រដ្ឋធានីកៀវ៖ សកម្មភាពបះបោរប្រដាប់អាវុធរបស់កម្លាំងទាហានស៊ីឈ្នួលវ៉ាគណឺរ (Wagner Group) ប្រឆាំងនឹងក្រុមមន្រ្ដីយោធាកំពូលៗរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន កំពុងតែធ្វើឲ្យបណ្ដាប្រទេសមហាអំណាចលោកខាងលិច តាមដានសកម្មភាពទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត ខណៈប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់សមភាគីសហរដ្ឋអាមេរិក អំពីការបង្ហាញសញ្ញាមិនល្អ នៃការគ្រប់គ្រង នៅក្នុងប្រទេសរុស្ស៊ី។
សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោក វ៉ូឡូឌីមៀ (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានពិភាក្សាគ្នា តាមទូរស័ព្ទ ជាមួយនឹងសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) អំពីភាពវឹកវរចុងក្រោយបំផុត នៅរុស្ស៊ី និង សកម្មភាពបះបោររបស់កម្លាំងទាហានស៊ីឈ្នួលវ៉ាគណឺរ កំពុងតែបង្ហាញសញ្ញានៃការគ្រប់គ្រងអំណាចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប្រព្រឹត្ដទៅមិនល្អ។

រដ្ឋាភិបាលក្រុងកៀវ បានបញ្ជាក់ ថា មេដឹកនាំទាំង២ បានចេញរំលែក អំពីការវាយតម្លៃរបស់ខ្លួន ជុំវិញការវិវឌ្ឍស្ថានការណ៍ចុងក្រោយបំផុត នៅក្នុងប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ។ បើទោះជាយ៉ាងណា មេដឹកនាំមេដឹកនាំមហាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បានធ្វើការយ៉ាងយកចិត្តទុកដាក់ និង មានការប្រយ័ត្នប្រយែងបំផុត នៅក្នុងការធ្វើអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធជាមួយនឹងបញ្ហាវិបត្ដិដ៏ធ្ងន់ធ្ងរ នាពេលនេះ នៅរុស្ស៊ី។
លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «ព្រឹតិ្ដការណ៍ កាលពីចុងប្ដាហ៍កន្លងទៅថ្មីៗនេះ បានបង្ហាញ អំពីសញ្ញាមិនល្អ នៃរបបគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ ដូច្នេះពិភពលោក ត្រូវតែដាក់សម្ពាធបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី រហូតល្គឹកណា សណ្ដាប់ធ្នាប់របស់ពិភពលោក ត្រូវបានស្ដារឡើងវិញ»។

ទន្ទឹមគ្នានេះ មេដឹកនាំសហរដ្ឋអាមេរិក និង អ៊ុយក្រែន ក៏បានពិភាក្សាគ្នា លើការពង្រីកកិច្ចសហប្រតិបត្ដិការការពារជាតិបន្ថែមទៀត ជាពិសេស បង្កើនជំនួយគ្រឿងសព្វាវុធបាញ់ចម្ងាយ នៅលើសមរភូមិរបស់អ៊ុយក្រែន។
ជាមួយគ្នានេះ សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ប្រមុខរដ្ឋទាំង២ បានពិភាក្សាគ្នា អំពីព្រឹត្ដិការណ៍ថ្មីៗ កំពុងតែកើតមានឡើង នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្ដែមន្រ្ដីសហរដ្ឋអាមេរិក មិនបានផ្ដល់ព័ត៌មានលម្អិតនោះឡើយ។ រីឯសេតវិមាន គ្រាន់តែបានបញ្ជាក់ ថា មេដឹកនាំទាំង២ បានពិភាក្សាគ្នា អំពីការវាយបករបស់អ៊ុយក្រែន ដែលកំពុងតែបន្ដ។ ចំណែកសហរដ្ឋអាមេរិក បានអះអាងជាថ្មី អពីកិច្ចគាំទ្ររបស់ក្រុងមូស្គូ ជួយដល់ក្រុងកៀវ ដោយរាប់បញ្ចូលទាំងការបន្ដផ្ដល់ជំនួយសន្ដិសុខ សេដ្ឋកិច្ច និង មនុស្សធម៌។
លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាគណឺរ (Wagner) បានបង្កឱ្យមានវិបត្តិនយោបាយ នៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់រុស្ស៊ី តាមរយៈការបះបោរប្រដាប់អាវុធរបស់គាត់។ ថៅកែទាហានឯកជនរូបនេះ កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានសន្យាផ្តួលរំលំលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកឧត្ដមសេនីយ៍ វ៉ាឡេរី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ចេញពីតំណែង។ ស្របគ្នានេះ កម្លាំងទាហានឯកជនវ៉ាគណឺរ (Wagner) ក៏បានអះអាង អំពីការទម្លាក់ឧទ្ធម្ភាគចក្រ និង យន្តហោះយោធារបស់រុស្ស៊ី ជាច្រើនគ្រឿងផងដែរ។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បានណែនាំដល់កម្លាំងទាហានស៊ីឈ្នួលរបស់គាត់ ឱ្យដណ្តើមកាន់កាប់ទីបញ្ជាការយោធាដ៏ធំរបស់រុស្ស៊ី នៅតំបន់រូស្ដូ-អន-ដូន (Rostov-on-Don) សម្រាប់ប្រតិបត្តិការសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន មុននឹងចាប់ផ្តើមការហែក្បួនទ័ព ឆ្ពោះទៅកាន់ទីក្រុងមូស្គូ។ លុះក្រោយមក គាត់បានបញ្ជាឱ្យកងទ័ពរបស់គាត់ ផ្លាស់ប្តូរទិសដៅ វិលត្រឡប់ចូលបន្ទាយវិញ ដោយមិននឹកស្មានដល់ ក្រោយពេលមានកិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ក្រោមការសម្របសម្រួលពីប្រធានាធិបតីបេឡារុស លោក អាឡិចសានដឺរ លូកាសែនកូ (Alexander Lukashenko)។ ការបះបោរនេះ បានធ្វើឱ្យមនុស្សជាច្រើន នៅទូទាំងប្រទេសរុស្ស៊ី និង ពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្ដែវាបានបញ្ចប់ទៅវិញ ដោយគ្មានការបង្ហូរឈាមដាក់គ្នា៕ រក្សាសិទ្ធដោយ ៖ សារាយSN








