កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ថា ឧបករណ៍ឃ្លាំមើលក្រោមបាតសមុទ្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរកឃើញអ្វីដែលអាចជាការផ្ទុះនៃនាវាមុជទឹក Titan មិនយូរប៉ុន្មានបន្ទាប់ពីនាវាទេសចរណ៍នេះ បានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិក។
ដកស្រង់ព័ត៌មានពីមន្ត្រីកងទ័ពជើងទឹកអាមេរិកដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ការផ្ទុះនេះត្រូវបានកត់ត្រាមិនយូរប៉ុន្មានបន្ទាប់ពីកប៉ាល់ Titan បានបាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ។ នេះបើប្រព័ន្ធត្រួតពិនិត្យសូរស័ព្ទសម្ងាត់ដែលមានឯកទេសក្នុងការស្វែងរកនាវាមុជទឹកយោធា។
មន្ត្រីរូបនោះបានប្រាប់កាសែត Wall Street Journal ថា “កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានវិភាគទិន្នន័យសូរស័ព្ទ និងបានរកឃើញភាពមិនប្រក្រតីដែលទាក់ទងនឹងការផ្ទុះនៅតំបន់ជុំវិញកន្លែងដែលនាវាមុជទឹក Titan បានធ្លាក់ចុះ នៅពេលដែលវាបាត់បង់ទំនាក់ទំនង” ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្មាំឆ្នេរសមុទ្រអាមេរិក បាននិយាយថា ពួកគេបានរកឃើញបំណែកនៃនាវាមុជទឹកនៅជិតតំបន់ នៃកប៉ាល់ទីតានិច ក្នុងជម្រៅ ៣,៨០០ ម៉ែត្រ នៅលើបាតសមុទ្រ។
ការប្រកាសនេះក៏បានបិទប្រតិបត្តិការរុករក និងសង្គ្រោះអន្តរជាតិ ដែលមានរយៈពេលបួនថ្ងៃផងដែរ។ ក្រុមមន្ត្រីបាននិយាយថា ការវិភាគបានបង្ហាញថា កំទេចកំទីដែលបានរកឃើញនៅបាតសមុទ្រ គឺស្របជាមួយនឹងការគិតសង្ស័យ នៃការផ្ទុះបន្ទប់សម្ពាធរបស់នាវាមុជទឹកនេះ។
មនុស្សទាំង៥នាក់ ស្ថិតក្នុងនាវាមុជទឹកនោះ ដែលត្រូវបានគេសន្មត់ថាស្លាប់ទាំងអស់ រួមមាន៖
ទី១- លោក Hamish Harding សេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារជនជាតិអង់គ្លេស
ទី២- លោក Shahzada Dawood ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន រួមជាមួយកូនប្រុសអាយុ១៩ឆ្នាំ
ទី៣- លោក Paul-Henri Nargeolet ជាអ្នកជំនាញខាងមុជទឹកជនជាតិបារាំង
ទី៤- លោក Stockton Rush ជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate ដែលជាម្ចាស់នាវាទីតានផ្ទាល់តែម្ដង រួមទាំងអ្នកនាវិកម្នាក់នាក់ទៀត។
សូមបញ្ជាក់ថា ភ្ញៀវដែលសុទ្ធតែជាមហាសេដ្ឋី ឬអ្នកមានមុខមានមាត់ទាំងនោះ ដែលធ្វើដំណើរនៅក្នុងនាវាមុជទឹករងគ្រោះ ដើម្បីចុះទៅទស្សនាខ្មោចកប៉ាល់ទីតានិច ដែលបានលិចទៅបាតសមុទ្រតាំងពីឆ្នាំ១៩១២ ត្រូវបានដឹងថា បានចំណាយម្នាក់ៗ ២៥ ម៉ឺនដុល្លារ ឯណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








