រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្ដាមេដឹកនាំមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត បានតាមដានយ៉ាងយកចិត្តទុកដាក់ និង ធ្វើការយ៉ាងប្រុងប្រយ័ត្នបំផុត ពាក់ព័ន្ធនឹងការបះបោរដោយប្រដាប់អាវុធរបស់កម្លាំងទាហានស៊ីឈ្នួល Wagner នៅក្នុងប្រទេសរុស្ស៊ី ហើយក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ អំពីគោលជំហររបស់ខ្លួន ដល់ក្រុងមូស្គូ ដើម្បីឲ្យមានទំនុកចិត្ត។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ កាលពីរាត្រី ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានទាក់ទងដោយផ្ទាល់ ទៅកាន់ក្រុងមូស្គូ នៅក្នុងអំឡុងពេលមានការបះបោរពីកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា។ សហរដ្ឋអាមេរិក ចង់ប្រាប់ដល់ភាគីរុស្ស៊ី ឲ្យបានដឹងច្បាស់ ថា ក្រុងវ៉ាស៊ីនតោន មិនជាប់ពាក់ព័ន្ធនឹងវិបត្ដិដ៏ធំចុងក្រោយបំផុត នៅរុស្ស៊ី នោះឡើយ។
លោក ម៉ាធូ មីលល័រ (Matthew Miller) អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកកាសែត ថា លោកស្រី លីនណេ ត្រាស៊ី (Lynne Tracy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីងមូស្គូ និង ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានទាក់ទងទៅកាន់ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភិបាលក្រុងមូស្គូ ដោយបានបញ្ជាក់យ៉ាងច្បាស់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ថា «សហរដ្ឋអាមេរិក មិនមានការជាប់ពាក់ព័ន្ធណាមួយ ជាមួយនឹងសកម្មភាពបះបោររបស់កម្លាំងទាហានឯកជនវ៉ាគណឺរ ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន» នោះឡើយ។

លោកស្រី លីនណេ ត្រាស៊ី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «បញ្ហាបំផុត យើងរំពឹង ថា រុស្ស៊ី នឹងរក្សាកាតព្វកិច្ចរបស់ខ្លួន នៅក្នុងកាតព្វកិច្ច ការពារស្ថានទូតរបស់យើង និងការពារបុគ្គលិកការទូត ស្ថិតក្នុងរដ្ឋធានីមូស្គូ និង ដើម្បីបញ្ជាក់ឡើងវិញនូវអ្វីដែលយើងបាននិយាយជាសាធារណៈ ថា នេះជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ដែលបានកើតឡើង នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្ដែសហរដ្ឋអាមេរិក មិនពាក់ព័ន្ធនឹងព្រឹត្ដិការណ៍បះបោរប្រដាប់អាវុធនេះទេ»៕ រក្សាសិទ្ធដោយ ៖ សារាយSN





















