រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការបាត់ទំនាក់ទំនង ពីនាវាមុជទឹកទីតាន់ (Titan) ដឹកមហាសេដ្ឋីទៅលេងខ្មោចកប៉ាល់ទីតានិក (Titanic) អាជ្ញាធរសហរដ្ឋអាមេរិក និង កាណាដា បានដឹកនាំការរុក និង បេសកកម្មជួយសង្គ្រោះមនុស្ស ដោយមានការចូលរួមពីបារាំង និង ចក្រភពអង់គ្លេសផងដែរ ប៉ុន្ដែក្រុមហ៊ុន OceanGate បានអះអាង អំពីការរកឃើញកម្ទេចកម្ទី នៃនាវាមុជទឹក ដែលបានបាត់នោះ នៅជិតកប៉ាល់ទីតានិក ដែលបានលិច នៅបាតសមុទ្រ នាភាគខាងជើងមហាសមុទ្រអាត្លង់ទិក កាលពីអំឡុងឆ្នាំ១៩១២។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃសុក្រ ទី២៣ ខែមិថុនា ថា កងឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា នាវាមុជទិក ទីតាន (Titan) ដឹកអ្នកទេសចរ ចំនួន៥នាក់ ដែលបានបាត់ទំនាក់ទំនង អស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងមហាសមទ្រអាត្លង់ទិក បានប្រឈមនឹងគ្រោះមហន្ដរាយ ដោយសារការលិចនាវានោះ។

លោកឧត្ដមនាវី ចន មោហ្គ័រ (John Mauger) មេបញ្ជាការឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា យានប្រតិបត្ដិការក្រោមទឹកតំបន់ឆ្ងាយ (ROV) បានរកឃើញកម្ទេចកម្ទីនាវាមុជទឹក នៅជិតកប៉ាល់ទីតានិក ដែលបានលិច កាលពីជាងមួយសតវត្សមុន។ កម្ទេចកម្ទីនោះ ទំនងជាការផ្ទុះនាវាមុជទឹកទីតាន់។
នាវាមុជទឹក ទីតាន់ ដឹកមនុស្សចំនួន៥នាក់ ដែលជាមហាសេដ្ឋី បានបាត់នូវការទំនាក់ទំនង ចាប់តាំងពីថ្ងៃអាទិត្យ នៅឆ្នេរសមុទ្រ ភាគខាងកើត ប្រទេសកាណាដា។ ឧបទ្ទវហេតុនេះ បាននាំឲ្យមានបេសកកម្មដ៏ធំ សម្រាប់ការស្វែងរកនូវការជួយសង្គ្រោះមនុស្ស នៅក្នុងនាវាមុជទឹកនោះ។ ការរុករកនាវាដែលបានបាត់នោះ បានលាតសន្ធឹង នៅលើផ្ទៃទឹករាប់ពាន់គីឡូម៉ែត្រ ដោយឆ្លងកាត់តំបន់ភាគខាងជើង មហាសមុទ្រអាត្លង់ទិក ក្រោមការដឹកនាំពីទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក និង កាណាដា ក៏ដូចជា មានជំនួយពីអន្តរជាតិផ្សេងៗទៀតផងដែរ។
ក្រុមហ៊ុន OceanGate ជាម្ចាស់នាវាមុជទឹក Titan បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ថា មនុស្សចំនួន៥នាក់ ដោយក្នុងនោះមាន៤នាក់ជាអ្នកទេសចរ និង ម្នាក់ទៀត ជានាយកប្រតិបត្ដិរបស់ក្រុមហ៊ុន OceanGate ដែលជាអ្នកបើកនាវាមុជទឹកទីតាន់ ត្រូវគេជឿ ថា បានស្លាប់។

ក្រុមហ៊ុន OceanGate បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «ឥឡូវយើងជឿ ថា នាយកប្រតិបត្ដិក្រុមហ៊ុនរបស់យើង គឺលោក ស្ដក់ថុន រូស (Stockton Rush) ជនជាតិអាមេរិក, លោក សាហ្សាដា ដាវូដ (Shahzada Dawood) មហាសេដ្ឋីអង់គ្លេស ដើមកំណើតប៉ាគីស្ថាន និង កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ ដាវូដ (Suleman Dawood) អាយុ១៩ឆ្នាំ, លោក ហាមីស ហាឌីង (Hamish Harding) មហាសេដ្ឋីជនជាតិអង់គ្លេស និងលោក ប៉ូល-ហេនរី ណាជូឡេត (Paul-Henri Nargeolet) អាយុ៧៧ឆ្នាំ ជាអ្នកស្រាវជ្រាវជនជាតិបារាំង បានបាត់ជីវិតដ៏គួរឲ្យសោកស្ដាយបំផុត។
ក្រុមហ៊ុន OceanGate បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា «បុរសទាំងនេះ ជាអ្នករុករកពិតប្រាកដ ដោយបានចែករំលែកនូវស្មារតី សម្រាប់ការផ្សងព្រេងដាច់ដោយឡែក និង មានចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅ នៅក្នុងការរុករក និង ការពារមហាសមុទ្ររបស់ពិភពលោក។ បេះដួងរបស់យើង នៅតែនៅជាមួយដូងព្រលឹងរបស់បុរសទាំងប្រាំនាក់នេះ ហើយសមាជិកគ្រប់រូប នៃគ្រួសាររបស់ពួកគេ នៅក្នុងអំឡុងពេលសោកនាដកម្មនេះ»។

លោកមេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក មោហ្គ័រ បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា មុនដំបូង យានប្រតិបត្ដិការក្រោមទឹកតំបន់ឆ្ងាយ (ROV) បានរកឃើញកន្ទុយនាវា នៅក្រោមទឹក ចម្ងាយប្រហែល៥០០ម៉ែត្រ ពីកប៉ាល់ទីតានិក ហើយក្រោយមកបានរកឃើញបំណែកសំខាន់ៗ ចំនួន៥ផ្សេងទៀតរបស់នាវា។ ចំពោះការសម្រេចចិត្តនេះ យើងបានជូនដំណឹង ដល់ក្រុមគ្រួសារភ្លាមៗហើយដែរ។
លោកមេបញ្ជាការឆ្មាំសមុទ្រ បានសង្កត់ធ្ងន់ ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ ខ្ញុំគ្រាន់តែអាចស្រមៃមើល ថា តើនេះទៅជាយ៉ាងណា សម្រាប់ពួកគេ ហើយខ្ញុំសង្ឃឹម ថា ការរកឃើញនេះ នឹងផ្តល់នូវការសម្រាលទុក្ខខ្លះៗ នៅក្នុងអំឡុងពេលដ៏លំបាកនេះ»។
លោក មោហ្គ័រ បានបន្ដ ថា សំឡេងរំខាន នៅក្រោមបាតសមុទ្រ បានរកឃើញ នៅដើមសប្តាហ៍នេះ ផ្តល់នូវក្តីសង្ឃឹម សម្រាប់ការស្វែងរកក្រុមនាវិក នៅក្នុងនាវាដែលបានបាត់នូវការទាក់ទងនោះ។ ការផ្ទុះរបស់នាវា Titan នឹងបង្កើតបានជាសំឡេងរលកអាកាសដ៏មានសារៈសំខាន់ ដោយសារឧបករណ៍សូណា ដែលបានប្រើប្រាស់ ដោយក្រុមអ្នកស្រាវជ្រាវ សម្រាប់ការចាប់យក។

ចាប់តាំងពីពេលនោះមក កាសែត Wall Street Journal និង The Associated Press បានដកស្រង់សម្ដីរបស់មន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះ បានអះអាង ថា ឧបករណ៍ត្រួតពិនិត្យសំឡេងក្រោមទឹករបស់ទីភ្នាក់ងារនេះ ពិតជាបានរកឃើញនូវភាពមិនប្រក្រតីភ្លាមៗ ក្រោយពេលនាវា Titan បានបាត់ការទាក់ទង កាលពីថ្ងៃអាទិត្យ។ នាវានោះទំនងជាផ្ទុះ។
សូមជម្រាប ថា កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Titanic បានលិច នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក នាអំឡុងឆ្នាំ១៩១២ ក្រោយពេលវាបានបុកជាមួយនឹងផ្ទាំងទឹកកកដ៏ក្រាស់។ ឧបទ្ទវហេតុនោះ បានឡើង ខណៈកប៉ាល់ទីតានិក កំពុងតែធ្វើនាវាចរណ៍ជាលើកដំបូងរបស់ខ្លួន ដោយបានសម្លាប់មនុស្ស ជាង ១ ៥០០នាក់ នៅក្នុងនាវា។ រឿងរ៉ាវទាំងនេះ ក៏ត្រូវបានអ្នកនិពន្ធ លើកយកមកប្រឌិត ធ្វើជាខ្សែភាពយន្តភាគ រឿង «Titanic» នាអំឡុងឆ្នាំ១៩៩៧ ហើយទទួលបានការទស្សនាយ៉ាងច្រើនផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN













