Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនធំៗរបស់ពិភពលោករាប់រយ ចាប់អារម្មណ៍លើការវិនិយោគនៅអ៊ុយក្រែន ក្រោយបញ្ចប់សង្គ្រាម

រដ្ឋធានីកៀវ៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ បាន និង កំពុងតែបំផ្លិចបំផ្លាញ ដល់ប្រទេសជិតខាងរបស់ខ្លួន ដែលធ្លាប់រួមរស់នៅក្រោមឆត្រតែមួយ នាសម័យសហភាពសូវៀត ប៉ុន្ដែឥឡូវ ថ្វីបើអ៊ុយក្រែន កំពុងតែតស៊ូយ៉ាងលំបាកបំផុត វាយប្រហារទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី យ៉ាងណាក្ដី ក៏មានក្រុមហ៊ុនធំៗរបស់លោកខាងលិចរាប់រយ កំពុងតែចាប់អារម្មណ៍ លើការវិនិយោគ នៅក្នុងប្រទេសហែកហួរដោយសារសង្រ្គាម ក្រោយការបញ្ចប់ជម្លោះនេះ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ចេញសារជាវីដេអូ ថា «កិច្ចប្រជុំ នៅក្នុងទីក្រុងឡុងដ៍ (London) ស្ដីអំពីការស្ដារប្រទេសអ៊ុយក្រែនឡើងវិញ បានក្លាយជាព្រឹតិ្ដការណ៍ប្រកបដោយសក្ដានុពលបំផុតមួយ ហើយវាជាជោគជ័យដ៏ធំបំផុត សម្រាប់ប្រទេសរបស់យើង។ ការគាំទ្រពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ក៏ក្លាយជារឿងដ៏សំខាន់បំផុត»។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា «កម្មវិធីគាំទ្រ រយៈពេលវែងជាច្រើន សម្រាប់អនាគត សម្រាប់រយៈពេលជាច្រើនឆ្នាំ នឹងកើតឡើង នាពេលខាងមុខ។ ចំណែកក្រុមហ៊ុនលំដាប់ពិភពលោក និង ក្រុមហ៊ុនធំៗដ៏មានឥទ្ធិពល ចំនួន៥០០ កំពុងតែចាប់អារម្មណ៍ លើការវិនិយោគ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយការបញ្ចប់សង្គ្រាម។ ការគាំទ្ររបស់លោកខាងលិច និង បណ្ដាប្រទេសជាដៃគូទាំងនេះ កំពុងតែបង្ហាញយ៉ាងច្បាស់ អំពីសមាជិកភាព នៃសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ផងដែរ»។

លោក ហ្សេឡែនស្គី មេដឹកនាំក្រុងកៀវ បានបន្ថែម ថា «យើងត្រូវបានគេយល់ឃើញរួចមកហើយ ថា អ៊ុយក្រែន កំពុងតែក្លាយជាសមាជិករបស់សហភាពអឺរ៉ុបខាងនយោបាយ។ ប៉ុន្ដែយើងកំពុងតែធ្វើការ លើយន្តការជាច្រើន សម្រាប់ការរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ី និង បុគ្គលជាច្រើនទៀតជាប់ពាក់ព័ន្ធនឹងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន។ បន្ថែមពីលើនេះ ខ្ញុំសូមអរគុណដល់បណ្ដាប្រទេសលោកខាងលិច និង ដៃគូ ចំពោះការរៀបចំសន្និសីទ និង បានចូលរួមនៅក្នុងការងារដ៏សំខាន់ទាំងនេះ»។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបន្ថែម ថា «កិច្ចប្រជុំដ៏មានអត្ថន័យ នៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ សម្រាប់ថ្ងៃនេះ។ ខ្ញុំបានរាយការណ៍ដាច់ដោយឡែកពីគ្នារួចមកហើយ ហើយខ្ញុំក៏ទើបតែបើកកិច្ចប្រជុំ ជាមួយនឹងអគ្គមេបញ្ជាការកំពូលផងដែរ។ ចំណែកបញ្ហាយុត្តិធម៌ ក្លាយជាចំណុចដ៏សំខាន់បំផុតមួយ សម្រាប់ការពិភាក្សារបស់យើង នៅក្នុងកិច្ចប្រជុំជាមួយនឹងអគ្គមេបញ្ជាការកំពូល»។

សារព័ត៌មាន Financial Times បានរាយការណ៍ ថា ក្រុមមន្ត្រីសហភាពអឺរ៉ុប កំពុងតែគាំទ្រដល់គំនិតផ្ដួចផ្ដើម រឹបអូសទ្រព្យសកម្មរបស់ប្រទេសរុស្ស៊ី ដែលបណ្ដាប្រទេសលោកខាងលិច បង្កទុកជាង២៣០ពាន់លានដុល្លារអាមេរិក យកមកចំណាយលើកិច្ចខិតខំប្រឹងប្រែងសង្រ្គាម និង ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ ដោយឡែក ធនាគារកណ្តាលអឺរ៉ុប បានព្រមានដល់គណៈកម្មការអឺរ៉ុប ប្រឆាំងនឹងវិធានការនេះ ព្រោះសកម្មភាពបែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ ដល់តម្លៃប្រាក់អឺរ៉ូ និង ប៉ះពាល់ដល់ស្ថិរភាពផ្នែកហិរញ្ញវត្ថុថែមទៀតផង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×