រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរបំផុត ក្រោយការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ប៉ុន្ដែឥឡូវនេះ មានសេចក្ដីរាយការណ៍ អំពីកម្លាំងប្រដាប់អាវុធរបស់របបសឹក នៃប្រទេសអាស៊ានមួយនេះ បានសម្លាប់មនុស្ស កើនដល់ជាង៤ពាន់នាក់ និង បានដើរដុតផ្ទះសម្បែងរបស់ជនស៊ីវិល ជាង៧ម៉ឺនខ្នង។

សារព័ត៌មានរបស់ភូមា The Irrawaddy (ឌឺ អ៊ីរ៉ាវ៉ាដឌី) បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា អំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស កើនឡើងជាង៤ពាន់នាក់ ហើយកងទ័ព នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដុតផ្ទះសម្បែងរបស់ប្រជាចន ចំនួន ៧០ ៣២៤ខ្នង ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ចុងខែឧសភា ឆ្នាំ២០២៣ នៅក្នុងរដ្ឋចំនួន១៣ និង តំបន់ចំនួន១៤ នៃប្រទេសអាស៊ានមួយនេះ។ នេះបើយោងតាមរបាយការណ៍ ត្រូវបានចេញផ្សាយ ដោយទិន្នន័យ សម្រាប់ប្រទេសមីយ៉ាន់ម៉ា។
អំពើរដ្ឋប្រហារយោធា បានដឹកនាំដោយលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បាន និង កំពុងតែរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។ វិបត្ដិដ៏ធ្ងន់ធ្ងរ បានបង្កឡើង ដោយការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល បាននាំឲ្យមានការតវ៉ាប្រឆាំង ហើយពួកយោធា បានបង្ក្រាបយ៉ាងឃោរឃៅបំផុត រហូតឈានដល់ការងើបបះបោរ ដោយកម្លាំងប្រដាប់អាវុធ ពីជនស៊ីវិល។ នៅតាមបណ្ដារដ្ឋជាច្រើន តែងតែមានការវាយប្រយុទ្ធគ្នាជាញឹកញាប់ រវាងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និង ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ មានជាអាទិ៍ ជនជាតិភាគតិច និង រដ្ឋាភិបាលស្រមោល ត្រូវបានបង្កើតឡើង ដោយតំណាងរាស្រ្ដ ត្រូវបណ្ដេញចេញពីអំណាច។

បន្ថែមពីលើវិបត្ដិដ៏ធ្ងន់ធ្ងរនោះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើព្រងើយកន្ដើយ ចំពោះការអំពាវនាវរបស់សហគមន៍អន្ដរជាតិ ប្រឆាំងនឹងការកាត់ទោសប្រហារជីវិត មកលើសកម្មជន គាំទ្រលទ្ធប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ រួមមាន លោក កូ ជីមមី (Ko Jimmy) និង លោក កូភីវ ហ្សេយ៉ា ថៅ (Ko Phyo Zeya Thaw)។
សមាគមជំនួយការអ្នកទោសនយោបាយ ហៅកាត់ AAPP បានបញ្ចេញរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី២៦ ខែមិថុនា ថា រដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននាំឲ្យមមានការចាប់ខ្លួនមនុស្សចំនួន២៣ ៥៩៨នាក់ ហើយក្នុងនោះមានជនរងគ្រោះ ចំនួន១៩ ២៥២នាក់ កំពុងតែស្ថិតក្នុងការឃុំឃាំង ខណៈជនរងគ្រោះចំនួន ៤ ៣៤៦នាក់ ផ្សេងទៀត ត្រូវបានគេសម្លាប់ចោល៕ រក្សាសិទ្ធដោយ ៖ សារាយSN










