ក្រោយពីលេចឮព័ត៌មានផ្សេងៗថា លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មានបំណងចង់ចូលរួមកិច្ចប្រជុំក្រុមប្រទេស ប៊្រីស (BRICS) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថា លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) មិនសមរម្យជាភ្ញៀវម្នាក់ក្នុងកិច្ចប្រជុំកំពូល នៃក្រុមប្រទេស BRICS នោះឡើយ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមប្រទេស ប៊្រីស (BRICS) គឺជាក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់រីកចម្រើនឈានមុខប្រចាំតំបន់ ដែលរួមមាន ដូចជា អាហ្រ្វិកខាងត្បូង ប្រេស៉ីល រុស្ស៉ី ឥណ្ឌា និងចិន ហើយនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមួយ នៅឯទីក្រុងចូហាណេសបឺគ នៃប្រទេសអាហ្រ្វិកខាងត្បូង នាខែសីហា ឆ្នាំនេះ។
នៅពេល ដែលក្រុមអ្នកកាសែតលើកជាសំណួរថា តើបំណងចង់ចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS របស់លោក ម៉ាក្រុង តើសមាជិកក្នុងក្រុមប៊្រីសនេះគិតយ៉ាងម៉េចដែរ? លោក រីយ៉ាបកូវ បានឆ្លើយតបយ៉ាងដូច្នេះថា «ច្បាស់ណាស់ មេដឹកនាំនៃក្រុមប្រទេស ដែលប្រកាន់គោលនយោបាយអរិភាព និងមិនអាចទទួលយកបាននោះទេ ព្រោះគេតែងតែប្រឆាំងមកលើប្រទេសយើង ហើយព្រួតគ្នាប្តេជ្ញាធ្វើឱ្យរុស្ស៉ីស្ថិតនៅឯកោតែឯងលើឆាកអន្តរជាតិ ព្រមទាំងមានគោលដៅវាយបំបាក់យើងជាយុទ្ធសាស្រ្តថែមទៀតផង ដូច្នេះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងជាភ្ញៀវមិនសមរម្យឡើយ នៅឯកិច្ចប្រជុំ BRICS។

សូមបញ្ជាក់ថា នៅមុននេះបន្តិច មានសេចក្តីរាយការណ៍ថា លោក ម៉ាក្រុង មានបំណងចង់ចូលរួមកិច្ចប្រជុំកំពូល BRICS នៅអាហ្រ្វិកខាងត្បូង ហើយនៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី ខាថឺរីន កូឡូនណា (Catherine Colonna) ក៏បានទទួលស្គាល់ថា លោកប្រធានាធិបតីបារាំង ពិតជាមានបំណងចង់ក្លាយជា មេដឹកនាំលោកខាងលិចដំបូងគេ ដែលត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះមែន, ប៉ុន្តែទោះជាយ៉ាងណា ភាគីរុស្ស៊ីដែលជាសមាជិកនៃក្រុមប្រទេសប៊្រីស បានបដិសេធរួចហើយ នៅឡើយសមាជិកផ្សេងទៀត ដូចជា អាហ្រ្វិកខាងត្បូង ប្រេស៉ីល ឥណ្ឌា និងចិន តើពួកគេអាចពិចារណាដែឬក៏អត់?៕ រក្សាសិទ្ធដោយ ៖ សារាយSN

















