Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុបអះអាង ពីអស្ថិរភាពនៅរុស្ស៊ី បង្កឡើងដោយទាហានស៊ីឈ្នួល

រាជធានីប្រ៊ុចសែលស៍៖ បណ្ដាប្រទេសបស្ចិមលោក មានការប្រុងប្រយ័ត្នខ្លាំងបំផុត នៅក្នុងការធ្វើអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងព្រឹត្ដិការណ៍ផ្ទុះឡើង នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្ដែក្រុមរដ្ឋមន្រ្ដីសហភាពអឺរ៉ុប បានយល់ឃើញ អំពីអស្ថិរភាព នៅក្នុងប្រទេសមហាអំណាចយោធាមួយនេះ។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា ក្រុមរដ្ឋមន្រ្ដីក្រសួងការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់ ថា ការបះបោរមិនបានជោគជ័យរបស់កម្លាំងទាហានស៊ីឈ្នួល Wagner កាលពីចុងសប្ដាហ៍មុន ទើបនឹងកន្លងទៅនេះ កំពុងតែបង្កអស្ថិរភាព នៅក្នុងស្រុក ហើយវាបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសមហាអំណាចយោធារបស់រុស្ស៊ី ផងដែរ។

លោក ចូសេហ្វ ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានប្រាប់ដល់អ្នកកាសែត នៅក្នុងប្រទេសលូហ្សាំបួរ (Luxembourg) ខណៈគាត់បានមកចូលរួមកិច្ចប្រជុំ ជាមួយនឹងក្រុមរដ្ឋមន្រ្ដី មកពីប្រទេសចំនួន២៧ នៃប្លុកសេរីមួយនេះ ថា «ប្រព័ន្ធនយោបាយ តែកំពុងបង្ហាញ អំពីភាពផុយស្រួយ ហើយប្រទេសអំណាចយោធាមួយនេះ កំពុងតែបង្ហាញអំពីសញ្ញាប្រេះឆា ផងដែរ»។

លោកប្រធានគោលនយោបាយសហភាពអឺរ៉ុបរូបនេះ បានបញ្ជាក់ ថា «វាជារឿងមិនល្អមើលនោះទេ សម្រាប់ប្រទេសមហាអំណាចនុយក្លេអ៊ែរ ដូចជា ប្រទេសរុស្ស៊ី បានឈានដល់ដំណាក់កាលអស្ថិរភាពនោះ។ នេះជាពេលវេលាមួយ សម្រាប់សហភាពអឺរ៉ុប ត្រូវតែបន្ដជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន ឲ្យកាន់តែច្រើនឡើង បន្ថែមទៀត»។

លោក ចូសេហ្វ ប័ររ៉ែល បានសង្កត់ធ្ងន់ ថា «វាជារឿងចម្លែកខ្លាំងណាស់ ត្រង់ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអនុញ្ញាតឲ្យមានការបង្កើតក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់រុស្ស៊ី។ ប៉ុន្ដែក្រុមទាហានទាំងនោះ ភាគច្រើនត្រូវបានជ្រើសរើស ចេញពីអតីតអ្នកទោស ឬ ឧក្រិដ្ឋជនកំពុងតែជាប់ទោសទណ្ឌ ពីបទឧក្រិដ្ឋផ្សេងៗ កំពុងតែងាក មកខាំគាត់វិញ។ កម្លាំងទាហានស៊ីឈ្នួលទាំងនេះ កំពុងតែធ្វើសកម្មភាព បកក្បាល វិលមកប្រឆាំងនឹងរូបពូទីន ជាអ្នកបង្កើតរបស់ក្រុមនេះវិញ»។

ស្របគ្នានេះដែរ លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ ក៏បានប្រាប់ដល់ក្រុមអ្នកកាសែត នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីទុយអានី ថា «ព្រឹត្តិការណ៍ នៅចុងសប្តាហ៍មុនទើបនឹងកន្លងទៅនេះ ជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី។ ប៉ុន្ដែវាក៏ជាការបង្ហាញសញ្ញាមួយផ្សេងទៀត សម្រាប់កំហុសឆ្គងជាយុទ្ធសាស្រ្តដ៏ធំ ក្រោយពេលលោកប្រធានាធិបតី ពូទីន បានដាក់បញ្ចូលឧបសម្ព័ន្ធឧបទ្វីបគ្រីមៀ (Crimea)របស់អ៊ុយក្រែន ជាទឹកដីរបស់ខ្លួន ដោយខុសច្បាប់ និង សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ឥឡូវបណ្ដាប្រទេសជាសម្ពន្ធមិត្ត ក៏កំពុងតែតាមដានស្ថានការណ៍ នៅក្នុងប្រទេសបេឡារុស និង ការធានារបស់អង្គការណាតូ នៅតែបន្ដ ជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន។

ទន្ទឹមគ្នានេះដែរ លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដី ក្រសួងការពារជាតិចក្រភពអង់គ្លេស បានថ្លែងទៅកាន់រដ្ឋសភារបស់អង់គ្លេស ថា ការផ្គត់ផ្គង់មីស៊ីលបាញ់ចម្ងាយឆ្ងាយ Storm Shadow (ស្ដមសាដូ) ពីរដ្ឋាភិបាលក្រុងឡុងដ៍ ក៏កំពុងតែមានឥទ្ធិពលដ៏ខ្លាំងក្លាបំផុត នៅលើសមរភូមិ នៃសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×