Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីមានកិច្ចព្រមព្រៀងថ្មី ទាហានស៊ីឈ្នួលរុស្ស៊ី គ្រោងនឹងដឹកនាំវាយប្រហារទៅលើទីក្រុងកៀវ ចេញពីបេឡារុសជាបន្ត

រាជធានីឡុងដ៍៖ ក្រោយពេលលោកប្រធានាធិបតី អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) ជាសម្ពន្ធមិត្ដរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានចេញមុខសម្របសម្រួលវិបត្ដិដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសរុស្ស៊ី រួចមក ភ្លាមៗនោះ សកម្មភាពបះបោររបស់ថៅកែក្រុមហ៊ុន Wagner ដឹកនាំកម្លាំងទាហាន ទៅកាន់រដ្ឋធានីមូស្គូ ក៏បានធូរស្រាលឡើងវិញ ប៉ុន្ដែអតីតមេទ័ពកំពូលរបស់ចក្រភពអង់គ្លេស បានអះអាង អំពីក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ នឹងវាយប្រហារជាថ្មី ប្រឆាំងនឹងអ៊ុយក្រែន ដោយចេញពីបេឡារុស។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា លោកនាយឧត្តមសេនីយ៍ រីឆាដ ដានណាត (Richard Dannatt) អតីតនាយ អគ្គសេនាធិការកងទ័ពចក្រភពអង់គ្លេស បានអះអាង កាលពីថ្ងៃអាទិត្យ ថា អ៊ុយក្រែនគួរតែពង្រឹងការការពាររបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដ៏ខ្លាំងក្លា ពីកម្លាំងទាហានស៊ីឈ្នួល Wagner ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)។ កម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner អាចនឹងចាប់ផ្ដើម វាយប្រហារ ចេញពីប្រទេសបេឡារុស ប្រឆាំងនឹងក្រុងកៀវ។

លោកនាយឧត្ដមសេនីយ៍ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស Sky News ថា «វាជាការពិតណាស់ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានធ្វើដំណើរទៅកាន់ប្រទេសបេឡារុស ហើយនេះជាបញ្ហាមួយ ត្រូវតែព្រួយបារម្ភ។ ប្រសិនបើលោក ព្រីហ្គោហ្ស៊ីន នៅតែរក្សាកម្លាំងប្រយុទ្ធដ៏មានប្រសិទ្ធភាព នៅជុំវិញគាត់ នោះគាត់នឹងបង្ហាញនូវការគំរាមកំហែងម្តងទៀតដល់អ៊ុយក្រែន ខណៈរដ្ឋធានីកៀវរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅជិតបំផុតនឹងបេឡារុស ហើយក៏ជាកន្លែង នៃការចាប់ផ្ដើមសង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោកនាយឧត្ដមសេនីយ៍ ដានណាត បានបញ្ជាក់ ថា «ការវាយប្រហារ មកលើក្រុងកៀវ នឹងប្រព្រឹត្ដទៅបាន ព្រោះរុស្ស៊ី អាចប្រើប្រាស់កម្លាំងទាហានស៊ីឈ្នួល Wagner ដើម្បីដណ្ដើមកាន់កាប់រដ្ឋធានីកៀវ សាជាថ្មី។ រីឯការបះបោររបស់ក្រុមទាហាន Wagner នឹងធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ពិតជាមានការថយចុះឥទ្ធិពលច្រើន ខណៈកម្លាំងយោធារបស់រុស្ស៊ីកំពុងតែជ្រួលច្របល់»។

ប្រទេសរុស្ស៊ី បានបញ្ចប់នូវការដាក់ពង្រាយកងទ័ពរបស់ខ្លួនជាដំបូង សម្រាប់ការពាររដ្ឋធានីមូស្គូ កាលពីថ្ងៃអាទិត្យ ក្រោយពេលកម្លាំងទាហានស៊ីឈ្នួល Wagner បានផ្អាកសកម្មភាព ហើយបានបង្វែរហែក្បួនរបស់ពួកគេ ត្រឡប់ក្រោយ វិលទៅកាន់បន្ទាយរបស់ពួកគេវិញ។ ប៉ុន្ដែមុនដំបូងនោះ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) បានចូលកាន់កាប់ទីបញ្ជាការយោធាដ៏ធំរបស់រុស្ស៊ី នៅ តំបន់រូស្ដូ-អន-ដូន (Rostov-on-Don) ដែលគ្រប់គ្រងលើប្រតិបត្តិការសង្គ្រាម នៅអ៊ុយក្រែន ហើយបានបន្តដំណើរតម្រង់ទិសដៅ ទៅកាន់រដ្ឋធានីមូស្គូ នៅក្នុងគោលបំណងផ្ដួលរំលំលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) ចេញពីតំណែងរដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកឧត្ដមសេនីយ៍ វ៉ាឡេរី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី។ ជាមួយគ្នានេះ កម្លាំងទាហាន Wagner ត្រូវបានរាយការណ៍ អំពីការទម្លាក់ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង និង យន្តហោះយោធារបស់រុស្ស៊ី ផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ នៅក្នុងព្រឹត្តិការណ៍នោះ ក៏គ្មានអ្នកណាម្នាក់មិននឹកស្មានដល់ ថា កម្លាំងទាហានស៊ីឈ្នួល Wagner បានបញ្ឈប់សកម្មភាពរបស់ខ្លួនទៅវិញភ្លាមនោះដែរ។ ប៉ុន្ដែហេតុការណ៍នោះ បានកើតឡើង ក្រោយពេលមានកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួល ពីលោក អាឡិកសានដឺរ លូកាសេនកូ ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន។ រីឯការសម្រេចចិត្តចុងក្រោយ គឺលោក ព្រីហ្គោហ្ស៊ីន បានសម្រេចចិត្ត និរទេសទៅកាន់ប្រទេសបេឡារុស ជាប្រទេសជិតខាងរបស់រុស្ស៊ី ដែលបានគាំទ្រដល់ការឈ្លានពានរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមលោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានឲ្យដឹង ថា កិច្ចព្រមព្រៀងនេះ គឺរាល់ការចោទប្រកាន់របស់ក្រុងមូស្គូ ប្រឆាំងនឹងលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី ពីបទក្បត់ជាតិ សម្រាប់ការបះបោរប្រដាប់អាវុធនេះ ក៏ត្រូវលុបចោលវិញ។ លោក ព្រីហ្គោហ្ស៊ីន ក៏បានដឹកនាំកងកម្លាំងរបស់គាត់ វិលត្រឡប់ទៅជំរំរបស់ខ្លួនវិញ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×