រាជធានីបាងកក៖ រហូតមកដល់ពេលនេះ សម្ពន្ធភាពគណបក្សប្រឆាំង ចំនួន៨ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ នៅតែមិនទាន់មានអាសនៈគ្រប់គ្រាន់ តាមច្បាប់កំណត់ យ៉ាងតិចចំនួន ៣៧៦នាក់ នៅក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់ ស្របពេលក្រុមអ្នកគាំទ្រដល់គណបក្សឆ្ពោះទៅមុខ កំពុងតែបង្កើនសម្ពាធដល់ព្រឹទ្ធសភា ជំរុញឲ្យបោះឆ្នោតគាំទ្រ ដល់មេបក្សរបស់ពួកគេ ទើបលោក អាកានីត បានអះអាង អំពីបេក្ខជនជាច្រើន អាចនឹងត្រូវតែងតាំង សម្រាប់សម័យប្រជុំជ្រើសតាំងតំណែងនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ។

សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា សមាជិកព្រឹទ្ធសភាថៃ លោក អាកានីត មួនសាវ៉ាដ (Akanit Muensawad) បានបញ្ជាក់ ថា ឈ្មោះជាច្រើនទៀត អាចនឹងតែងតាំង សម្រាប់សម័យប្រជុំសភា ជ្រើសរើសនាយករដ្ឋមន្រ្ដីបន្ទាប់ ក្រៅពីលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP។
លោកឧត្ដមសេនីយ៍ អាកានីត ជាសមាជិកសភា រូបនេះ បានបន្ថែម ថា ឥឡូវនេះ គាត់កំពុងតែឆ្លើយតបទៅនឹងសម្ពាធ កាន់តែខ្លាំងឡើង មកពីក្រុមអ្នកគាំទ្ររបស់គណបក្ស MFP សម្រាប់ការជំរុញដល់សមាជិកព្រឹទ្ធសភា ឲ្យបោះឆ្នោតគាំទ្រដល់បេក្ខភាពរបស់មេបក្សឆ្ពោះទៅមុខ ភីថា លីមចារឿនរ៉ាត ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ ប៉ុន្ដែបេក្ខជនជាច្រើន អាចនឹងត្រូវតែងតាំង នៅក្នុងសម័យប្រជុំរបស់សភា សម្រាប់ជ្រើសរើសនាយករដ្ឋមន្រ្ដី។ ទន្ទឹមគ្នានេះ សមាជិកព្រឹទ្ធសភា ក៏មានសិទ្ធិបោះឆ្នោត គាំទ្រដល់បេក្ខជនណាម្នាក់ ត្រូវបានពួកគេចាត់ទុក ជាជម្រើសដ៏ស័ក្ដិសមបំផុត ទាំងសីលធម៌ និង សមត្ថភាព ផងដែរ។

សមាជិកព្រឹទ្ធសភាថៃ រូបនេះ បានបន្ដ ថា «ជាការពិតណាស់ ពួកគេ គួរតែប្រមូលសំឡេងគាំទ្រឲ្យបានច្រើនតាមច្បាប់កំណត់ យ៉ាងតិច ចំនួន៣៧៦ ពីក្នុងចំណោមសមាជិកសភា ជាមុន។ ប្រសិនបើពួកគេធ្វើដូច្នេះបានហើយ ក៏មិនត្រូវចាំបាច់ខ្វាយខ្វល់ ជាមួយនឹងព្រឹទ្ធសភា ថា បោះឲ្យ ឬ មិនបោះឲ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយរដ្ឋមន្រ្ដីថ្មីនោះដែរ។ នេះជាការឆ្លើយតបទៅនឹងការរំពឹងទុក អំពីការស្ដីបន្ទាសរបស់ក្រុមអ្នកគាំទ្ររបស់គណបក្សឆ្ពោះទៅមុខ (MFP) មកលើព្រឹទ្ធសភា អាចនឹងកើតឡើង នៅក្នុងព្រឹត្តិការណ៍ ថា ប្រធានគណបក្ស MFP លោក ភីថា បានទទួលសំឡេងគាំទ្រតិចជាង ៣៧៦ តាមច្បាប់កំណត់ សម្រាប់ជ្រើសរើសនាយករដ្ឋមន្រ្ដី និង ការបង្កើតរដ្ឋាភិបាលថ្មី។
លោកឧត្ដមសេនីយ៍ ជាសមាជិកព្រឹទ្ធសភាថៃ បានបន្ដ ថា «អស់អ្នក អាចនឹងបង្កើតរដ្ឋាភិបាលថ្មីបាន ប្រសិនបើអស់អ្នកបានទទួលអាសនៈ ចំនួន៣៧៦សំឡេង ចាប់តាំងពីដំបូងមក។ តើអស់អ្នកអាចធ្វើបានទេ ហើយតើវាជាកំហុសរបស់ព្រឹទ្ធសភា ឬ?»។

បញ្ហាឧបសគ្គដ៏ធំបំផុត សម្រាប់លោក ភីថា នៅត្រង់ ថា គណបក្សឆ្ពោះទៅមុខ នៅតែមានចេតនា ចង់ធ្វើវិសោធនកម្ម លើមាត្រា១១២ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រ ទើបមិនទទួលបានការគាំទ្រ មកពីសមាជិកព្រឹទ្ធសភា ដែលជាក្រុមអភិរក្សនិយម។
ពាក់ព័ន្ធទៅនឹងសំណួរ ចោទសួរអំពីគោលនយោបាយកំណែទម្រង់ លើកងកម្លាំងប្រដាប់អាវុធរបស់គណបក្សឆ្ពោះទៅមុខ នោះ លោកឧត្តមសេនីយ៍ អាកានីត បានអះអាង ថា គាត់សូមគាំទ្រដល់កំណែទម្រង់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយតម្រូវឲ្យអនុវត្ត តាមកងកម្លាំងប្រដាប់អាវុធខ្លួនឯង មិនមែនជាកំណែទម្រង់ ត្រូវបានស្នើឡើង ពីគណបក្សឆ្ពោះទៅមុខ នោះទេ។
ទន្ទឹមគ្នានេះ លោកឧត្ដមសេនីយ៍ បានចោទប្រកាន់ ដល់គណបក្សឆ្ពោះទៅមុខ ថា លោក ភីថា កំពុងតែចម្លងរចនាសម្ព័ន្ធ នៃអង្គភាពរបស់យោធាសហរដ្ឋអាមេរិក មកធ្វើជាគំរូ សម្រាប់ការធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធថៃ ត្រូវបានស្នើឡើង ដោយគណបក្សឈ្នះឆ្នោតមួយនេះ។ ប៉ុន្ដែបើតាមមតិរបស់លោកឧត្ដមសេនីយ៍ ចង់បង្ហាញ ថា គាត់ចង់ឲ្យមានកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ត្រូវបានលើកសំណើ ដោយកងទ័ពតែម្ដង។
លោក ចាត ស៊ីរ៉ាថារ៉ាណុន (Jate Siratharanont) សមាជិកព្រឹទ្ធសភា ក៏បានបញ្ជាក់ ថា សមាជិកព្រឹទ្ធសភាមួយចំនួន បានបិទទ្វារ លើកិច្ចពិភាក្សា អាចធ្វើជាមួយគណបក្សឆ្ពោះទៅមុខ ស្របពេលគណបក្សឈ្នះឆ្នោតមួយនេះ កំពុងតែស្វែងរកនូវការគាំទ្រ មកពីសមាជិកព្រឹទ្ធសភា សម្រាប់បេក្ខភាពរបស់លោក ភីថា សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕រក្សាសិទ្ធដោយ ៖ សារាយSN








