រដ្ឋធានីវ៉ាស៊ីនតោន៖ កងឆ្មាំសមុទ្រសហរដ្ឋអាមេរិក កាណាដា និង បណ្ដាប្រទេសជាដៃគូ កំពុងតែសង្កត់ធ្ងន់ ទៅលើកិច្ចខិតខំប្រឹងប្រែងស្វែងរកក្រុមអ្នកទេសចរ ជាមហាសេដ្ឋី ដែលបានបាត់ខ្លួន ខណៈធ្វើដំណើរតាមនាវាមុជទឹក ទៅទស្សនាកប៉ាល់ទីតានិក (Titanic) ដែលបានលិច នៅក្នុងអំឡុងឆ្នាំ១៩១២ នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ថា មន្រ្ដីឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុមអ្នកជួយសង្គ្រោះ កំពុងតែស្វែងរកនាវាមុជទឹកដែលបានបាត់ នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក។ ការរុករកនេះ កំពុងតែផ្លាស់ប្តូរទ្រព្យសម្បត្តិ និង ផ្តោតលើការស្វែងរករបស់ពួកគេ នៅក្នុងតំបន់ដែលបានរកឃើញសំឡេង នៅខាងក្រោមទឹកសមុទ្រ។
លោក ជេមី ហ្វ្រែដេរីក (Jamie Frederick) ប្រធានឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា អាជ្ញាធរនៅតែមិនទាន់ដឹង ថា សំឡេងនោះ អាចជាអ្វីនៅឡើយ។ គាត់នៅតែមានក្តីសង្ឃឹម សម្រាប់ការជួយសង្គ្រោះដល់មនុស្ស ចំនួន៥នាក់ នៅក្នុងនាវាមុជទឹក ធ្វើដំណើរទៅកាន់ទីដែលកប៉ាល់ទីតានិកលិច ហើយនៅមុនពេលបាត់ទំនាក់ទំនង ជាមួយនាវាមុជទឹក កាលពីថ្ងៃអាទិត្យ។

លោក ជេមី ហ្វ្រែដេរីក បានប្រាប់ដល់ក្រុមអ្នកកាសែត ថា នៅពេលអ្នកស្ថិតក្នុងដំណាក់កាលពាក់កណ្តាល នៃករណីស្វែងរក និង ជួយសង្គ្រោះមនុស្ស គឺអ្នកតែងតែមានក្តីសង្ឃឹមជានិច្ច។ នោះហើយជាមូលហេតុ សម្រាប់យើងធ្វើអ្វីៗ ដែលយើងអាចធ្វើបាន។ ចំណែកយន្តហោះកាណាដាដំបូងគេ បានរកឃើញសំឡេង កាលពីថ្ងៃអង្គារ ហើយសំឡេងនោះ ក៏ត្រូវបានគេឮ កាលពីថ្ងៃពុធ ផងដែរ។
លោក ជេមី ហ្វ្រែដេរីក បានបន្ដ ថា ប្រតិបត្តិការយានជំនិះ ពីចម្ងាយ (ROV) ត្រូវបានផ្លាស់ប្តូរទីតាំង នៅក្នុងការព្យាយាមស្វែងរកប្រភពដើម នៃសំឡេងនោះ។ ក្រុមនាវិក ក៏កំពុងតែស្វែងរកនៅក្នុងតំបន់រកឃើញសំឡេងនោះ ហើយសកម្មភាពនេះ នឹងបន្តធ្វើទៅមុខទៀត។
លោក កាល់ ហាតស្វ៊ៀល (Carl Hartsfield) ជាអ្នកជំនាញ មកពីគ្រឹះស្ថាន Woods Hole Oceanographic (វូដ ហូល អូសៀណូហ្ក្រាហ្វីក) ហើយជាអ្នកពាក់ព័ន្ធ នៅក្នុងប្រតិបត្តិការស្វែងរកនោះដែរ បានអះអាង ថា សំឡេងនៅក្រោមទឹកសមុទ្រនោះ ត្រូវគេពិពណ៌នា ថា វាជាសំឡេងរំខានមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតែធ្វើការស្វែងរក ថាតើវាជាសំឡេងអ្វី?

បើតាមគេហទំព័ររបស់ក្រុមហ៊ុន OceanGate (អូសៀនហ្គេត) បានឲ្យដឹង ថា បេសកកម្ម ទៅកាន់កប៉ាល់ទីតានិក គឺមនុស្សម្នាក់ៗ នឹងត្រូវចំណាយលុយ ចំនួន ២៥០ ០០០ដុល្លារ ដោយចាប់ផ្ដើម ចេញដំណើរពី St. John (សេនស៍ ចន) ស្ថិតក្នុងខេត្តកោះញូវហ្វោនឡែនដ៍ (Newfoundland ) ប្រទេសកាណាដា។ ចំណែកការធ្វើដំណើរនេះ នឹងមានចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់ទីកន្លែង ដែលកប៉ាល់ទីតានិក បានលិច។
នៅពេលនាវា ស្ថិតនៅលើផ្ទៃទឹក ហើយធ្វើដំណើរទៅដល់កន្លែងរបស់កប៉ាល់ទីតានិក បានលិចនោះ ក៏អាចអាស្រ័យទៅលើអាកាសធាតុផងដែរ។ បើតាមធម្មតា នាវាមុជទឹក អាចនឹងចំណាយពេល១០ម៉ោង ទើបមុជទឹកទៅដល់កន្លែងកប៉ាល់ទីតានិក។

ក្រុមអ្នកទេសចរ នៅក្នុងនាវាមុជទឹក ដែលបានបាត់នោះ រួមមាន ទី១-លោក សាហ្សាដា ដាវូដ (Shahzada Dawood) ជាមហាសេដ្ឋីអង់គ្លេស ដើមកំណើតប៉ាគីស្ថាន, ទី២-កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ អាយុ១៩ឆ្នាំ, ទី៣-លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីជនជាតិអង់គ្លេស, ទី៤-លោក ផលហេនរី ហ្កាហ្សេឡេត (Paul-Henri Gargeolet) អាយុ៧៧ឆ្នាំ ជាអ្នកស្រាវជ្រាវជនជាតិបារាំង និង ទី៥-លោក ស្ដុកថុន រូស (Stockton Rush) ជាស្ថាបនិក និង ជានាយកប្រតិបត្ដិក្រុមហ៊ុន OceanGate (អូសៀនហ្គេត) មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។
លោក ជេមី ហ្វ្រែដេរីក ប្រធានក្រុមនាវា បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីវេលាម៉ោង១៧ ថ្ងៃអង្គារ វេលាក្នុងតំបន់ ថា នាវាមុជទឹកដែលបានបាត់នោះ មានអុកស៊ីសែន ប្រហែល៤០ម៉ោង ហើយរហូតមកដល់ថ្ងៃពុធ វេលាដដែលនេះ នាវាមុជទឹកនោះ នឹងនៅសល់អុកស៊ីសែន ប្រហែល១៦ម៉ោង។ នាវិករបស់នាវាមុជទឹកនោះ ត្រូវបានគេជឿ ថា មានអាហារ និង ទឹក នៅក្នុងកម្រិតមួយ។

លោក ជេមី ហ្វ្រែដេរីក បានគូសបញ្ជាក់ អំពីការលំបាក សម្រាប់ការស្វែងរកនាវាមុជទឹក ដែលបានបាត់ នៅក្នុងផ្ទៃទឹក នៃមហាសមុទ្រអាត្លង់ទិក។ ចំណែកទីបញ្ជាការបង្រួបបង្រួម ដែលត្រួតពិនិត្យប្រតិបត្តិការនេះ កំពុងតែនាំយកនូវទ្រព្យសម្បត្តិ កាន់តែច្រើន រួមទាំងនាវា យន្តហោះជាច្រើនគ្រឿង និង ប្រតិបត្តិការយានជំនិះ ពីចម្ងាយ (ROV) ផងដែរ។
លោក ជេមី ហ្វ្រែដេរីក បានបន្ដ ថា «យើងក៏ត្រូវការកត្តាលក្ខខណ្ឌអាកាសធាតុ ដែលផ្លាស់ប្តូរជានិច្ច ចរន្ត និង ពង្រីកតំបន់ស្វែងរក ជារៀងរាល់ម៉ោង។ បញ្ហានេះមានភាពស្មុគស្មាញខ្លាំងបំផុត ទាក់ទងនឹងករណីនេះ ដោយសារទីតាំងស្ថិតនៅឆ្ងាយបំផុត ហើយត្រូវតែមានការសម្របសម្រួលយ៉ាងច្រើន រវាងទីភ្នាក់ងារ និង បណ្ដាប្រទេសផ្សេងៗទៀត ខណៈសហរដ្ឋអាមេរិក និង កាណាដា កំពុងតែដឹកនាំការស្វែងរកនេះ រួមទាំង ចក្រភពអង់គ្លេស និង បារាំង ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN







































