កាលពីថ្ងៃម្សិលមិញនេះ គណនីហ្វេសប៊ុករបស់លោក ជមស៍ តារាចម្រៀងដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានជនអនាមិក លួចយកទៅគ្រប់គ្រង ដោយបានផ្ញើសារខ្ចីគេឯងយ៉ាងព្រោងព្រាត ហើយខណៈនេះ ក៏មិនទាន់បានយកមកវិញដែរ ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យ និងហួសចិត្តទៀតនោះ គឺថ្ងៃនេះ សូម្បីតែគណនីហ្វេសប៊ុករបស់ភរិយាលោក ដែលមានឈ្មោះ Sok Sochenda ក៏ត្រូវបានជនអនាមិកលួចដែរ ។
ជុំវិញដំណឹងនេះ លោក ជេមស៍ ក៏បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឱ្យមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្ររបស់លោក ទាំងអស់មេត្តាជ្រាប និងប្រយ័ត្នចាញ់បោកជនខិលខូចយ៉ាងដូច្នេះថា «ជំរាបសួរពុកម៉ែបងប្អូនពេលនេះ Account ប្រពន្ធរបស់ខ្ញុំបាទ ត្រូវគេលួចមួយទៀតហើយ» ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ជនខិលខូចទាំងនោះ ពុំទាន់យកគណនីហ្វេសប៊ុករបស់លោក ជេមស៍ និងភរិយា ទៅប្រើប្រាស់ក្នុងសកម្មភាពអសីលធម៌ បង្ខូចកេរ្តិ៍ឈ្មោះរបស់លោកនៅឡើយទេ ដោយគ្រាន់តែលោកចង់ការពារទុកជាមុនប៉ុណ្ណោះ ៕ សាវុធ