ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ នៅកម្ពុជា មានគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៣២៥។ ក្នុងឆ្នាំ២០២២កន្លងទៅ មានសិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិតចំនួន ៨ម៉ឺន ៩៨៧៨នាក់ ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សាទៅ ទទួលបានការងារធ្វើស្ទើរតែទាំងអស់ ដោយទទួលបានប្រាក់ឈ្នួលសមរម្យច្រើនជាងកម្មករនិយោជិត ដែលមិនមានជំនាញ ព្រមទាំងមួយចំនួនទៀត មានលទ្ធភាពអាចបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យ រួមចំណែកបង្កើតការងារបន្ថែម។

នេះជាការថ្លែងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» កាលពីពេលថ្មីៗនេះ។

ឯកឧត្តម អ៊ិត សំហេង បានមានប្រសសន៍ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ បានត្រៀមរៀបចំអនុវត្តផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា»។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន បានបង្ហាញការគាំទ្រផែនការបណ្តុះបណ្តាលនេះ ដោយបានបញ្ជាក់ថា វាគឺចាំបាច់ណាស់ ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ និងមានសមត្ថភាពគាំទ្រដល់ការរីកចម្រើននៃឧស្សាហកម្ម ពិសេសក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងយុគសម័យឧស្សាហកម្ម ៤.០ ដើម្បីឱ្យប្រទេសកម្ពុជា សម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាពនាពេលអនាគត។

គួរបញ្ជាក់ថា ផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូរទាំងប្រទេសប្រមាណ ១,៥លាននាក់ ក្នុងមួយឆ្នាំ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនេះ ជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕