពន្យារពេលបន្ថែមចំនួន ១២០ថ្ងៃ ម្តងទៀតដោយមានការឯកភាពពីគ្រប់ ភាគីហត្ថលេខីទាំងអស់ពិសេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាភាគីពាក់ព័ន្ធផ្ទាល់ និងជាគូបដិបក្ខនៅក្នុងសង្រ្គាមសព្វថ្ងៃ។
រឿងនេះ តួកគីជាអ្នកសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងនេះឡើង ដើម្បីអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ដែលជាប់គាំងន កំពង់ផែ អ៊ុយក្រែនដោយសារសង្គ្រាម។ ចំណែកកម្មវត្ថុសំខាន់ នៃកិច្ចព្រមព្រៀងនេះ គឺ ចូលរួមជួយកាត់បន្ថយ វិបត្តិស្បៀងអាហារក្នុងលោក ដែល រងផលប៉ះពាល់ដោយសង្រ្គាម រុស្ស៊ី ឈ្លានពានអ៊ុយក្រែន។

គួររំលឹកថា កាលពីថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃអស់សុពលភាព កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ និងតួកគី បានប្រកាសពី ការពន្យារពេលកិច្ចព្រមព្រៀង ដោយមិនបានបញ្ជាក់ ពី រយៈពេល ទេ។ ចំណែកអ៊ុយក្រែន បាននិយាយច្បាស់ៗថាកិច្ចព្រមព្រៀង ត្រូវបាន ពន្យារពេលចំនួន ១២០ថ្ងៃ ដូចដែលបានគ្រោងទុក, ប៉ុន្តែពេលនេះ ភាគីរុស្ស៊ី បានរំលឹកឡើងវិញនូវជំហររបស់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថា «គ្មានហេតុផល» ក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅទៀតនោះទេ ព្រោះការអនុវត្តនោះមិនត្រឹមត្រូវ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
























