រដ្ឋធានីមូស្គូ៖ ស្របពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន កំពុងតែជាប់ផុង អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ហើយនៅតែរកពន្លឺចរចាសន្ដិភាពមិនទាន់ឃើញ ស្រាប់តែនៅក្នុងប្រទេសរុស្ស៊ី កំពុងតែរឹតបន្ដឹងសន្ដិសុខ ក្រោយពេលក្រុងមូស្គូ បានចោទប្រកាន់ដល់ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ពីបទឧក្រិដ្ឋ ហើយបានចេញដីកាចាប់ខ្លួន ស្របពេលមានសេចក្ដីរាយការណ៍ អំពីទាហានឯកជនមួយនេះ បានដណ្ដើមកាន់កាប់ទីបញ្ជាការជាច្រើន នៅតំបន់ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី។

សារព័ត៌មាន WSJ បានចេញផ្សាយ នៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ថា កម្លាំងទាហានរបស់ក្រុមហ៊ុន Wagner បានចូលទៅកាន់តំបន់រ៉ូស្ដូវ (Rostov) នាភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ហើយបានដណ្ដើមកាន់កាប់ទីតាំងជាច្រើន នៅក្នុងទីបញ្ជាការយោធាសំខាន់ៗរបស់ប្រទេសមហាអំណាចយោធាមួយនេះ។ សកម្មភាពរបស់កម្លាំងទាហានឯកជនទាំងនេះ បានកើតឡើង ស្របពេលអាជ្ញាធរក្រុងមូស្គូ បានចេញដីកាចាប់ខ្លួនលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ក្រោមការចោទប្រកាន់ ពីបទបះបោរប្រដាប់អាវុធ ក្រោយពេលគាត់បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធរបស់គាត់ ត្រូវតែបណ្ដេញមេទ័ពកំពូលរបស់រុស្ស៊ី ចេញពីតំណែង។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ជាមនុស្សជំនិតបំផុតមួយរូបរបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអំពាវនាវឱ្យមានការដើរដង្ហែ សម្រាប់រកយុត្តិធម៌។ សកម្មភាពរបស់ថៅកែទាហានស៊ីឈ្នួល រូបនេះ បានកើតឡើង ក្រោយពេលគាត់បានអះអាង ថា កងទ័ពរដ្ឋាភិបាលរុស្ស៊ី បានសម្លាប់ទាហានរបស់គាត់ មានចំនួនដ៏ច្រើន នៅក្នុងការវាយប្រហារ មកលើបន្ទាយទាហាន Wagner របស់គាត់ កាលពីថ្ងៃសុក្រ។
បើទោះជាយ៉ាងណាក៏ដោយ ទាហានរដ្ឋាភិបាលរុស្ស៊ី បានច្រានចោលនូវការចោទប្រកាន់ អំពីការវាយប្រហារនេះ។ ប៉ុន្ដែគេក៏មិនមានប្រភពឯករាជ្យណាមួយ គាំទ្រដល់ការអះអាងរបស់លោក ព្រីហ្គោហ្ស៊ីន នោះដែរ។
ឃ្លីបវីដេអូជាច្រើន ត្រូវបានបង្ហោះ នៅលើបណ្ដាញផ្សព្វផ្សាយ ដោយក្រុមអ្នកកាសែតក្នុងស្រុក និង អ្នកឈរមើល បានបង្ហាញ អំពីរថក្រោះរបស់ក្រុមហ៊ុនទាហានឯកជន Wagner និង រថយន្តប្រយុទ្ធ បានឆ្លងកាត់បារ៉ាស់យ៉ាងងាយស្រួល ចូលទៅក្នុងតំបន់រ៉ូស្ដូវ (Rostov) កាលពីព្រឹកថ្ងៃសៅរ៍។ កម្លាំងទាហាន Wagner បានពាក់ខ្សែដៃពណ៌ស ចូលទៅឡោមព័ទ្ធ នៅទីបញ្ជាការយោធា នៅភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ដោយឈរនៅជិតទាហានរបស់រដ្ឋភិបាលរុស្ស៊ី។

ដោយឡែក បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ជាច្រើន បានរាយការណ៍ ថា ក្បួនទាហាន Wagner ផ្សេងទៀត កំពុងតែធ្វើសកម្មភាព នៅក្នុងតំបន់វ៉ូរ៉ូណែស (Voronezh) ចន្លោះពីតំបន់រូស្ដូវ និង រដ្ឋធានីមូស្គូ។
លោក ព្រីហ្គោហ្ស៊ីន បានបង្ហាញខ្លួន នៅក្នុងវីដេអូមួយ ខណៈគាត់បានដើរចូលទៅក្នុងទីបញ្ជាការយោធារបស់តំបន់រ៉ូស្ដូវ ដោយបានស្តីបន្ទោសដល់មេបញ្ជាការកំពូលរបស់រុស្ស៊ី ហើយប្រាប់ពួកគេ ថា កងកម្លាំងរបស់គាត់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រចំនួន៣ ដែលបានបាញ់មកលើកម្លាំងទាហានរបស់គាត់។
ថៅកែក្រុមហ៊ុនទាហាន Wagner បានបញ្ជាក់ ថា «យើងនឹងបាញ់ទម្លាក់យន្ដហោះទាំងអស់ប្រសិនបើអ្នកបន្តបញ្ជូនយន្ដហោះមក ព្រោះអ្នកសម្លាប់ជនស៊ីវិល។ ចំណែកទាហាន Wagner នៅតែស្ថិតក្នុងបញ្ជាការដ្ឋានតំបន់រ៉ូស្ដូវ រហូតល្គឹកណា លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោក វ៉ាឡេរី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី មកជួបខ្ញុំ ព្រោះយើងកំពុងតែសង្គ្រោះរុស្ស៊ី»។

ដោយឡែក កម្លាំងទាហានរុស្ស៊ី កំពុងតែដាក់ពង្រាយរថពាសដែក រឹតបន្ដឹងសន្ដិសុខ នៅក្នុងទីក្រុងមូស្គូ និង បិទផ្លូវនានា ឆ្ពោះទៅកាន់រដ្ឋធានីរបស់ប្រទេសមហាអំណាចយោធាមួយនេះ។ បន្ថែមពីលើនេះ មេទ័ពកំពូលៗរបស់រុស្ស៊ី ដែលធ្វើការជាមួយនឹងកម្លាំងទាហាន Wagner បានអំពាវនាវឲ្យយុទ្ធជនទាំងនេះ បញ្ឈប់សកម្មភាព នៅត្រឹមល្ងាចនេះ។
ព្រឹត្តិការណ៍ កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ កំពុងតែបង្ហាញ អំពីវិបត្តិនយោបាយរបស់រុស្ស៊ី កាន់តែធ្លាក់ជ្រៅទៅ ក្រោយការធ្វើសង្រ្គាមដ៏ស្វិតស្វាញ អស់រយៈពេល១៦កន្លងមកនេះ។ ករណីនេះ ត្រូវគេមើលឃើញ អំពីការថយចុះផ្នែកយោធាជាលំដាប់ ហើយសម្ពាធនេះ កំពុងកើនឡើងយ៉ាងខ្លាំង មកលើលោកប្រធានាធិបតី ពូទីន។ សកម្មភាពរបស់លោក ព្រីហ្គោហ្ស៊ីន កំពុងតែបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ ដល់អំណាចរបស់លោក ពូទីន ហើយសមត្ថភាពរបស់កម្លាំងទាហានស្ស៊ី នៅក្នុងការបន្តធ្វើសង្រ្គាម។

លោក ព្រីហ្គោហ្ស៊ីន ជាអតីតអ្នកទោស បានចំណាយពេលស្ទើរមួយទសវត្សរ៍ ១៩៨០ នៅក្នុងសម័យសហភាពសូវៀត ក្រោមការចោទប្រកាន់ពីបទប្លន់ប្រដាប់អាវុធ និង អូសទាញកុមារឲ្យចូលក្រុមក្មេងទំនើង។ ប៉ុន្ដែរយៈពេល៣០ឆ្នាំក្រោយមក គាត់បានចាប់ផ្ដើមរះពន្លឺឡើងវិញ ក្លាយជាមនុស្សជំនិតរបស់ពូទីន បន្ទាប់ការបម្រើការងារ តាមអាជីពរបស់គាត់ នៅក្នុងទីក្រុងសាំងពែធើរប៊ឺគ (St.
Petersburg) ។ ថៅកែទាហានស៊ីឈ្នួលរូបនេះ បានប្រើប្រាស់សង្គ្រាមអ៊ុយក្រែន ដើម្បីក្លាយជាឥស្សរជនដ៏មានអំណាច និង មានប្រជាប្រិយភាពមួយរូបរបស់រុស្ស៊ី ជាមួយនឹងកម្លាំងប្រយុទ្ធរាប់ម៉ឺននាក់។
ទាហាន Wagner ក្លាយជាកម្លាំងរុស្សីតែមួយគត់ អាចវាយលុករុលទៅមុខ នៅក្នុងសង្គ្រាម នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន អស់រយៈពេលជិតមួយឆ្នាំ រហូតដណ្តើមកាន់កាប់បានទីក្រុងបាកមូត (Bakhmut) កាលពីខែមុន។

បើតាមបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ បានឲ្យដឹង ថា លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ ថា លោកប្រធានាធិបតី ពូទីន បានទទួលដំណឹង អំពីស្ថានភាព នៅជុំវិញលោក ព្រីហ្គោហ្ស៊ីន ហើយ វិធានការដ៏ចាំបាច់ទាំងអស់ នឹងត្រូវធ្វើ។
ស្របគ្នានេះដែរ ទីភ្នាក់ងារសន្ដិសុខរបស់រុស្ស៊ី (FSB) កាលពីថ្ងៃសុក្រ បានបើកករណីព្រហ្មទណ្ឌមួយ សម្រាប់ការញុះញង់ នាំឱ្យមានការបះបោរប្រដាប់អាវុធ ជុំវិញសេចក្តីថ្លែងការណ៍មួយ ត្រូវបានធ្វើឡើង នៅក្នុងនាមជាប្រធានក្រុមហ៊ុនទាហាន Wagner លោក Yevgeny Prigozhin។
ដោយឡែក លោក អាដាម ហតជ៍ (Adam Hodge) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែតាមដាន អំពីស្ថានការណ៍នេះ ហើយកំពុងតែពិភាក្សា ជាមួយនឹងសម្ពន្ធមិត្ដទាំងអស់ និង បណ្ដាប្រទេសជាដៃគូ ជុំវិញស្ថានការណ៍វិវឌ្ឍទាំងនេះ។
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងសុន្ទរកថាបន្ទាន់ នៅតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃសៅរ៍ ថា «ការបះបោរដោយប្រដាប់អាវុធ បង្កឡើង ដោយកម្លាំងទាហានស៊ីឈ្នួល Wagner Group គឺជាការក្បត់ជាតិ ហើយថាអ្នកណាក៏ដោយដែលកាន់អាវុធ ប្រឆាំងនឹងយោធារដ្ឋាភិបាលរុស្ស៊ី នឹងត្រូវទទួលទោស»៕ រក្សាសិទ្ធដោយ ៖ សារាយSN













