រដ្ឋធានីកៀវ៖ នៅក្នុងយុទ្ធនាការធ្វើតេស្ដវាយបករបស់រដ្ឋាភិបាលក្រុងកៀវ នាពេលនេះ កងទ័ពអ៊ុយក្រែន បានអះអាងពីការវាយទម្លុះខ្សែត្រៀមជួរមុខរបស់រុស្ស៊ី រុលទៅមុខចម្ងាយ១គីឡូម៉ែត្រ នៅលើសមរភូមិ នៃទីក្រុងមេលីតូប៉ូល (Melitopol) និង ទីក្រុងកំពង់ផែប៊ើរឌៀនស្ក៍ (Berdiansk) ស្ថិតក្នុងតំបន់ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhia) ហើយនៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អ៊ុយក្រែន បានអួតអាង អំពីការសម្លាប់ទាហានរុស្ស៊ី ចំនួន៦៥០នាក់ បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង និង គ្រឿងសឹកជាច្រើនទៀត។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ថា កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី កើនដល់ ២២២ ៦៥០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ដ ថា នៅសង្គ្រាមរយៈពេលជាង១ឆ្នាំកន្លងមកនេះ កងទ័ពអ៊ុយក្រែន បានវាយប្រហារកម្ទេចគ្រឿងចម្បាំងជាច្រើន មានតម្លៃរាប់ពាន់លានដុល្លារអាមេរិក រួមមាន យន្ដហោះចម្បាំង ចំនួន ៣១៤គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៣០១គ្រឿង, រថក្រោះចំនួន ៤ ០១៣គ្រឿង, រថពាសដែក ចំនួន ៧ ៧៨៣គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ៣ ៩៤១គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន ៦១៧គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន ៣៧៦គ្រឿង, នាវាចម្បាំងតូចធំ ចំនួន ១៨គ្រឿង, ដ្រូនចំនួន ៣ ៤៣៨គ្រឿង និង គ្រឿងសឹកជាច្រើនទៀត។

លោក វ៉ាឡេរី សើរសែន (Valerii Shershen) អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា នៅក្នុងរយៈពេល១ថ្ងៃកន្លងមកនេះ កងទ័ពរបស់យើង បានវាយរុលទៅមុខ ចម្ងាយ១គីឡូម៉ែត្រ នៅក្នុងទីក្រុងមេលីតូប៉ូល និង ទិសដៅ Berdiansk ដោយបានកម្ទេចទាហានរុស្ស៊ី ចំនួន ១២៩នាក់ និង ២៣៦នាក់ផ្សេងទៀត រងរបួស។
បើទោះជាយ៉ាងណាក៏ដោយ គេមិនមានប្រភពព័ត៌មានឯករាជ្យណាមួយមកបញ្ជាក់នោះដែរ។ ដោយឡែក រុស្ស៊ី និង អ៊ុយក្រែន កម្រនឹងបញ្ជាក់ អំពីចំនួនទាហានរបស់ខ្លួន រងការខូចខាត ស្លាប់ ឬ រងរបួសណាស់។ ចំណែកការអះអាងទាំងនេះ គ្រាន់តែជាការលើកឡើង ពីភាគីអ៊ុយក្រែនតែប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN















