ភ្នំពេញ៖ សក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្នុងអត្រាកំណើន ៣% និង ៥,២ % នៅឆ្នាំ ២០២១ និងឆ្នាំ ២០២២រៀងគ្នា ដែលបន្តគាំទ្រដោយតម្រូវការខាងក្រៅ និងទ្រទ្រង់ដល់កំណើនវិស័យឧស្សាហកម្មកាត់ដេរ និងកម្មន្តសាល ខណៈពិភពលោកកំពុងប្រឈមបញ្ហាជាច្រើន។

កម្ពុជា មានវិស័យនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ជាអ្នកនាំមុខ ដែលធ្វើឲ្យសេដ្ឋកិច្ចរក្សាបានកំណើនជាមធ្យមចំនួន ៧,៧ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេសដែលសេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយ មុននឹងមានផ្ទុះជំងឺកូវីដ-១៩រាតត្បាតទូទាំងសាកលលោក ប្រទេសកម្ពុជាមានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។
ប៉ុន្តែជាអកុសល ក្នុងឆ្នាំ២០២០ វិបត្តិជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើផ្នែកធំៗទាំងបីនៃសេដ្ឋកិច្ចរបស់កម្ពុជា គឺវិស័យទេសចរណ៍ វិស័យសំណង់ និងការនាំចេញនៃកម្មន្តកម្ម។ វិស័យទាំងបីនេះ រួមគ្នាមានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ការងារបានចំនួន ៣៩ភាគរយនៃការងារមានប្រាក់ឈ្នួលទាំងអស់ក្នុងប្រទេស នៅក្នុងឆ្នាំ ២០១៩។ នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១ភាគរយ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតតាំងពីឆ្នាំ ១៩៩៤មក។
នៅឆ្នាំ ២០២៣នេះ GDP របស់ប្រទេសកម្ពុជា ត្រូវបានស្ថាប័នមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ព្យាករថា នឹងមានកំណើនយ៉ាងស្វាហាប់ ៥,៨% ដែលជាសន្ទុះកំណើនខ្ពស់បំផុតលំដាប់ថ្នាក់ទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទី ១៤នៅទូទាំងពិភពលោក។
សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងនៅតែបន្តមានកំណើនរឹងមាំល្អ ដោយមានការទ្រទ្រង់យ៉ាងស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងការកើនឡើងនៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ទៅលើគម្រោងនៅហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផសមុទ្រ អាកាសយានដ្ឋាន និងផ្លូវជាដើម។
គួរបញ្ជាក់ថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តការខិតខំកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា៕